តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណជាង ៣ រសៀលថ្ងៃទី៥ សីហា ២០២០ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ធ្វើឲ្យមានការភ្ញាក់ផ្ញើលយ៉ាងខ្លាំង ខណៈរថយន្តធុនធំមួយគ្រឿងបានរ៉េចង្កូតបុករាស់រថយន្តផ្សេងទៀត ៥គ្រឿង និងរួមទាំងម៉ូតូ២គ្រឿងទៀត។

យោងតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងទៀតថា រថយន្តដែលបង្កហេតុខាងលើនេះ គឺបានផ្តើមហេតុនៅត្រង់ចំណុចលើផ្លូវជាតិលេខ៧ ស្ថិតនៅក្នុងភូមិទួលអង្រ្គង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ករណីនេះសមត្ថកិច្ចបានបង្ហើបថា ពាក់ព័ន្ធពីមូលហេតុនៃគ្រោះថ្នាក់ខាងលើ គឺបណ្ដាលមកពីរថយន្តធុនធំដាច់ហ្រ្វាំងរេចង្កូចទៅបុករថយន្តធុនតូចចំនួន៥គ្រឿង និងម៉ូតូ០២គ្រឿងទៀត ដែលចតនៅតាមចញ្ចេីមផ្លូវចំណុចខាងលើនេះ ។

បន្ទាប់ពីមានការបុករៈរថយន្តទាំងនេះរួចមកក៏មិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះដែរ គឺរងការខូចខាតត្រឹមតែរថយន្ត៥គ្រឿង និងម៉ូតូ២គ្រឿងតែប៉ុណ្ណោះ។
ចំណែកតៃកុងបើកបរឡាន ២នាក់ ត្រូវបាននគរបាលជំនាញធ្វើការចាប់ឃាត់ខ្លួនបានភ្លាមៗបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីរងចាំដោះស្រាយជាក្រោយតាមច្បាប់៕