Connect with us

Hi, what are you looking for?

អន្តរជាតិ

ទប់ស្កាតការឆ្លងរាលដាល ចិនសម្រេច កាត់ផ្តាច់ ចរាចរណ៍​តភ្ជាប់ទីក្រុង វូហាន

ក្រោយមានករណីស្លាប់ដោយសារជំងឺ​ រលាក់សួត​ប្រភេទថ្មី​​កើនឡើងដល់ជិត​២០នាក់ រដ្ឋាភិបាលចិនបានសម្រេច ចិនផ្អាកជើងហោះហើរ និងរថភ្លើងពីទីក្រុង វូហា ដើម្បីទប់ស្កាត់ការឆ្លងរាលដាល​។​ សកម្មភាពខាងលើ​ប៉ះពាល់យ៉ាងខ្លាំងដល់ពលរដ្ឋចិន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណី​ចូលមកដល់។


ករណីជំងឺ​កូរូណា​វីរូស ឬជំងឺរលាកសួតប្រភេទថ្មី​​​ ដែលផ្ទុះឡើង​នៅក្នុងទឹកដីចិន​នោះ ហើយរហូតមកដល់ពេលនេះ​បានសម្លាប់មនុស្ស​កើន១៧នាក់ ខណៈរដ្ឋាភិបាលប្រកាសផ្អាកជើងហោះហើរ ការដឹកជញ្ជូន​តាមរថភ្លើង​ ក៏ដូច​ការដឹកជញ្ជូន​សាធារណៈដទៃផ្សេងទៀត​ចេញ ចូលទៅកាន់ទីក្រុងវូហាន ទីដែលជំងឺបានផ្ទុះឡើងដំបូង​គេ និងកំពុងតែឆ្លងរាលដាល​យ៉ាងឆាប់រហ័ស ។
ប្រព័ន្ធផ្សព្វផ្សាយ​របស់រដ្ឋចិន​​​បានផ្សាយថា អាជ្ញាធរ​ចិន​បានប្រកាស​ឲ្យផ្អាក​សកម្មភាព​​ហោះហើរ ការដឹកជញ្ជូនតាមរថភ្លើង និងការដឹកជញ្ជូនសាធារណៈ​ ទាំងរយៈចម្ងាយខ្លី និងរយៈចម្ងាយ​​ទាំងអស់ចេញ​ពីទីក្រុង​វូហាន​ ភាគកណ្តាល​របស់ចិន​ចាប់ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ តរហូតទៅ និងទាល់តែ​មានសេចក្តី​ជូនដំណឹង​បន្ថែមចុង​ក្រោយ ខណៈដែល​ក្រុមអាជ្ញាធរ​សុខាភិបាល ក្រុមគ្រូពេទ្យ​បាននិងកំពុង​រិះរកវិធី​ធ្វើយ៉ាង​ណាបង្ការជំងឺ​នេះ​កុំឲ្យឆ្លងរាលដាល​កាន់តែទ្រង់ទ្រាយធំ ។
ទីក្រុងវូហាន ខេត្ត ហូប៊ី របស់ចិនមានប្រជាជនរស់នៅប្រហែល​១១លាននាក់ ។ រហូតមកដល់ពេលនេះជំងឺ​បានសម្លាប់មនុស្ស​អស់​១៧នាក់ ខណៈដែលជាង​៥០០នាក់ទៀតបានឆ្លង​រាលដាល ។ មន្ត្រីសុខាភិបាលចិន​អះអាងថា ជំងឺនេះ​អាចឆ្លងពីមនុស្ស​ទៅមនុស្ស​តាមរយៈ​ខ្យល់ដង្ហើម ។ អង្គការសុខភាពពិភពលោក WHO បានបញ្ជាក់ថា កំពុងពិចារណា​ថា តើត្រូវប្រកាសអាសន្នដែរឬយ៉ាងណា​ទៅលើជំងឺរលាកសួតប្រភេទថ្មី​​ដែលផ្ទុះឡើងនៅចិន​នេះ ។
គួរបញ្ជាក់ថា បើតាមប្រភពព័ត៌មាន​បានផ្សាយថា ជំងឺរលាកសួតប្រភេទថ្មីនេះ ត្រូវជំនាញកត់សម្គាល់ថា ប្រៀបប្រដូចទៅនឹងវីរុស SARS អឺចឹងដែរ វាមានលក្ខណៈផ្តាសាយធម្មតា រហូតឈានដល់ផ្តាសាយធ្ងន់ធ្ងរ ពិបាកដកដង្ហើម ហើយទីបំផុតអ្នកជំងឺ​ត្រូវបាត់បង់ជីវិតតែម្តង ។

ជំងឺ​កូរូណាវីរុស (coronavirus)នេះ​ បានរាលដាល​ចេញទៅខាងក្រៅ​ទីក្រុងវូហាន ខេត្ត ហូប៊ី និងឆ្លងទៅតាមខេត្ត និងទីក្រុងមួយចំនួនរបស់ប្រទេសចិន ហើយជាពិសេស​បានឆ្លងដល់ប្រទេស​ខាងក្រៅទៀតដូចជា​នៅ​ប្រទេសថៃ​ឆ្លង​៤ករណី, ប្រទេសជប៉ុន១ករណី, ម៉ាកៅ១ករណី, កូរ៉េខាងត្បូង​១ករណី, តៃវ៉ាន់១ករណី និងនៅសហរដ្ឋអាមេរិក១ករណីផងដែរ ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន