Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កីឡាករ​ហុងកុង គ្រង​ជើងឯក ក្នុង​ថ្ងៃទី​២ នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក​ឡើង​ភ្នំ​បូកគោ ខណៈ​សិង្ហ​បុរី​លេខ​២ ម៉ាឡេស៊ី​លេខ​៣

​កំពត​៖ ថ្ងៃទី​២ នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​លើក​ទី​១ បានបញ្ចប់​ដោយ​ជោគជ័យ​ហើយ ក្រោយ​ចេញដំណើរ​ពី​រង្វង់​មូល​ព្រឹទ្ធាចារ្យ សាយ ភូ​ថង ខេត្តកោះកុង កាត់​តំបន់​ស្រែអំបិល និង​វាលរេញ ខេត្ត​ព្រះសីហនុ មក​បញ្ចប់​នៅ​កំពូលភ្នំ​បូកគោ ខេត្តកំពត កាលពី​ល្ងាច​ថ្ងៃទី​០៥ ខែមករា ម្សិលមិញ ខណៈ​លទ្ធផល​ជយលាភី​មានការ​ផ្លាស់ប្ដូរ​ទាំងស្រុង បើ​ធៀប​នឹង​ការប្រកួត​នៅ​ថ្ងៃទី​១ កាលពី​ម្សិលមិញ ដោយ​ថ្ងៃនេះ​កីឡាករ​ហុងកុង​ជា​អ្នក​គ្រង​ជើងឯក​វិញ​ម្ដង​។​

​សម្រាប់​ពិធី​បិទ​ការប្រកួត​ថ្ងៃទី​២​នេះដែរ បានធ្វើ​ឡើង​នៅមុខ​សណ្ឋាគារ​ឡឺ​បូកគោ​ផា​លេស (​កំពូលភ្នំ​បូកគោ​) ក្រោម​អធិបតីភាព​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត និង​លោក Bruno BODARD អគ្គ​នាយ​ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​ពិភពលោក​។​

​ចំពោះ​លទ្ធផល​ក្នុងការ​ប្រកួត​ដ៏​ស្វិតស្វាញ​លើ​ចម្ងាយ​ផ្លូវ​សរុប ១៧២.៨​គីឡូម៉ែត្រ​នេះ មាន​តទៅ​៖
* ចំណាត់ថ្នាក់​លេខ​១ បាន​ទៅលើ​កីឡាករ​ហុងកុង Choy Hiu Fung មកពី​ក្លឹប HKSI Pro Cycling Team ប្រើ​ថេរវេលា ៤​ម៉ោង ៤០​នាទី និង ១៨​វិនាទី​។​
* ចំណាត់ថ្នាក់​លេខ​២ បាន​ទៅលើ​កីឡាករ​សិង្ហ​បុរី Cahyadi Aimam មកពី​ក្លឹប PGN Road Cycling Team ប្រើ​ថេរវេលា ៤​ម៉ោង ៤២​នាទី និង ៣១​វិនាទី​។​
* ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅលើ​កីឡាករ​ម៉ាឡេស៊ី Zulkiflie Nik Mohd Azwan មកពី​ក្លឹប KELAN Tan Cycling Team ប្រើ​ថេរវេលា ៤​ម៉ោង ៤២​នាទី និង ៣៤​វិនាទី​។​

​ជាមួយ​ការប្រកួត​ថ្ងៃទី​២​នេះដែរ ត្រូវបាន​គណៈកម្មការ​រៀបចំ​ការប្រកួត​បន្ដ​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​ការប្រកួតប្រជែង​របស់​កីឡាករ និង​គណៈកម្មការ​រៀប​ចំ រួមទាំង​កិច្ចសហការ​យ៉ាង​ល្អ​របស់​អាជ្ញាធរ សមត្ថកិច្ច និង​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​អបអរសាទរ និង​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​តាំងពី​រង្វង់​មូល សាយ ភូ​ថង រហូតដល់​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​។ អ្វីដែល​ពិសេស​កីឡាករ​កម្ពុជា​ក៏​ត្រូវបាន​គណៈកម្មការ UCI កោតសរសើរ​ផងដែរ ដែល​បាន​ជិះ​មកដល់​គោលដៅ​ជាមួយ​លទ្ធផល​មួយ​ល្អប្រសើរ​ទៀតផង​។​

​គួរ​បញ្ជាក់ថា ថ្ងៃទី​៣​នៃ​ព្រឹត្តិការណ៍​នេះ​នឹង​បន្ដ​ការប្រកួត​នា​ថ្ងៃទី​០៦ ខែមករា​ស្អែក ដោយ​ចាប់ផ្ដើម​ចេញដំណើរ​ពី​ក្លោងទ្វារ​ចូល​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស បូកគោ ឆ្ពោះទៅ​ទី​រួម​ខេត្ត​កែប តែ​ត្រូវ​ជិះ​ជុំវិញ​សាលាខេត្ត​ចំនួន ៦​ជុំ ដែលមាន​ចម្ងាយ​សរុប​ប្រមាណ ១៤៣.៥​គីឡូម៉ែត្រ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន