Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

បញ្ជូនជនសង្ស័យ៦នាក់ ទៅតុលាការ ពាក់ព័ន្ធករណីមនុស្សឃាតសម្លាប់ អ្នកទិញ-លក់អេតចាយ

ខេត្តសៀមរាប៖ មនុស្សចំនួន៦នាក់ ជាប់សង្ស័យពាក់ព័ន្ធករណីមនុស្សឃាត ត្រូវបានសមត្ថកិច្ចនគរបាលខេត្ដសៀមរាប បញ្ជូនទៅតុលាការ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០​ម្សិលមិញ។

លោក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា ជនសង្ស័យទាំង៦នាក់ រួមមាន៖ ១.ឈ្មោះ គង់ សូរិយា ; ២. ឈ្មោះវ៉ន វ៉ែន ; ៣.ឈ្មោះ លុន ចំរើនរិទ្ធ , ៤.ឈ្មោះ ងួន ធារ៉ា , ៥.ឈ្មោះ ចិន និង៦.ឈ្មោះ សិទ្ធិ។ លោកថា ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែមករា ដល់ថ្ងៃទី០២ កុម្ភៈ ឆ្នាំ២០២០ ដោយមានកិច្ចសហការជាមួយស្នងការដ្ឋាន​នគបាល​ខេត្ដសៀមរាប ដែលបានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងកំណត់មុខសញ្ញា ។

លោក ណុប សារ៉ាក់ បានឲ្យដឹងទៀតថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រ ជនរងគ្រោះឈ្មោះ ហេង វិឆាយ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករទិញ-លក់អេតចាយ មានទីលំនៅបច្ចុប្បន្ន នៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប និងបក្ខពួកចំនួន ៣នាក់ទៀត បាននាំគ្នាចូលទៅផឹកស៊ី និងរាំលេងនៅក្នុងក្លឹបកាឡាក់ស៊ី ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ហើយនៅពេលរាំលែងក្នុងក្លឹបជនរងគ្រោះបានឈ្លោះប្រកែកគ្នាជាមួយនឹងបក្សពួកក្រុមក្មេងស្ទាវម្ខាងទៀតដែលគេពុំធ្លាប់ស្គាល់ ហើយមានការវាយតប់គ្នាទៅវិញទៅមក ដោយមិនបណ្ដាលឱ្យអ្នកណាមួយរងរបួសនោះទេ ។

លោក ណុប សារ៉ាក់ បានឲ្យដឹងបន្ថែមទៀតថា លុះដល់វេលាម៉ោង០២ និង ៣០នាទីរំលងអាធ្រាតថ្ងៃដដែលនេះ ជនរងគ្រោះឈ្មោះ ហេង វិឆាយ និងបក្ខពួករបស់គេ បាននាំគ្នាចេញពីក្លឹបក្នុងគោលបំណងទៅផ្ទះ ពេលជិះដល់ចំណុចខាងក្រោយសណ្ឋាគារសូហ្វីតែល ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក៏មានមនុស្សមួយក្រុម ដែលជាក្មេងស្ទាវស្ទាវ មានគ្នាជាច្រើននាក់ ពុំធ្លាប់ស្គាល់គ្នា និងម៉ូតូប្រហែល ០៦គ្រឿង បានធ្វើសកម្មភាព ប្រើកាំបិតខ្វែវ កាប់ទៅលើជនរងគ្រោះឈ្មោះ ហេង វិឆាយ ត្រូវចំក្បាលប៉ែកខាងស្ដាំ បណ្ដាលឱ្យមុត​រយះប្រវែង15 សង់ទីម៉ែត្រ ហើយក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យទាំងអស់ បានជិះម៉ូតូគេចខ្លួនបាត់ ចំណែកជនរងគ្រោះ ត្រូវបានស្លាប់បាត់បង់ជីវិត ក្រោយពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។

លោកអធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងបន្ថែមថា ក្រោយ​ពីមានពាក្យបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះទើបចាប់ខ្លួនសង្ស័យបានទាំងអស់ ហើយជនសង្ស័យចំនួន០៦នាក់ បានសារភាពថា ពួកគេ ពិតជាបានធ្វើសកម្មភាពជិះម៉ូតូ ដេញកាប់ទៅលើជនរងគ្រោះខាងលើពិតប្រាកដមែន ហើយវត្ថុតាងដែលជនសង្ស័យបានធ្វើសកម្មភាព គឺមានកាំបិតខ្វែវមួយដើម ។

គួររំលឹកថា ចំពោះប្រតិបត្ដិការចាប់ខ្លួនជនសង្ស័យទាំង៦នាក់នេះ លោកឧត្ដមសេនីយ៍ត្រី ភឹង ចិន្ដារ៉េត ស្នងការរង និង តំណាងលោកឧត្ដមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានយកថវិកាចំនួន២លានរៀល ជូនដល់កម្លាំងនគរបាលដើម្បីលើទឹកចិត្ត និងថវិកាលោកឧត្ដមសេនីយ៍ត្រី ភឹង ចិន្ដារ៉េត ចំនួន១លានរៀលផងដែរ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន