Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ករណីបាក់អគារកម្ពស់៧ជាន់ នៅខេត្តកែប រកឃើញជនរងគ្រោះសរុប ៤៦នាក់ អ្នកស្លាប់កើនឡើង២៣នាក់

(កែប) ៖ រដ្ឋបាលខេត្តកែប បានចេញសេចក្តីប្រកាសឲ្យដឹងថា គិតត្រឹម៨និង៥០នាទីព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកសង្រ្គោះ បានកាយរកឃើញ ជនរងគ្រោះ សរុបទាំងអស់៤៦នាក់ ចេញពីគំនរអគារនៅខេត្តកែប ក្នុងនោះមានជនរងគ្រោះ ស្លាប់២៣នាក់បានស្លាប់ រងបួស២៣នាក់ ខណៈការរុករកកំពុងបន្តយ៉ាងសកម្ម ដើម្បីរកអ្នកផ្សេងៗទៀតដែលកប់នៅក្នុងគំនរអគារនោះ។

សូមបញ្ជាក់ថា អគារបាក់រលំនេះ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំនៅវេលាម៉ោងប្រមាណ ៤និង៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ។

អគាររលំបាក់នេះធ្លាប់ត្រូវបានមន្រ្តីជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឃើញថា បានសាងសង់ខុសពីលិខិតអនុញ្ញាត កាលពីជិត១ខែមុន។ សំណង់អគារនេះម្ចាស់សំណង់ ឯក សារុន (ប្តី) និង ឈីវ សុធី (ប្រពន្ធ) មានលំនៅបច្ចុប្បន្នភូមិ ១ សង្កាត់៣ ក្រុងព្រះសីហនុ បានបើកការសាងសង់នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។

រហូតដល់ពេលនេះ ម្ចាស់ការរដ្ឋានសំណង់អគារដែលបាក់រលំនៅខេត្តកែប កំពុងស្ថិតនៅក្រោមការសាកសួររបស់មន្ត្រីមានសមត្ថកិច្ច ក្រោមការដឹកនាំដោយ តំណាងអយ្យការ នៅស្នងការដ្ឋាននគរបាលខេត្តកែបផងដែរ។   

ក្នុងសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តកែប ក៏បានលេខទូរស័ព្ទ សម្រាប់លោក លោកស្រី បាត់បងប្អូនសាច់ញាតិ សង្ស័យមានគ្រោះថ្នាក់ក្នុង ឧបទ្ទវហេតុនេះ សូមធ្វើការទំនាក់ទំនងសាកសួរព័ត៌មានតាមរយៈលេខទូរស័ព្ទ ០៩៧ ៨៦០ ៨៨៨ ឬ ០៩៦ ៣៤៨២ ១៦៨ ដើម្បីទទួលព័ត៌មានលម្អិត ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន