Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រដ្ឋបាល​ខេត្តសៀមរាប សេចក្តីបំភ្លឺ​មួយ ពុំមាន​ជំងឺ​រលាក​សួត​ដោយ​វីរុស​ណា​ថ្មី ដូច​ការចែករំលែក​ព័ត៌មាន​លើ​បណ្តាញ​សង្គម​ឡើយ​

សៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប សេចក្តីបំភ្លឺ​មួយ ដោយ​បញ្ជាក់ថា គិត​ត្រឹម​វេលា​ម៉ោង​៥​នាទី​ល្ងាច ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០ នៅ​ខេត្តសៀមរាប ពុំមាន​ជំងឺ​រលាក​សួត​ដោយ​វីរុស​ណា​ថ្មី (2019-nCoV) ដូច​ការចែករំលែក​ព័ត៌មាន​លើ​បណ្តាញ​សង្គម​ឡើយ​។​

​តាម​ខ្លឹមសារ​នៃ​សេចក្តីបំភ្លឺ បាន​បញ្ជាក់ថា រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន និង​អ្នកសារព័ត៌មាន​ជាតិ​-​អន្តរជាតិ​ជ្រាបថា ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០ មានការ​ចែករំលែក​ព័ត៌មាន​លើ​បណ្តាញ​សង្គម​ថា មាន​ជនជាតិ​ចិន​ចំនួន ៤​រូប ដែល​ស្នាក់នៅ​សណ្ឋាគារ​មួយកន្លែង ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប មាន​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី (2019-Cov) និង​បាន​ឆ្លង​ដល់​មគ្គុទេសក៍​ភាសា​ចិន​ម្នាក់​។​

​តាមរយៈ​ការចុះ​ដល់ទី​តាំង​សណ្ឋាគារ​ផ្ទាល់ និង​ការស្រាវជ្រាវ​របស់​មន្ត្រី​ជំនាញ នៃ​មន្ទីរ​សុខាភិបាល​ខេត្ត និង​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​បញ្ជាក់ថា ពុំមាន​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី (2019-CoV) ដូច​ព័ត៌មាន​បាន​ចែករំលែក​នោះទេ ហើយ​សណ្ឋាគារ​បាន​នឹង​កំពុងដំណើរការ​ជាធម្មតា​។​

​ពាក់ព័ន្ធ​ករណីនេះ សមត្ថកិច្ច​ខេត្តសៀមរាប បាន​ហៅ​មនុស្ស​ប្រុស​ស្រី​២​នាក់ មក​សាកសួរ ពាក់ព័ន្ធ​នឹង​ការផ្សាយ​ព័ត៌មាន​មិន​ពិត តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ទាក់ទង​នឹង​ការឆ្លង​ជម្ងឺ​ផ្លូវដង្ហើម​វីរុស​កូ​រ៉ូ​ណា នៅ​ខេត្តសៀមរាប​។​

​សមត្ថកិច្ច បញ្ជាក់ថា មាន​បុរស និង​យុវតី​ទាំង​២​នាក់​នេះ បាន​ប្រើ​គណនេយ្យ​របស់ខ្លួន​បង្ហោះ​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​អះអាងថា មាន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា ចំនួន​៤​ករណី នៅ​សណ្ឋាគារ​ប៉ាស៊ីហ្វិក ខេត្តសៀមរាប​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន