Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

សម្តេចតេជោនឹង​ទៅ​ចូល​រួមកិច្ច​​ប្រជុំ​កំពូល​ពិភពលោក នៅ​ប្រទេស​កូរ៉េ​ដើម​ខែកម្ភៈ

ក្រសួងការបរទេស​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ដែល​ចេញផ្សាយ​នៅ​ថ្ងៃនេះ នៅ​ដើម​ខែកុម្ភៈ​នេះ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​កម្ពុជា នឹង​ដឹកនាំគណៈប្រតិភូ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ពិភពលោក​ឆ្នាំ​២០២០ នៃ​អង្គការ​សហព័ន្ធ​សន្តិភាពសកល ស្តីពីសន្តិភាព សន្តិសុខ និង​ការ​អភិវឌ្ឍមនុស្ស នៅ​សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ​២០២០។

ក្នុង​អំឡុង​ស្នាក់​នៅ​សាធារណរដ្ឋកូរ៉េ សម្តេចតេជោ នឹង​អញ្ជើញ​ជួបប្រជុំ​ជាមួយ លោក មូន ចេអ៊ីន ប្រធានាធិបតី នៃ​សាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ក៏​ដូចជា​បញ្ហាតំបន់ និង​អន្តរជាតិ ដែលជា​កា​រយក​ចិត្ត​ទុកដាក់រួម។ បន្ថែមពីនេះ សម្តេចតេជោ ក៏​នឹង​ចូលរួម​ពិធីពិសារ​អាហារថ្ងៃត្រង់​រៀបចំដោយ លោក ជុង សៃឃ្យូន នាយករដ្ឋមន្រ្តី នៃ​សាធារណរដ្ឋ​កូរ៉េ​ផងដែរ។

សម្តេចតេជោ នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​គន្លឹះ​លើ​មូលបទ​របស់​កិច្ច​ប្រជុំ​កំពូលស្តីពី «សន្តិភាព សន្តិសុខ និង​ការ​អភិវឌ្ឍមនុស្ស» រួម​ជាមួយ​នឹង​ឥស្សរជន​បរទេស​មួយ​ចំនួនទៀត​ដែល​ចូលរួម​កិច្ចប្រជុំ។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន ក្នុង​ឱកាសស្នាក់​នៅ​ប្រទេស​កូរ៉េនោះដែរ សម្តេចតេជោ ក៏​នឹង​ជួប​សំណេះសំណាល​ជាមួយ​សហគមន៍​កម្ពុជា សិស្សនិស្សិត និង​ពលករ​កម្ពុជា ដែល​កំពុង​រស់​នៅ​ និង​ធ្វើ​ការ​នៅ​ក្នុង​សាធារណរដ្ឋ​កូរ៉េ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន