Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អាជ្ញាធរ​ជាតិ​អប្សរា គ្រោង​នឹង​បញ្ចប់​ការជួសជុល​ប្រាសាទបាតជុំ ក្នុងដំណាក់កាល​ទី​១

​សៀមរាប​៖ ប្រាសាទបាតជុំ កសាងឡើង​ដោយ​មន្ត្រី​ម្នាក់​ឈ្មោះ ក​វិ​ន្ទ្រា​រី​ម​ថន ក្នុង​រាជ​ព្រះបាទ​រាជេន្ទ្រ​វរ្ម័នទី​២ នា​ពាក់កណ្ដាល​សតវត្សរ៍​ទី​១០ ប្រាសាទ​នេះ សាង​អំពី​ឥដ្ឋ​មាន​តួ​ប៉ម​ចំនួន​បី ស្ថិតនៅលើ​ខឿន​ថ្មបាយក្រៀម ឧទ្ទិស​ដល់​ព្រះពុទ្ធសាសនា​មហាយាន​។ បច្ចុប្បន្ន​ប្រាសាទ​នេះ កំពុង​រង​ការខូចខាត​ច្រើន​អន្លើ​ដោយសារ​កត្តា​ធម្មជាតិ អាយុកាល និង​គុណភាព​សម្ភារៈ​សំណង់​។​

​ក្នុង​គោលបំណង​ពង្រឹង សង្គ្រោះ​ប្រាសាទ​ឱ្យ​ជៀស​ផុតពី​ហានិភ័យ និង​លើក​តម្លៃ​ប្រាសាទ នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានរៀបចំ​ដំណើរការ​ជួសជុល​តាំងពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ ដែល​គ្រោង​នឹង​បញ្ចប់​នៅក្នុង​ខែមករា ឆ្នាំ​២០២០​នេះ​។​

​កញ្ញា ដ​យ ពេជ្រ​ជី​រ៉ា បុគ្គលិក​បច្ចេកទេស​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​បានឱ្យដឹងថា ប្រាសាទ​នេះ​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ឥដ្ឋ​រលុះ​ធ្ងន់ធ្ងរ​និង​ច្រើន​កន្លែង​ដូចជា​នៅ​ផ្នែក​ខាងលើ​ផ្តែរ​នៃ​ប៉ម​ខាងជើង ក្បាលសសរ​ផ្អោប​និង​គល់សសរ​ផ្អោប​ជ្រុង​ខាងកើត​នៃ​ប៉ម​ខាងជើង​រលុះ​បាក់​ខ្លាំង​។ ឥដ្ឋ​ផ្នែក​ដំបូល ជ្រុង​កែង​និង​លើ​ជញ្ជាំង​មាន​ស្នាម​ប្រេះ រលុះ​បាក់​និង​ពុកផុយ មាន​រុក្ខជាតិ​ដុះ​តាម​ស្រទាប់​ឥដ្ឋ​និង​ទឺ​ក​ភ្លៀង​ជ្រាប​តាម​ស្នាម​ប្រេះ​ធ្វើ​ឲ្យ​តួ​ប៉ម​ពុកផុយ​។ ចំណែក​ថ្ម​ខឿន​រំកិល​ចេញពី​ទីតាំង​ដើម មិនតែប៉ុណ្ណោះ​សំបុក​កណ្ដៀរ​មាននៅ​ក្នុង​ស្នាម​ប្រេះ​ទាំងនោះ​។​

​ដើម្បី​ជួសជុល​និង​កា​ត់ប​ន្ថា​យ​ហានិភ័យ​នេះ កញ្ញា ពេជ្រ​ជី​រ៉ា បញ្ជាក់ថា ជាដំបូង​ក្រុម​អ្នកជំនាញ​បាន​ជួសជុល​នូវ​ផ្នែក​ខាងជើង ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង ជាពិសេស​ទីតាំង​ឥដ្ឋ​ក្រៀក​ហែក​ចេញពី​គ្នា រហូតដល់​២១​សង់ទីម៉ែត្រ នៅ​ជញ្ជាំង​ខាងជើង​។ កញ្ញា បន្ថែមថា បន្ទាប់មក​ក្រុម​អ្នកជំនាញ​បាន​ជួសជុល​បិត​ភ្ជាប់​ស្នាម​ប្រេះ​ផ្នែក​ខាងក្នុង​និង​ខាងក្រៅ​ដើម្បី​ការពារ​ការ​ជ្រាប​ទឹក ជៀសវាង​ការ​ខូ​ត​ខាត​ណាមួយ​បន្ថែមទៀត​។​

​ចំពោះ​បច្ចេកទេស កញ្ញា​បានឱ្យដឹងថា ទីតាំង​ខូចខាត​ក្រុមការងារ​បាន​រុះរើ​ឥដ្ឋ​ដែល​ពុកផុយ​និង​ជួសជុល​ពង្រឹង​ឡើងវិញ​ជា​ផ្នែកៗ​ដោយ​រក្សា​ទម្រង់​ដើម​របស់​ប្រាសាទ​និង​រក្សា​បច្ចេកទេស​បុរាណ ហើយ​រក្សា​តម្លៃ​ប្រវត្តិ​នៃ​ស្ថាបត្យកម្ម​ប្រាសាទ​។ ម្យ៉ាងវិញទៀត យើង​បាន​ស្វែងរក​ឥដ្ឋ​ចាស់ៗ​និង​ប្រើ​ឡើងវិញ រួមទាំង​បន្ថែម​ឥដ្ឋ​ថ្មី​ស្របតាម​កម្រិត​ខូចខាត​នៃ​សំណង់​និង​គោរព​តាម​ទ្រឹស្តី និង​ការអភិរក្ស​បេ​តិក​ភ័​ណ្ឌ​វប្បធម៌​( ធម្មនុញ្ញ​អង្គរ និង អាយ​ស៊ី​ស៊ី អង្គរ​)​។ ចំពោះ​បច្ចេកទេស​លាយ​បាយអរ​ធ្វើតាម​រូបមន្ត​បុរាណ នឹងមាន​កម្មករ​ជំនាញ​មានបទពិសោធន៍​ផ្នែក​ជួសជុល​ប្រាសាទ​ឥដ្ឋ​ជាច្រើន​ឆ្នាំ​ចូលរួម​ផងដែរ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...