Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កំណាយ​ស្រាវជ្រាវ អំពី​រចនា​សម្ពន្ធ​ផ្លូវ​បុរាណ​ពី​អង្គរ ទៅ​រលួស​

សៀមរាប​៖ ផ្លូវ​បុរាណ​មួយ​ខ្សែ​ដែល​ត​ភ្ជាប់​រាជធានី​ពីរ​នៅ​សម័យអង្គរ គឺ​រាជធានី​យ​សោធរ (​អង្គរ​) និង​រាជធានី​ហរិ​ហ​រា​ល័យ (​រលួស​) ស្ថិតនៅ​ភូមិ​ស្ពាន​ក្អែក ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើ​កំណាយ​ស្រាវជ្រាវ ចាប់ពី​ថ្ងៃទី​២០ ខែវិច្ឆិកា ដល់​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៩​។​

​លោក​បណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទី​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​បានឱ្យដឹងថា ការធ្វើ​កំណាយ​ស្រាវជ្រាវ​រចនា​សម្ពន្ធ​ផ្លូវ​បុរាណ​ពី​តំបន់​អង្គរ​ទៅ​តំបន់​រលួស គឺ​ក្នុង​គោលបំណង​ប្រៀបធៀប​ទៅនឹង​រចនា​សម្ពន្ធ​នៃ​ផ្លូវ​បុរាណ​ដទៃទៀត​ដែល​ស្ថិតនៅ​ទីតាំង​ផ្សេង និង​ពិចារណា​ក្នុង​ការលើក​គម្រោង​អភិរក្ស​និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ដើម្បី​លើក​តម្លៃ​កំណាត់​ផ្លូវ​បុរាណ​នេះ​ឡើងវិញ​ឱ្យ​ក្លាយជា​បេតិកភណ្ឌ​រស់​។​

​លោក រដ្ឋា បន្តថា ក្នុងការ​ស្រាវជ្រាវ​ឱ្យបាន​ច្បាស់​អំពី​រចនា​សម្ពន្ធ​ផ្លូវ​បុរាណ ក្រុមការងារ​បាន​ចុះ​សិក្សា​សម្រង់​ប្លង់ វាស់វែង និង​បើក​រណ្តៅ​កំណាយ​ចំនួន​៥ ដើម្បី​ដឹង​ពី​បច្ចេកទេស​នៃ​ការសាងសង់​ផ្លូវ​របស់​បុព្វបុរស​ខ្មែរ​។ ជា​លទ្ធផល​ស្រាវជ្រាវ​បង្ហាញថា ផ្លូវ​បុរាណ​នេះ​កសាងឡើង​ដោយ​ការចាក់​បង្ហាប់ដី​មាន​បី​ស្រទាប់ គឺ​ស្រទាប់​ក្រោម​ប្រើ​ល្បាយ​ដីខ្សាច់​ជាមួយ​ដីឥដ្ឋ ស្រទាប់​កណ្តាល​ប្រើ​ល្បាយ​កម្ទេច​ថ្មបាយក្រៀម ដីខ្សាច់ និង​ដីឥដ្ឋ និង​ស្រទាប់​ខាងលើ​បង្អស់​ជា​ល្បាយ​ដីឥដ្ឋ​លាយ​ជាមួយ​ដីខ្សាច់​ភាគច្រើន ។​

​ផ្លូវ​នេះ​មាន​ទំហំ​សរុប​ចន្លោះ​ពី​៥៦​ទៅ​៦៦​ម៉ែត្រ ដោយ​ចែកជា​ទ្រូងផ្លូវ​ទំហំ ពី​៣០​ទៅ​៤០​ម៉ែត្រ ជើងទេរ​៣​ម៉ែត្រ​សងខាង ប្រឡាយទឹក​ប្រវែង​ពី​៧​ទៅ​១០​ម៉ែត្រ​សងខាង និង​កម្ពស់​ផ្លូវ​ពី​១,២០​ទៅ​១,៥០​ម៉ែត្រ​។ ក្រៅពី​លទ្ធផល​បាន​ពី​កំណាយ​ខាងលើ តាមរយៈ​ការវាស់វែង​លើ​ទីតាំង​ផ្សេងៗ​គ្នា​នៅលើ​កំណាត់​ផ្លូវ​បុរាណ​នេះ​ឃើញថា ជាទូទៅ​ផ្លូវ​មាន​ទំហំ​សរុប​ចន្លោះ​ពី​៧០ ទៅ ១០០​ម៉ែត្រ គិត​ទាំង​ប្រឡាយ​អម​ផ្លូវ​ផង ដោយឡែក​នៅ​ជិត​នឹង​គល់ស្ពាន​តួ​ផ្លួ​វ​មាន​ទំហំ​រួម​តូច​ចន្លោះ​ពី​៥៦​ទៅ​៦៦​ម៉ែត្រ​។​

​ក្រៅពី​គំហើញ​នៃ​ការធ្វើ​ផ្លូវ នៅតាម​បណ្តោយ​ផ្លូវ​បុរាណ​នេះ​ក៏មាន​ស្ពាន​បុរាណ​ចំនួន​មួយ បើតាម​ឯកសារ​បញ្ជី​សារពើ​ភណ្ឌ​របស់​ក្រសួង​វប្បធម៌​និង​វិច​ត្រ​សិល្បៈ (CISARK) ហៅថា «​ស្ពានថ្ម​»​។ ស្ពាន​នេះ​មិន​ធ្លាប់ធ្វើ​កំណាយ​ស្រាវជ្រាវ​ឬ​ជួសជុល​នោះឡើយ មានតែ​ការចុះបញ្ជី​ដោយ​លោក ETIENNE AYMONIER ឆ្នាំ​១៩០០ លោក LUNE de la JONGERE ឆ្នាំ​១៩១១ លោក CHRISTOPH POTTER ឆ្នាំ​១៩៩៩ និង​ចុងក្រោយ​ចុះបញ្ជី​ដោយ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ សហការ​ជាមួយ​សាលា​បារាំង​ចុង​បូព៌ា​នៅ​ឆ្នាំ​១៩៩៥-២០០៧​។​ ស្ពានថ្ម​បាយក្រៀម​នេះ មាន​ប្រវែង​២១​ម៉ែត្រ ទទឹង​៦​ម៉ែត្រ រន្ធត្រដេវ (​រន្ធ​បង្ហូរទឹក​) ចំនួន​៨ និង​កម្ពស់​២​ម៉ែត្រ ស្ថិតក្នុង​សភាព​ទ្រុឌទ្រោម​ជាខ្លាំង​។​

​លោក សួ​ម សុភា បុគ្គលិក​បច្ចេកទេស​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​ក៏បាន​បញ្ជាក់ថា ចំពោះ​សម័យកាល​នៃ​ការសាងសង់​ស្ពាន​គឺ​មិនដឹង​ច្បាស់​ទេ តែបើ​យោងតាម​ព្រឹ​ត្ដិ​ការណ៍​ប្រវត្តិសាស្ត្រ ផ្លូវ​បុរាណ​មួយ​ខ្សែ​នេះ​អាចធ្វើ​ក្នុង​សម័យកាល​២​។ ទី​១​សម័យ​ព្រះបាទ​យ​សោ​វរ្ម័នទី​១ ដែល​ព្រះអង្គ​បានគ្រោង​រាជ្យ​នៅ​ឆ្នាំ​៨៨៩​ដល់​៩១០​នៃ​គ​.​ស​. ព្រះអង្គ​បាន​ប្តូរ​រាជធានី​ពីរ​លួស​ទៅ​កសាង​រាជធានី​ថ្មី​នៅ​តំបន់​អង្គរ ហៅថា «​យ​សោធរ​» ដែលមាន​ភ្នំ​បាខែង​ជា​ចំណុចកណ្តាល​។ ក្រោយមក​ក្នុង​ឆ្នាំ​៨៩៣ ព្រះអង្គ​ក៏បាន​ត្រឡប់មក​កសាង​ប្រាសាទលលៃ ដើម្បី​ឧទ្ទិស​ដល់​បុព្វការី​ជន​របស់​ព្រះអង្គ​។ ទី​២ ប្រហែលជា​កសាង​បន្ថែមទៀត​នៅ​សម័យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដែល​ព្រះអង្គ​បាន​គ្រងរាជ្យ​នៅ​ឆ្នាំ​១១៨១​ដល់​១២១៨ នៃ​គ​.​ស ។
​ផ្លូវ និង​ស្ពាន​បុរាណ​មួយ​នេះ គឺធ្វើឡើង​ដើម្បី​ធ្វើដំណើរ​ឆ្លងកាត់​សម្រាប់​ភ្ជាប់​ពី​អង្គរ​ទៅ​រលួស​។ ស្ពាន​នេះ​ជា​សំណង់​ធារាសាស្ត្រ​មួយ​ស្ថិតនៅ​លើផ្លូវ​បុរាណ​ប្រវែង​ប្រហែល​១២​គីឡូម៉ែត្រ​ដែល​នៅសល់​ដល់​បច្ចុប្បន្ន​។​
​ស្ពាន គឺជា​ផ្នែក​មួយ​នៃ​រចនាសម្ព័ន្ធ​ផ្លូវ​បុរាណ​នីមួយៗ ដែល​តែងតែមាន​ប្រឡាយទឹក​អម​សងខាង​ផ្លូវ និង​មាន​ទីតាំង​ទួល​មនុស្ស​រស់នៅ ស្រះ​ទឹក ប្រាសាទ សាលាសំណាក់ មន្ទីរ​ព្យាបាល​រោគ​នៅតាម​បណ្តោយ​ផ្លូវ​។​

​ក្រោយពី​កំណាយ​ស្រាវជ្រាវ​ឃើញ​រចនា​សម្ពន្ធ​ផ្លូវ​បុរាណ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ពិចារណា​ក្នុង​ការលើក​គម្រោង​អភិរក្ស​និង​អភិវឌ្ឍន៍​ប្រកបដោយ​ដោយ​ចីរភាព ដើម្បី​លើក​តម្លៃ​កំណាត់​ផ្លូវ​បុរាណ​នេះ​ឡើងវិញ​ឱ្យ​ក្លាយជា​បេតិកភណ្ឌ​រស់​។​
​បន្ថែម​ពី​នោះ​នឹង​បន្ត​ស្រាវជ្រាវ​កំណាត់​ផ្លូវ​បុរាណ​ដទៃទៀត​ដែល​ស្ថិត​នៅក្រៅ​ឧទ្យាន​អង្គរ ដើម្បី​លើក​តម្លៃ​ផ្លូវ ស្ពាន​បុរាណ និង​សំណង់​បុរាណ​ដែល​នៅតាម​បណ្តោយ​ផ្លូវ​ឱ្យបាន​គង់វង្ស​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន