Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អ្នកស្រុក​អង្គរ ប្រារព្ធ​ពិធី​ឡើងអ្នកតា បួងសួង​សុំ​សេចក្តីសុខ​តាម​ទំនៀម​ពី​បុរាណ​

សៀមរាប​៖ ប្រជាជន​ចំណុះជើងវត្ត​អា​ធ្វា រួមមាន​ភូមិ​ទ្រាក ភូមិក​ក្រាញ់ ភូមិ​ក្រសាំង​រលើង និង​ភូមិ​ស្ពាន​ជ្រាវ បាន​មូល​មីរ​ជួបជុំគ្នា​នៅ​ប្រាសាទ​អា​ធ្វា ប្រារព្ធ​ពិធី​ឡើង​មាឃ​ឬ​ឡើងអ្នកតា រៀងរាល់ថ្ងៃ​៣​កើត ខែមាឃ តាម​ទម្លាប់​ត​ពី​បុរាណ​។​

​កិច្ច​ពិធី​នេះ​មាន​រៀបចំ​បាយ​សម្ល បង្អែម​ច​ង្អា​ប ក្បាលជ្រូក គ្រឿង​រណ្តាប់​ស្លាធម៌ បាយសី វង់ភ្លេង អ្នក​ស្នង​រូប ដើម្បី​រាំ​ថ្វាយ និង​សែន​ថ្វាយ​ម្ចាស់​ទឹក ម្ចាស់​ដី អារក្ស អ្នកតា មាន​លោកតា​មហារាជ ហាជ​ម្ពួ ស្តេច​នាគ​ខៀវ នា​គស នាគ​ខ្មៅ នាគ​ក្រហម ស្តេច​អណ្តើក ស្តេច​ហនុមាន តា​ឥសី ម្រេញគង្វាល ស្តេចយមរាជ​។​ល​។ ដែល​ថែរក្សា​ប្រាសាទ​អា​ធ្វា​។​

​ចំណុច​សំខាន់​នៃ​ពិធី​នៅ​ប្រាសាទ​អា​ធ្វា គឺ​ការចូល​រូប ដើម្បី​បង្កើត​ទំនាក់ទំនង​រវាង​មនុស្ស​និង​ទេព ដើម្បីឱ្យ​ទេព​បាន​រាំរែក​សប្បាយ ហូបចុក​ឆ្អែតឆ្អន់ មុននឹង​ចាកចេញ​ទៅ​ស្រុក​លំនៅ​ខ្លួន​វិញ​។ អ្នកស្រុក​ជឿថា ការរៀបចំ​ពិធី​ឡើង​មាឃ​ឬ​ឡើងអ្នកតា​នេះ គឺ​ដើម្បី​សុំ​សេចក្តីសុខ​ចម្រើន ចៀស​ផុតពី​រោគាព្យាធិ គ្រោះកាច​ឧបទ្រពចង្រៃ​ដល់​មនុស្ស​សត្វ​។ ម្យ៉ាងទៀត ក៏​ដើម្បី​អរគុណ​ដល់​អ្នកតា ម្ចាស់​ទឹក​ម្ចាស់​ដី ដែល​ផ្តល់​ទឹកភ្លៀង ដី​មាន​ជីជាតិ ធ្វើឱ្យ​កសិកម្ម​ទទួលបាន​ផល​ល្អ​។​

​លោកតា កែវ អាយុ ៧០ ឆ្នាំ ជា​ចាស់ទុំ​នៅក្នុង​ភូមិ​ទ្រាក​បានឱ្យដឹងថា ឱ្យតែ​ដល់​ហេមន្តរដូវ អ្នកស្រុក​អ្នកភូមិ​បាន​មូលមតិ​គ្នា​រៀបចំ​ពិធី​ឡើង​មាឃ​ឬ​ឡើងអ្នកតា​នៅ​ប្រាសាទ​វត្ត​អា​ធ្វា​ជាប្រចាំ​។ លោកតា​បន្តថា កម្មវិធី​នេះ​មាន​ជា​យូរយារ​មកហើយ លើកលែងតែ​អំឡុងពេល​ប្រទេស​មាន​សង្គ្រាម​ទេ ដែល​មិនអាច​រៀបចំ​បាន​។​

​លោកយាយ ហុង អាយុ​៦១​ឆ្នាំ មានប្រសាសន៍ថា លោកយាយ​តែងតែ​មក​ចូលរួម​ពិធី​ឡើងអ្នកតា​ជា​រៀងរាល់ឆ្នាំ​មិនដែល​ខាន​ឡើយ ទោះបី​រវល់​យ៉ាងណា ក៏ត្រូវ​មក​ចូលរួម​ដែរ​។ លោកយាយ​ជឿថា លោកតា​មហារាជ​និង​លោកតា​មហា​ជ​ម្ពួ តែង​ជួយ​ថែរក្សា​ភូមិ​ស្រុក និង​គ្រួសារ​លោកយាយ​បាន​សុខ​សប្បាយ​។ ម្យ៉ាង​ការធ្វើ​ដូច្នេះ ក៏​ជា​គំរូ​មួយ​នៃ​ការបង្រៀន​កូនចៅ​ជំនាន់​ក្រោយ​ឱ្យ​ចេះ​ធ្វើតាម កុំឱ្យ​ទំនៀម​នេះ​បាត់បង់​ទៅតាម​ចាស់ៗ​ដែល​ស្លាប់ទៅ​។​

​បន្ទាប់ពី​បញ្ចប់​កិច្ច​ពិធី​ឡើង​មាឃ ឬ​ឡើងអ្នកតា​នៅ​ប្រាសាទ​វត្ត​អា​ធ្វា ក៏មាន​ការរៀបចំ​សែនព្រេន ឡើង​មាឃ ឬ​ឡើងអ្នកតា​ដូចគ្នានេះដែរ នៅ​ទីតាំង​ទួល​តា​មឿង និង​ទួល​យាយ​ប៉ុក​ផងដែរ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន