Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឆ្នាំ​២០១៩ ចាប់ខ្លួន​អ្នកប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ជិត ៦០​នាក់

​ភ្នំពេញ​៖ នៅ​ឆ្នាំ​២០១៩ កន្លងទៅនេះ គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ចាប់ និង​បញ្ជូន​ខ្លួន​អ្នកប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ៥៩​នាក់​ទៅកាន់​តុលាការ​។ ក្រៅពី​ឃាត់ខ្លួន​អ្នកប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ហើយ​នោះ រថយន្ត និង​មធ្យោបាយ​ដឹកជញ្ជូន​ឈើ ៤៩១​គ្រឿង​ត្រូវបាន​រឹបអូស ហើយ​រថយន្ត​បា​កុង និង​មធ្យោបាយ​កែច្នៃ​សរុប ២១២​គ្រឿង ត្រូវបាន​បំផ្ទុះ ដុត និង​កាត់​បំផ្លាញចោល​។​

​សេចក្ដីប្រកាស​ព័ត៌មាន​ស្ដីពី​វឌ្ឍនភាព​ការងារ​របស់​គណៈកម្មកា​រ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នៅ​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០២០ បានឱ្យដឹងថា នៅក្នុង​ឆ្នាំ​២០១៩ គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ចាប់យក​ឈើ​ចម្រុះ ចំនួន ៩,២១៥,៨៧៦​ម៉ែត្រគូប​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នេះ បាន​គូសបញ្ជាក់ថា បច្ចុប្បន្ននេះ ការកាប់​ឈើ និង​ការដឹកជញ្ជូន​ឈើ ដោយ​ខុសច្បាប់ ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ មាន​ភាពស្ងប់ស្ងាត់ ប៉ុន្តែ​នៅមាន​ការ​លូច​បន្លំ ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ​ដោយ​ខុសច្បាប់ តាម​រូប​ភាពជា​រថយន្ត​សាំ​ម​យ៉ុង រថយន្ត​កែច្នៃ​ធុន​តូច គោយន្ត ម៉ូតូ រទេះគោ រទេះក្របី រ៉ឺម៉ក​ជាដើម​។​

​បើទោះបីជា​យ៉ាងណា គណៈកម្មការ​ជាតិ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច នៅតែ​បន្តធ្វើ​ការផ្សព្វផ្សាយ អប់​រំជា​សាធារណៈ ដើម្បីឱ្យ​បុគ្គល​គ្រប់រូប​ជ្រួតជ្រាប យល់ដឹង​អំពី​ច្បាប់​ពាក់ព័ន្ធ​នឹង​ព្រៃឈើ ក្នុងន័យ​ឱ្យ​ជៀស​ឆ្ងាយ​ពី​ការប្រព្រឹត្ត​ខុសច្បាប់ និង​ចូលរួម​ថែរក្សា​ព្រៃឈើ​ឱ្យបាន​គង់វង្ស​ទុក​សម្រាប់​ប្រយោជន៍​ជាតិ និង​ពិភពលោក​ទាំងមូល​។​

​សូមបញ្ជាក់ថា គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ត្រូវបាន​រាជរដ្ឋាភិបាល​បង្កើតឡើង​កាលពី​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៦ ដោយមាន​សមាសភាព​គ្រប់គ្រង​មកពី​កងរាជអាវុធហត្ថ ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​អា​ជាធរ​ថ្នាក់ក្រោម​ជាតិ​ផងដែរ​។​

​នៅក្នុង​សេចក្តីសម្រេច​នោះ បានតែងតាំង លោក សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស គឺជា​ប្រធាន​នៃ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​។​

​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ មាន​តួនាទី និង​ភារកិច្ច ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដូចជា​ការកាប់​ព្រៃឈើ ការដឹកឈើ និង​ការនាំចេញ​ឈើ​ខុសច្បាប់ ការចាប់​សត្វព្រៃ និង​ការនាំចេញ​សត្វព្រៃ​ខុសច្បាប់ ការកាប់​ទន្ទ្រាន​យក​ដី​រដ្ឋ ព្រមទាំង​ការរុករក​រ៉ែ​ខុសច្បាប់​នៅ​ទូទាំងប្រទេស​។​

​គណៈកម្មការ​នេះ ក៏មាន​តួនាទី និង​ភារកិច្ច អង្កេត និង​ស្រាវជ្រាវ​រក​អ្នកប្រព្រឹត្តិ និង​អ្នកពាក់ព័ន្ធ និង​សកម្មភាព​នៃ​បទល្មើស​ធនធានធម្មជាតិ​។ ចាប់​ជនល្មើស និង​វត្ថុតាង នៃ​បទល្មើស ហើយ​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។ សហការ​ជាមួយ​ភាគី វៀតណាម ថៃ និង​ឡាវ ដើម្បី​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ឲ្យ​មាន​ប្រសិទ្ធិភាព​ក្នុងករណី​ចាំបាច់​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន