Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ប្រវត្តិ​បុណ្យមាឃបូជា​

នៅ​ថ្ងៃ​សៅរ៍ ១៥​កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ គឺជា​ថ្ងៃ «​បុណ្យមាឃបូជា​» ជា​ថ្ងៃ​ដ៏​នក្ខត្ត​ឬ​ក្សមាន​សារៈសំខាន់​នៅក្នុង​វិស័យ​ពុទ្ធសាសនា ប្រហាក់ប្រហែល​នឹង​បុណ្យ​ពុទ្ធសាសនា​ដទៃទៀត​ដែរ និង​ស្រដៀង​គ្នា​ជាមួយ បុណ្យពិសាខបូជា , អាសាឍ​បូជា និង បុណ្យ​បវារណា (​ចេញ​វស្សា​)​។​

​បុណ្យមាឃបូជា​នេះ​ជា​បុណ្យ​តាម​កាល​ច្បាស់លាស់ ហើយ​ជា​រៀងរាល់ឆ្នាំ​ព្រះសង្ឃ និង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​នៅ​បណ្តា​វត្ត​អារាម​នានា​ក្នុង​ខេត្តសៀមរាប ក៏ដូចជា​នៅ​ទូទាំងប្រទេស និង​ទូទាំង​សកលលោក ដែល​ជឿ​គោរព​តាម​ព្រះ​ពុ​ទ្ឋ​សាសនា បាន​ស្រុះស្រួល​ជ្រះថ្លា​រៀបចំ​ពី​ធី​បុណ្យ​ទៅតាម​ល​ទ្ឋ​ភាព​ក្នុង​អារាម​រៀងៗ​ខ្លួន ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល​ព្រះ​សា​ម្មាស​ម្ពុ​ទ្ឋ ដាក់​ព្រះ​ជន្មាយុ​សង្ខារ​ចំពោះមុខ​មារ ជា​ថ្ងៃ​ប្រជុំ​ចតុរង្គសន្និបាត និង​ជា​ថ្ងៃ​ដែល​ព្រះ​សម្មាស​ម្ពុ​ទ្ឋ​សម្តែង​ឱវាទបាតិមោក្ខ ។​

​សារៈសំខាន់​ដែល​ព្រះសង្ឃ​និង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​តែងតែ​ប្រារ​ព្ឋ​ថ្ងៃ​មាឃបូជា គឺ​បាន​ប្រយោជន៍​ដល់​ពុទ្ធសាសនិកជន បាន​យល់ដឹង គោល​ធម៌ និង​គោលជំហរ​របស់​ព្រះពុទ្ធសាសនា , បណ្តុះ​សទ្ធា​ប្រជា​ពុ​ទ្ឋ​បរិស័ទ​កាន់តែ​ជ្រះថ្លា​ឡើង ក្នុង​ការគោរព​ប្រតិបត្តិ​តាម នូវ​គោល​ធម៌​របស់​ព្រះសម្មាសម្ពុទ្ធ ហើយ​ប្រជា​ពុ​ទ្ឋ​បរិស័ទ​បាន​បដិបត្តិ​តួនាទី​ក្នុងនាម​ជា​ពុទ្ធសាសនិកជន ក្នុង​ថ្ងៃ​មាឃបូជា​នេះ និង​លើសពីនេះ បាន​ជួយ​ជ្រោមជ្រែង​វិស័យ​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា ឲ្យ​ស្ថិតស្ថេរ​ចេរកាល​យូរអង្វែង​ផងដែរ​។​

​បុណ្យមាឃបូជា ប្រារព្ធ​ឡើង​ដើម្បី​រំលឹក​ដល់​ថៃ្ង​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើត​ព្រះពុទ្ធសាសនា​ឡើង​ក្នុង​លោក នា​ប្រទេស​ឥណ្ឌា កាលពី​៥៨៨​ឆ្នាំ មុន​គ្រិស្តសករាជ នា​ថៃ្ង​ទី​១៥​កើត ខែមាឃ ក្រោយពី​ការ​ត្រាស់ដឹង​របស់​ព្រះអង្គ​ចំនួន ៩ ខែ​គត់​។​

​ការបង្កើត​ព្រះពុទ្ធសាសនា ធ្វើឡើង​នៅក្នុង​ចំណោម ព្រះសង្ឃ​ចំនួន ១.២៥០​អង្គ សុ​ទ្ឋ​តែ​ជា​ឯ​ហិ​ភិក្ខុ ជា​សមាជិក ក្នុង​អង្គ​មហាសន្និបាត ហើយ​នៅក្នុង​ចតុរង្គសន្និបាត ឬ​ហៅថា​មហាសន្និបាត ជា​កិច្ចប្រជុំ​ប្រកបដោយ​អង្គ​៤​នោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់​បានតែងតាំង​អគ្គសាវ័ក​ឆ្វេង​ស្តាំ និង​ប្រកាស​នូវ​គោលការណ៍ ចំនួន​១១ ប្រការ សម្រាប់​ឲ្យ​សមាជិក​មហាសន្និបាត​ទាំងអស់​កាន់​យក​ជា​វិថី​ជីវិត និង​សម្រាប់​យកទៅ​ផ្សព្វផ្សាយ​ដល់​ជន​ដទៃទៀត ឲ្យ​បាន​យល់​ពី​ពុទ្ធសាសនា ដែល​គោលការណ៍​ទាំងនេះ មានឈ្មោះ​ជា ភាសាបាលី​ថា «​ឱវាទ​បាដិមោក្ខ​»​។​

​ព្រះ​ពុ​ទ្ឋ​បរមគ្រូ ទ្រង់​ប្រទាន​ឱវាទ​បាដិមោក្ខ ដល់​មហាសន្និបាត​ក្នុង​វត្ត​វេឡុវ័ន ជា​វត្ត​ដំបូងបង្អស់​ក្នុង​ព្រះពុទ្ធសាសនា ស្ថិតនៅ​ក្រុង​រាជគ្រឹះ នៃ​មគធរដ្ឋ​របស់​ព្រះបាទ​ពិម្ពិសារ ក្រោយពី​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​ត្រាស់ដឹង អនុត្តរសម្មាសម្ពោធិ​ញាណ​កន្លង​ហើយ​បាន ៩​ខែ គឺ មុន ព​.​ស​.៤៥​ឆ្នាំ ។​

​មូលហេតុ​សំខាន់​ដែល​ព្រះសង្ឃ​សមណៈ​ទូត​ទាំងនោះ មកជួប​ប្រជុំគ្នា​ក្នុង​វត្ត​វេឡុវ័ន​នោះ ព្រោះ​ថ្ងៃពេញបូណ៌មី​ខែមាឃ​នោះ ត្រូវ​នឹង​ថ្ងៃ​សិវរាត្រី​របស់​សាសនាព្រាហ្មណ៍ ។ ក្នុង​ថ្ងៃ​សិវរាត្រី​នេះ សាសនិក​ព្រាហ្មណ៍ តែង​ប្រារព្ធ​ពិធី​លាងជម្រះ​បាប​បូជា​ព្រះ​សិវៈ ព្រោះហេតុនោះ​ព្រះសង្ឃ​ទាំងនោះ​ទើប​ធ្វើដំណើរ​ទៅ​គាល់​ព្រះ បរម សាស្តា​ដែល​ទ្រង់​ធ្វើ​ពុទ្ធដំណើរ​ចេញ ពី​ល្អាង​សុករ​ខា​តា មក​គង់ប្រថាប់ នៅក្នុង​វត្ត​វេឡុវ័ន ។​

​ក្នុង​ថ្ងៃនោះ មាន​ហេតុការណ៍​សំខាន់​៤​យ៉ាង​កើតឡើង​គឺ​៖

១. ព្រះសង្ឃ​សមណៈ​ទូត ១.២៥០​អង្គ​ដែល​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់​បញ្ជូន​ទៅកាន់​តំបន់​ផ្សេងៗ​ដើម្បី​ផ្សព្វផ្សាយ គោល​ធម៌​បាន​វិល​ត្រឡប់មក​ចូលគាល់​ព្រះអង្គ​វិញ យ៉ាង​ព្រមព្រៀងគ្នា (​ស​ព្វេ ខី​ណា​សវា​) ។ សូមជម្រាបថា​៖ ព្រះសង្ឃ​ដែល​ធ្វើដំណើរ​ទៅ​ផ្សព្វផ្សាយ​ពុទ្ធធម៌​នោះ មិនមែន​ធ្វើដំណើរ​ទៅ​ព្រម​គ្នា​ទាំង ១.២៥០ អង្គ​នោះទេ ប៉ុន្តែ​ធ្វើដំណើរ​ទៅ​តែមួយ​អង្គឯង​ប៉ុណ្ណោះ មានន័យថា ធ្វើដំណើរ​ទៅ​ដាច់ដោយឡែក​ពីគ្នា ការដែល​ព្រះសង្ឃ​អង្គ​នីមួយៗ ធ្វើដំណើរ​ទៅ​វត្ត​វេឡុវ័ន​ដោយ​មិនបាន​ណាត់​ទុកជាមុន​ដូចជា​ណាត់គ្នា​ជាដើម ទើប​ចាត់ជា​ហេតុការណ៍​អស្ចារ្យ ។​

២. ព្រះសង្ឃ​ទាំងអស់​សុទ្ធតែជា​ឯ​ហិ​ភិក្ខុ ដែល​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់​បំបួស ឲ្យ​ដោយផ្ទាល់​ដែល ហៅថា ឯ​ហិ​ភិក្ខុ​ឧបសម្បទា​(​ស​ព្វេ ឯ​ហិ​ភិក្ខុ​កា​) ។​

៣. ព្រះសង្ឃ​ទាំងអស់​សុទ្ធតែជា​ព្រះអរហន្ត​បាន​ដល់ អភិញ្ញា ៦ គឺ សម្តែងឫទ្ធិ​បាន​,​ត្រចៀក​ទិព្វ​, ភ្នែក​ទិព្វ​, កំណត់​ដឹងចិត្ត​អ្នកដទៃ​, រលឹកជាតិ​បាន និង​អស់​អាសវៈ មកជួប​ប្រជុំគ្នា​ក្នុង​វត្ត​វេឡុវ័ន ដោយ​មិនបាន ណាត់​មត់​ទុកជាមុន (​ស​ព្វេ អ​និ​ម​ន្តិ​តា​) ។​

៤. ថ្ងៃ​ដែល​ព្រះសង្ឃ​ទាំងអស់​ជួបប្រជុំគ្នា​នោះ ត្រូវ​នឹង​ថ្ងៃពេញបូណ៌មី​ខែមាឃ (​មាឃ​ន​ក្ខ​ត្តេ បុ​ណ្ណ​ច​ន្ទោ​)​។​

​តើ​ព្រះសង្ឃ​ទាំង​១.២៥០​អង្គ​នោះ​ចេញ​មកពី​ប្រភព​ណាខ្លះ​? ប្រភព​នៃ​ព្រះសង្ឃ​ទាំង ១.២៥០​អង្គ​នោះ​គឺ​៖
​ក​. សិស្សគណ​របស់​ព្រះ​ឧ​រុ​វេ​លក​ស្សបៈ​ចំនួន​៥០០​អង្គ​
​ខ​. សិស្សគណ​របស់​ព្រះ​នទី​ក​ស្សបៈ​ចំនួន​៣០០​អង្គ​
​គ​. សិស្សគណ​របស់​ព្រះ​គ​យា​ក​ស្សបៈ​ចំនួន​២០០​អង្គ​
​ឃ​.​សិស្សគណ​របស់​ព្រះ​សារីបុត្រ​និង​ព្រះ​មោគ្គល្លាន​ចំនួន​២៥០​អង្គ​។​

​សរុប​ព្រះសង្ឃ​ទាំងអស់​១.២៥០​អង្គ​ដោយ​មិន​រាប់បញ្ចូល​ព្រះ​ឧ​រុ​វេ​លក​ស្សបៈ , ព្រះ​នទី​ក​ស្សបៈ , ព្រះ​គ​យា​ក​ស្សបៈ , ព្រះ​សារីបុត្រ និង​ព្រះ​មោគ្គល្លាន​នោះទេ បើ​រាប់បញ្ចូល​៥​អង្គ​នេះ​ទៀត បានជា​១.២៥៥ អង្គ​។ ព្រោះ​ដោយ​អច្ឆរិយហេតុ​កើតឡើង​មិន​នឹកស្មាន​ដល់​បែបនេះ ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​ទើប​ទ្រង់​ឆ្លៀតឱកាស​នោះ សម្តែង​ឱវាទ​បាដិមោក្ខ​ដល់​ព្រះសង្ឃ​ចំនួន ១.២៥០​អង្គ​នោះ ដោយ​ទ្រង់​កំណត់​គោលនយោបាយ ក្នុងការ​ផ្សព្វផ្សាយ​ព្រះពុទ្ធសាសនា​៥​ចំណុច​គឺ​៖

​ក​. ឧ​ត្ត​ម​គតិ​បាន​ដល់ អំណត់​អត់ធ្មត់​ចាត់ជា​ការតស៊ូ​យ៉ាង​សិ្វ​ត​ស្វា​ញ (​អភ័យ​ទាន​ផ្នែក​នយោបាយ​)​។​

​ខ​. គោលបំណង​បាន​ដល់ ព្រះ​និព្វាន​ចាត់ជា​គោលបំណង​ខ្ពង់ខ្ពស់​របស់​ព្រះពុទ្ធសាសនា (​សាធារណៈប្រយោជន៍​)​។​

​គ​. វិធី​បដិបត្តិ​បាន​ដល់ មិន​រំលោភ​សិទ្ធិមនុស្ស​និង​សត្វ (​សិទ្ធិមនុស្ស​)​។​

​ឃ​. គោលការណ៍​មាន ៣​ចំណុច​គឺ​៖
– មិន​ធ្វើអំពើ​អាក្រក់​ទាំងពួង (​សន្តិសុខ​)
– ធ្វើអំពើ​ល្អ​ឲ្យ​ដល់​ព្រម (​ប្រយោជន៍​សង្គម​)
– ធ្វើ​ចិត្ត​របស់ខ្លួន​ឲ្យ​ផូរផង់​(​អត្តា​ភិ​វឌ្ឍន៍​)​។​

​ង​. វិធីសាស្ត្រ ឬ​គោលនយោបាយ​មាន​៦​ចំណុច​គឺ​៖
– មិន​បរិហារកេរ្តិ៍​បុគ្គល​ណា​(​វចីសុចរិត​=​សណ្ហវាចា​,​សច្ចវាចា​,​អ​បិ​សុណ​វាចា​,​ម​ន្តា​វាចា​;​ឃោសនាការ​)
– មិន​ធ្វើទុក្ខបុកម្នេញ​បុគ្គល​ណា (​អហិង្សា ឬ សន្តិវិធី​)
– គោរព​ក្រមសីលធម៌ (​ចរិយាសាស្ត្រ​)
– ស្គាល់ប្រមាណ​ក្នុង​អាហារ (​សេដ្ឋកិច្ច​)
-​អង្គុយ​ឬ​សិង​ក្នុង​ទី​ស្ងាត់ (​នគរូបនីយកម្ម​)
– ប្រកប​ព្យាយាម​ក្នុង​អធិចិត្ត (​សិក្សាធិការ​)​។​
​ដែល​ទាំង​៥​ចំណុច​ខាងលើនេះ ចាត់ជា​គោលនយោបាយ​របស់​ព្រះពុទ្ធសាសនា ហើយ​ថ្ងៃ​មាឃបូជា​ចាត់ជា​ថ្ងៃ​ព្រះធម៌​, ថ្ងៃ​វិសាខបូជា​ចាត់ជា​ថ្ងៃ​ព្រះពុទ្ធ , ថ្ងៃ​អាសា​ឡ្ហ​បូជា​ចាត់ជា​ថ្ងៃ​ព្រះសង្ឃ​។​

​តើ​ប្រារព្ធ​ពិធី​មាឃបូជា​បាន​ប្រយោជន៍​អ្វីខ្លះ ? ប្រយោជន៍​នៃ​ថ្ងៃ​មាឃបូជា​គឺ ៖
១. ពុទ្ធសាសនិកជន​បាន​យល់ដឹង​យ៉ាង​ត្រឹមត្រូវ ដល់​សារៈសំខាន់​នៃ​ថ្ងៃ​មាឃបូជា​នេះ​។​
២. យល់ដឹង​គោល​ធម៌ និង​គោលជំហរ​របស់​ព្រះពុទ្ធសាសនា​។​
៣. បណ្តុះ​សទ្ធា​ជ្រះថ្លា​កាន់តែ​ភិយ្យោភាព​ឡើង ក្នុង​គោល​ធម៌​របស់​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​។​
៤. បាន​បដិបត្តិ​តួនាទី​របស់​ពុទ្ធសាសនិក​ជន ក្នុង​ថ្ងៃ​មាឃបូជា​នេះ​។​
៥. បាន​ជួយ​ជ្រោមជ្រែង​ព្រះពុទ្ធសាសនា ឲ្យ​ស្ថិតស្ថេរ​ចេរកាល​យូរអង្វែង​។​

​ថ្ងៃ​មាឃបូជា​ចាត់ជា​គ្រឿង​ពិសោធ និង​វាស់វែង​គុណភាព​នៃ​ពុទ្ធសាសនិកជន ឲ្យ​ឃើញថា​បុគ្គល​ណា​ជា​ពុទ្ធសាសនិកជន​សកម្ម ឬ អសកម្ម​នៅថ្ងៃនេះ​ឯង ប្រៀបដូចជា​កញ្ចក់​ឆ្លុះ​បំភ្លឺ​មុខ​ដូច្នោះ ព្រោះហេតុនោះ បើ​បាន​ឋានៈ​ជា​ពុទ្ធសាសនិកជន ហើយ​មិនត្រូវ​កន្តើយ​នឹង​កាតព្វកិច្ច​របស់ខ្លួន​នោះទេ ត្រូវ​ព្យាយាម​លើកស្ទួយ​ឋានៈ​ពុទ្ធសាសនិកជន​របស់​ខ្លួន​ឲ្យ សកម្ម​ឡើង​ការធ្វើដំណើរ​ទៅកាន់​វត្ត ឬ មណ្ឌល​ពុទ្ធ សាសនា​មិនមែនជា​ការងារ​ធ្ងន់ធ្ងរ​ឡើយ​។ ផ្ទុយទៅវិញ ជាការ​ជួយ​លើកស្ទួយ​គុណភាព​ជីវិត​ផ្នែក​ចិត្ត វិញ្ញាណ​របស់ខ្លួន​ឲ្យ​ប្រសើរឡើង តាម​គោលការណ៍​ចំណុច​ទី​២​ថា ធ្វើអំពើ​ល្អ​ឲ្យ​ដល់​ព្រម ពោលគឺ​បណ្តុះ​ចិត្ត​ឲ្យ​ស្ថិតក្នុង​បុណ្យ​កុសល​នោះឯង​។​

​សង្ឃឹមថា យើង​ម្នាក់ៗ​អាច​ទាញយក​ប្រយោជន៍​បាន​ខ្លះ ពី​ថៃ្ង​មាឃបូជា​នេះ នឹង​អញ្ជើញ​នាំគ្នា​ធ្វើ​បុណ្យទាន រក្សាសីល និង​សមាធិ​សម្អាតចិត្ត​របស់ខ្លួន​ក្នុង​ថៃ្ង​នេះ ដើម្បី​បូជា និង​រំលឹក​ចំពោះ​គុណ ព្រះសម្មាសម្ពុទ្ធ​ដែល​ព្រះអង្គ បាន​បង្កើត​ព្រះពុទ្ធសាសនា សម្រាប់​ជា​មា​គ៌‌ា​ជីវិត​ដល់​ពួកយើង​ទាំងអស់គ្នា​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន