Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អាជ្ញាធរ​ជាតិ​អប្សរា ចាប់ផ្តើម​ដំណើរការ​ស្ថាបនា​ផ្លូវ​វាង មុខ​ព្រះ​លានជល់ដំរី នៅ​ដើមខែ​កុម្ភៈ​នេះ​

សៀមរាប​៖ គម្រោង​ស្ថាបនា​ផ្លូវ​កៅស៊ូ​ថ្មី នៅលើ​គន្លង​ផ្លូវដី​ក្រហម​ចាស់ ដែលមាន​អាយុកាល​តាំងពី​ឆ្នាំ​១៩១២ ដែលមាន​ទីតាំង​នៅមុខ​បរិវេណ​ប្រាសាទ​សួរ​ព្រ័ត្រ ជំនួស​ការប្រើប្រាស់​ផ្លូវ​កៅស៊ូ បច្ចុប្បន្ន​មុខ​ព្រះ​លានជល់ដំរី នឹង​ចាប់ផ្តើម​ដំណើរការ​សាងសង់ នៅ​ដើមខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ ដោយ​ប្រើ​រយៈពេល​៥​ខែ​។​

​ឯកឧត្តម យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា បាន​លើកឡើងថា ការធ្វើ​ផ្លូវ​វាង​នេះ​គឺ​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ទៅលើ​រចនា​សម្ពន្ធ​នៃ​ព្រះ​លានជល់ដំរី​ដោយសារ​រំ​ញ័រ​ពី​ការបើកបរ​រថយន្ត និង​ផ្សែង​ពុល​ពី​យានយន្ត​គ្រប់​ប្រភេទ ពិសេស​ដើម្បី​រក្សា​សុវត្ថិភាព​របស់​ភ្ញៀវទេសចរ​ពេល​ដើរ​ឆ្លងកាត់​ទៅ​ទស្សនា​ប្រាសាទ​ជៀសវាង​មាន​គ្រោះថ្នាក់​ផ្សេងៗ ព្រោះ​ផ្លូវ​កៅស៊ូ​ចាស់​នេះ​នៅជាប់​នឹង​ព្រះ​លានជល់ដំរី​ខ្លាំងពេក​។​

​ឯកឧត្តម​បន្ថែមថា ការស្ថាបនា​ផ្លូវ​ថ្មី​នេះ​មាន​ប្រវែង​សរុប ១៤២៧​ម៉ែត្រ ទទឹង​៦​ម៉ែត្រ ជា​ប្រភេទ​ផ្លូវ​កៅស៊ូ​ពណ៌​ក្រហម​ចាស់ ដែល​ផ្តើមចេញពី​ផ្លូវកែង​ជ្រុង​ខាងកើត​ឈៀង​ខាងជើង​នៃ​ប្រាសាទ​បា​យ័ន្ត ឆ្ពោះទៅ​ខ្លោងទ្វារ​ដី​ឆ្នាំង ដោយ​បត់​ឆ្វេង​មុន​ទៅដល់​ប្រាសាទព្រះពិធូរ ភ្ជាប់​ទៅនឹង​ផ្លូវ​កៅស៊ូ​ចាស់ មុខ​វត្ត​ទេពប្រណម្យ​។​

​ក្រោយពេល​សាងសង់​ផ្លូវ​នេះ​រួចរាល់ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ផ្អាក​ការប្រើប្រាស់​ផ្លូវ​កៅស៊ូ​បច្ចុប្បន្ន​ទាំងស្រុង ហើយ​កែលម្អ​ផ្លូវ​នោះ​ជា​សួន​ដាំ​ស្មៅ ដើមឈើ​ដើម្បី​ឱ្យមាន​ទេសភាព និង​បរិស្ថាន​ល្អ​ស្អាត​នៅមុខ​ព្រះ​លានជល់ដំរី ក៏ដូចជា​នៅក្នុង​បរិវេណ​ក្រុង​អង្គរធំ​ទាំងមូល​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន