Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ពាក់ព័ន្ធ​វីរុសកូរ៉ូណា ក្រសួងព័ត៌មាន​ប្រកាស​ថា ជន​ដែលផ្សព្វផ្សាយ​ ឬ​ចែកផ្សាយបន្ត នូវ​ព័ត៌មាន​មិន​ពិត នឹង​ត្រូវ​ប្រឈម​​ចំពោះ​មុខ​ច្បាប់

ក្រសួងព័ត៌មាន​កម្ពុជា​នៅ​ថ្ងៃនេះ បាន​ប្រកាសនៅ​ក្នុង​សេចក្តី​ជូនដំណឹង​របស់​ខ្លួនថា ជន​ណា​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន ឬ​ចែកផ្សាយ​បន្ត (Share) នូវ​ព័ត៌មាន​មិន​ពិត ឬ​អង្គភាព​សារ​ព័ត៌មាន​ដែល​មិន​ព្រម​កែ​តម្រូវ​នូវ​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត នឹង​ត្រូវប្រឈម​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន។

ការ​ប្រកាស​របស់​ក្រសួង​ព័ត៌មាន​នេះ គឺ​ក្រោយ​កាលពីពេលថ្មីៗនេះ មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិតអំពី​ការ​ឆ្លង​ជំងឺរលាកសួត​ដោយ​វីរុស​កូរ៉ូណាថ្មី តាមរយៈប្រព័ន្ធផ្សព្វផ្សាយ គណនីហ្វេសប៊ុក ក៏​ដូចជា​បណ្តាញ​សង្គម​មួយ​ចំនួន​ដោយ​មិន​បាន​ធ្វើការ​ផ្ទៀងផ្ទាត់ឲ្យ​បាន​ត្រឹម​ត្រូវជាមួយស្ថាប័ន​មានសមត្ថកិច្ចពាក់ព័ន្ធ ធ្វើ​ឲ្យ​មាន​ការ​ភាន់ច្រឡំ និង​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ដល់​ប្រជាពលរដ្ឋ អំពីការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ទាំង​នោះ។

ជាមួយ​គ្នា​នេះ ក្រសួង​ព័ត៌មានក៏​បាន​ធ្វើ​ការ​អំពាវនាវ​ដល់​សាធារណជនទាំងអស់ គួរ​តាម​ដាន​ព័ត៌មាន​នៅ​ក្នុង​គេហទំព័រ ឬទំព័រហ្វេសប៊ុក​ផ្លូវ​ការ​របស់​ក្រសួងសុខាភិបាល ឬ​គេហទំព័រ ឬទំព័រហ្វេសប៊ុក ផ្លូវ​ការ​របស់នាយកដ្ឋាន​ប្រយុទ្ធនឹងជំងឺ​ឆ្លង និង​គេហទំព័រ ឬ​ទំព័រហ្វេសប៊ុក​ផ្លូវ​ការ​របស់​ក្រសួង​ស្ថាប័នពាក់ព័ន្ធ។

ក្នុងនោះដែរ ចំពោះ​ស្ថាប័ន អង្គភាព​សារព័ត៌មាន សូម​មាន​ការ​ប្រុងប្រយ័ត្ន​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន អំពី​ការ​ឆ្លង​រីករាល​ដាល​ជំងឺ​រលាកសួតដោយ​វីរុស​កូរ៉ូណាថ្មី ដោយ​ធ្វើ​ការផ្ទៀងផ្ទាត់ប្រភពព័ត៌មានជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធឲ្យ​បាន​ច្បាស់​លាស់មុន​នឹង​ចេញផ្សាយ និង​ត្រូវ​ធ្វើ​ការ​កែ​តម្រូវ​ឲ្យ​បាន​ទាន់ពេល​វេលា​នូវ​រាល់ព័ត៌មានដែល​ខ្លួន​បាន​ផ្សព្វផ្សាយ​មិន​ត្រឹម​ត្រូវ​គ្មាន​ប្រភព​ច្បាស់​លាស់អាច​ឈាន​ដល់​មាន​ភាព​ចលាចល​ក្នុង​សង្គម៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន