Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល​ប្រកាស​ពី​វត្ត​មាន​វីរុសកូរ៉ូណា​នៅ​កម្ពុជា

ក្រសួងសុខាភិបាល បានប្រកាស​ជា​ផ្លូវ​ការ​នៅ​យប់​ថ្ងៃទី២៧ មករា នេះ​ថា ខ្លួន​បានរក​ឃើញថា គិតត្រឹមល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ខ្លួន​បានរកឃើញករណីជំងឺផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា នៅលើជនជាតិចិនម្នាក់ ដែលចាកចេញពីទីក្រុង វូហាន ប្រទេសចិន ចូលមកកាន់ប្រទេសកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិខេត្ត​ព្រះសីហនុ។

លោក ម៉ម ប៊ុនហេង ថ្លែងនៅក្នុងសន្និសីទកាសែតថា បុរសជនជាតិចិន ដែលឆ្លងវីរុសនេះមានឈ្មោះ ចា ជិនហួរ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុង វូហាន ជាមួយក្រុមគ្រួសារ៤នាក់ ដែលសំណាកបានយកមកធ្វើវិភាគទាំងបួននាក់នេះមានវិជ្ជមានវីរុស កូរ៉ូណា តែម្នាក់គត់គឺលោក ចា ជិនហួរ។

បច្ចុប្បន្ន​អ្នកជំងឺរូបនោះ ត្រូវ​បាន​គេ​ដាក់​ឲ្យ​នៅ​ដោយ​ឡែកអ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណាថ្មីនេះ បាននឹងកំពុងដាក់នៅដាច់ដោយឡែកពីគេនៅក្នុងមន្ទីរពេទ្យខេត្តព្រះសីហនុ។

យោងតាមប្រវត្តិអ្នកជំងឺបានបង្ហាញថា គាត់និងក្រុមគ្រួសារបានចេញដំណើរពីទីក្រុងវូហាន មកកាន់ទីក្រុងព្រះសីហនុ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ហើយមានចេញរោគសញ្ញានៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ដោយមានអាការៈ គ្រុនក្តៅ និងហៀរសំបោរ។ អ្នកទាំង៤ខាងលើ មកពីទីក្រុង វូហាន នៃសាធារណរដ្ឋប្រជាមានិតចិន ហើយបានចូលមកប្រទេសកម្ពុជា តាមជើងយន្តហោះត្រង់ពីទីក្រុងវូហាន មកដល់ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៧ព្រឹក។

ក្រោយពីបានមកដល់ក្រុងព្រះសីហនុ ពួកគាត់បានជិះតាក់ស៊ី មកស្នាក់នៅសណ្ឋាគារឯករាជ្យ ចំនួន២យប់។ បន្ទាប់មកបានចូលមកស្នាក់នៅសណ្ឋាគារគ្វីនកូ (Queenco Hotel) នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០។ នៅរសៀលនោះដែរ លោក ចា ជិនហួរ បានលេងទឹកអាងរយៈពេល២ម៉ោង រួចក៏មានអាការៈ ក្តៅខ្លួន។ ល្ងាចថ្ងៃដដែលនោះភរិយាគាត់ឈ្មោះ វ៉ាង លីងជេន បានទូរស័ព្ទទៅលេងក្រុមគ្រួសារនៅប្រទេសចិន និងបានប្រាប់ថា ប្តីគាត់មានអាការៈក្តៅខ្លួន។

បន្ទាប់ពីទទួលបានព័ត៌មាននៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ អាជ្ញាធរខេត្តរួមជាមួយនឹងលោកស្រីប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងមន្ត្រីឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានសកម្មក្នុងការស្រាវជ្រាវរកករណីខាងលើនេះ ហើយបានរកឃើញថា គាត់កំពុងស្នាក់នៅសណ្ឋាគារឃ្វីនកូ ក្នុងក្រុងព្រះសីហនុ។ បន្ទាប់មក ក្រុមការងារសុខាភិបាលខេត្តព្រះសីហនុ បានយកវត្ថុវិភាគស្របតាមលក្ខណៈបច្ចេកទេសដែលបានណែនាំដោយក្រសួងសុខាភិបាលនៅថ្ងៃដដែល និងបានបញ្ជូនវត្ថុសំណាកពីច្រមុះ និងបំពង់ករបស់បុគ្គលទាំងបួននាក់ ខាងលើនោះ មកធ្វើវិភាគនៅមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

នៅរសៀលម៉ោង៣ នៃថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបញ្ជាក់ថាសំណាកវិភាគមន្ទីរពិសោធន៍របស់ លោក ចា ជិនហួរ មានវិជ្ជមានវីរុសកូរ៉ូណាថ្មី (2019-nCoV)។

បច្ចុប្បន្ននេះតាមការអង្កេតតាមដានរបស់ក្រុមគ្រូពេទ្យ ស្ថានភាពអ្នកជំងឺមានសភាពហ្នឹងនរ មានតែរោគសញ្ញាផ្តាសាយធម្មតាប៉ុណ្ណោះ រីឯក្រុមគ្រួសារគាត់ក៏មិនទាន់រកឃើញថា មានសញ្ញាពាក់ព័ន្ធនឹងបញ្ហាសុខភាពពួកគាត់ណាមួយនៅឡើយដែរ។ ក្រុមគ្រួពេទ្យកំពុងតែតាមដានសុខភាពពួកគាត់ដោយយកចិត្តទុកដាក់បំផុត៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន