Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ប្រយ័ត្ន​ទៅ​! អ្នកលក់​ម៉ាស់​ឡើងថ្លៃ អាច​ជាប់ពន្ធនាគារ​ចាប់ពី ៦​ថ្ងៃ ដល់​៥​ឆ្នាំ​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល សូម​អំពាវនាវ​អ្នក​ដែល​លក់​ម៉ាស់ (mask) ទាំងអស់ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សូម​ចូលរួម​ទប់ស្កាត់​ការចម្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី (2019-nCoV) ដោយ​សុំ​កុំ​តម្លើងថ្លៃ​ម៉ាស់ ទុក​លទ្ធភាព​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ដែលមាន​តម្រូវ​ការប្រើ​ម៉ាស់ អាច​ទិញ​ប្រើ​បាន​ផង ដើម្បី​ជា​កិច្ច​ចូលរួម​ការពារ​សុខភាព​ផ្ទាល់ខ្លួន​លើ​ការចម្លង​ជំងឺ​នេះ និង​ជា​បុណ្យ​កុសល​សម្រាប់​លោកអ្នក​ជា​អ្នកលក់​ម៉ាស់​នេះ​ផង​។

​ទន្ទឹមនឹងនោះ សូម​បងប្អូន​ប្រជាពលរដ្ឋ​យល់​ដឹងថា ប្រសិនបើ​មិនមាន​ម៉ាស់​ទេនោះ ក៏​អាច​ប្រើ​កន្សែង ឫ​ក្រដាស​ជូត​មាត់ សម្រាប់​ទប់មាត់​នៅពេល​ក្អក​កណ្តា​ស់បាន ហើយ​ត្រូវ​លាងដៃ​ភ្លាម​ក្រោយពេល​ក្អក​កណ្តាស់​ជាមួយ​សាប៊ូ​និង​ទឹកស្អាត​។

​ខណៈ​មាន​អ្នកលក់​ម៉ាស់​មួយចំនួន តំឡើងថ្លៃ​ខុសពី​ធម្មតា ក្រោយ​ពលរដ្ឋ​សម្រុក​ទិញ​ពាក់ ដើម្បី​ការពារ​ជំងឺ រលាក​សួត​ប្រភេទ​ថ្មី បង្កឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា ឯកឧត្តម ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែងថា ប្រសិនបើ​អ្នកលក់​ម៉ាស់ (mask) នៅ​កម្ពុជ​ឡើងថ្លៃ នឹង​ជាប់​បទមជ្ឈិម គឺជា​ប្រភេទ​បទល្មើស ដែល​កម្រិត​ទោស​អតិបរមា គឺជា​ទោស​ជាប់ពន្ធនាគារ ចាប់ពី ៦​ថ្ងៃ ដល់​៥​ឆ្នាំ​។​

​ឯកឧត្តម ផៃ ស៊ី​ផាន ថ្លែង​បែបនេះ ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី «​វឌ្ឍនភាព​ក្រសួងបរិស្ថាន និង​បច្ចុប្បន្នភាព​នៃ​ស្ថានភាព គុណភាព​ខ្យល់​នៅ​កម្ពុជា​» នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០ ។

​សូម​រំលឹកថា ក្រសួងសុខាភិបាល ចែក​ម៉ាស​ចំនួន​១​លាន​ម៉ាស់ នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​ការពារ ចំពោះ​ការឆ្លង​ជំងឺ​រលាក​សួត ដែល​បង្កឡើង​ដោយ​វីរុស កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​។ យោងតាម​សារព័ត៌មាន​របស់​ចិន បានចេញ​ផ្សាយ​នៅថ្ងៃទី​២៧ មករា នេះ បាន​ឲ្យ​ដឹងថា ជំងឺ​រលាក​សួត ចម្លង​ដោយ​វីរុស​កូ​រ៉ូ​ណា ប្រភេទ​ថ្មី បានសម្លាប់​មនុស្ស​កើន ដល់​៨០​នាក់ ចំណែក​អ្នក​ឆ្លង​វីរុស​ដ៏​សាហាវ​នេះ នៅ​ប្រទេស​ចិន បាន​កើនឡើង​រហូតដល់​២៧៦១​នាក់ ខណៈ ប្រមាណ​៣៧​ករណី​ផ្សេងទៀត នៅតាម​បណ្តា​ប្រទេស​មួយចំនួន​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...