Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល សម្រេច​រៀបចំ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៦ នៅ​ខេត្តបាត់ដំបង

បាត់ដំបង​៖ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​រៀបចំ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៦ នៅ​ខេត្តបាត់ដំបង ក្នុងនោះ​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ ឯកឧត្តម ថោង ខុន ក៏បាន​បញ្ជាក់ថា ត្រូវតែកំណត់​យក​ពិធីបុណ្យ​ទន្លេ​នេះ ជា​ព្រឹត្តិការណ៍​ជំរុញ​ចលនា​ទេសចរណ៍​ជាតិ​-​អន្តរជាតិ និង​ដើម្បី​ជួយ​ពង្រឹង​ការលើកកម្ពស់​គុណភាព​គោលដៅ​ទេសចរណ៍ ខេត្តបាត់ដំបង​បន្ថែមទៀត​។​

​ការលើកឡើង​នេះ ត្រូវបាន​ធ្វើឡើង​នាឱកាស​ដែល​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន រួមជាមួយ​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​លើកដំបូង ដើម្បី​ត្រៀម​រៀបចំ​ពិធីបុណ្យ​ទន្លេ នៅ​សាលាខេត្ត​បាត់ដំបង នា​ព្រឹក​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០​។​

​ការងារ​ចម្បង​បំផុត​ដែល​ត្រូវ​ជំរុញឱ្យមាន​ការអនុវត្ត​នោះ មានដូចជា​ការផ្សព្វផ្សាយ​ពី​វប្បធម៌ និង​រមណីយដ្ឋាន​ទេសចរណ៍ ការតាំងពិព័រណ៍​បង្ហា​ញ​ពី​ផលិតផល​ក្នុងស្រុក ពិសេស​គឺ​ការបន្ត​ចុះ​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍ នៅតាម​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​នានា​ក្នុង​ខេត្ត និង​នៅតាម​រមណីយដ្ឋាន​នានា​។​

​ជាមួយគ្នា​នោះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ជំរុញ​ឱ្យ​មូលដ្ឋាន​អាជីវកម្ម​ក្នុង​ខេត្ត ត្រូវ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ដោយ​ជំនួស​មកវិញ​នូវ​ការប្រើប្រាស់​វត្ថុ​ដែល​ផលិត​ពីរ​ពាក់ ផ្ដៅ ឫស្សី ក្រដាស​ជាដើម ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដល់​បរិស្ថាន និង​ជំរុញ​ការអនុវត្ត​ស្ដង់ដា «​ស្អាត និង​បៃតង​»​។​

​ឯកឧត្តម ក៏បាន​បន្ថែមថា ដោយសារ​ពិភពលោក កំពុងមាន​ការព្រួយបារម្ភ​ពាក់ព័ន្ធ​នឹង​ការ​រាលដាល​ជំងឺ​កូ​រ៉ូ​ណាវី​រុស ចលនា​ភ្ញៀវទេសចរ​អន្តរជាតិ អាច​នឹងមាន​ការថយចុះ​ទូទាំង​ពិភពលោក​ផងដែរ​។ ដូច្នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​កំណត់​ទិសដៅ​រៀបចំ​ពិធីបុណ្យ​ទន្លេ​នេះ ឱ្យបាន​អធិកអធម ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត ក្នុង​ពិធីបុណ្យ​ឱ្យបាន​ច្រើន​កុះករ​។​

​ឯកឧត្តម ណែនាំ​ថា ទាំងអស់គ្នា​ទាំង​ទេសចរ​ជាតិ និង​អន្តរជាតិ ត្រូវអនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​សេ​ក្តី​អំពាវនាវ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការ​ចូលរួម​ទប់ស្កាត់​ប្រយុទ្ធ​ប្រ​ធាំ​ង​នឹង​ជំងឺ​ផ្លូវដង្ហើម​ថ្មី​នេះ​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...