Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្នុង​ឆ្នាំ​២០១៩ កម្ពុជា ​បណ្តេញ​ជនបរទេស​ជាង ១,៥០០​នាក់ ក្រោយ​រកឃើញ​ប្រព្រឹត្ត​បទល្មើស​

ភ្នំពេញ​៖ នៅក្នុង​ឆ្នាំ​២០១៩ កន្លងទៅ កម្ពុជា បាន​បណ្តេញ​ជនបរទេស​ចំនួន ១,៥៣៣​នាក់ ស្មើនឹង​៦៣​សញ្ជាតិ ក្រោយ​រកឃើញ​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស​។ នេះ​បើតាម​របាយការណ៍ ដែល​បានបង្ហាញ ក្នុង​សន្និបាត​បូកសរុប លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩ និង​លើក​ទិសដៅ​បន្ដ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២០​។​

​របាយការណ៍​នោះ បង្ហាញ​ទៀតថា ក្នុងចំណោម​ជនបរទេស​ដែល​បាន​ប្រព្រឹត្ត​បទល្មើស ហើយ​ត្រូវបាន​បណ្ដេញ​ចេញពី​កម្ពុជា​នេះ ច្រើនជាងគេ​គឺ​ជនជាតិ​ចិន ដែលមាន​ចំនួន​១,០១៣​នាក់​, ថៃ​២២០​នាក់​, វៀតណាម​១៤៩​នាក់​, នី​ហ្សេ​រី​យ៉ា​៩៤​នាក់​, ឥណ្ឌា​៣១​នាក់​, កូរ៉េខាងត្បូង​២៥​នាក់​, អាមេរិក​១៧​នាក់​។​

​បទល្មើស​ដែល​ជនបរទេស​ទាំងអស់នេះ​បាន​ប្រព្រឹត្ត រួមមាន​៖ ករណី​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ VOIP និង​បទល្មើស​ហ្គេម​អន​ឡាញ​ចំនួន​៨៩០​នាក់ មាន​០៩​សញ្ជាតិ (​ចិន តៃវ៉ាន់ ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី ឡាវ វៀតណាម ឥណ្ឌា និង​ម៉ាឡេស៊ី​), ការ​ស្នាក់នៅ​គ្មាន​លិខិតឆ្លងដែន ចំនួន​២៤២​នាក់ មាន​៤០​សញ្ជាតិ (​នី​ហ្សេ​រី​យ៉ា​៦៧​នាក់​, វៀតណាម​៤៣​នាក់​, ចិន​២៩​នាក់ និង​៣៧​សញ្ជាតិ​ទៀត​ពី​ម្នាក់ ដល់​១០​នាក់​), ការ​ស្នាក់នៅ​លើស​ទិដ្ឋាការ ចំនួន​១២៦​នាក់ មាន​៣២​សញ្ជាតិ (​នី​ហ្សេ​រី​យ៉ា ៤៩​នាក់​, ឥណ្ឌា​១៣​នាក់ និង​៣០​សញ្ជាតិ​ទៀត​ពី ០១​ដល់​០៦​នាក់​) និង​ប្រើប្រាស់​សារធាតុ​ញៀន​ចំនួន​២០០​នាក់​។​

​គួរ​ជម្រាប​ថា គិត​ចាប់ពី​បង្កើត​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ឆ្នាំ​២០១៤ មកដល់​ដំណាច់​ខែធ្នូ ឆ្នាំ​២០១៩​នេះ បាន​បណ្តេញចេញ​ជនបរទេស​ខុសច្បាប់​ចំនួន ១៦,៧២០​នាក់ មាន ៩៦​សញ្ជាតិ​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន