Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កម្ពុជា ចូលរួមបើក​ព្រឹត្តិការណ៍ «​កាលានុវត្តភាព​ធុរកិច្ច ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា ២០២០»

កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២០ ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍ «​កាលានុវត្តភាព​ធុរកិច្ច​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា ២០២០» ដែល​រៀបចំឡើង​ដោយ​ស្ថានទូត​នៃ​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា និង​សភាពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា នៅ​សណ្ឋាគារ​រ៉ូ​ស​វូត រាជធានី​ភ្នំពេញ ពីថ្ងៃ​ទី​០៦-០៧ ខែកុម្ភៈ ឆ្នាំ​២០២០​។

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ជម្រាបជូន​ថា វិស័យ​កសិកម្ម ជា​វិស័យ​អាទិភាព​មួយ​ដែលមាន​កំណត់​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាបជូន​ពី​ផលិតផល​កសិកម្ម​មួយចំនួន ដូចជា​ស្រូវ​-​អង្ករ ពោត សណ្ដែកសៀង ដំឡូង​មី ស្វាយ ស្វាយចន្ទី កៅស៊ូ បន្លែ ត្រី សាច់ ដែល​សុទ្ធសឹង​ជា​ផលិតផល​សក្ដានុពល សម្រាប់​ជា​ព័ត៌មាន​ជូន​ដល់​ធុរជន​ជាតិ និង​អន្តរជាតិ ពិចារណា​ក្នុង​ការធ្វើ​អាជីវកម្ម ឬ​វិនិយោគ​នៅ​កម្ពុជា​។
​ឯកឧត្តម​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​លើ​ការលើកកម្ពស់​ខ្សែចង្វាក់​តម្លៃ និង​ការកែច្នៃ​ផលិតផល​កសិកម្ម ជា​ការងារ​អាទិភាព​មួយ ដើម្បី​ទ្រទ្រង់​វិស័យ​កសិកម្ម​ឲ្យ​មានការ​រីកចម្រើន​មួយចំណែក​ទៀត ដោយ​ក្នុងនោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើក​ជា​ឧទាហរណ៍​ការកែច្នៃ​ដំឡូង​មី​ទៅជា​ម្សៅ គ្រាប់​ថ្នាំ ថង់ អេតាណុល និង​ជាវ​ត្ថុ​ផ្សេងៗ​ទៀត ដែល​សកម្មភាព​ទាំងនោះ នឹង​បង្កើត​ការងារ បង្កើន​ចំណូល និង​ធ្វើ​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​មានការ​រីកចម្រើន​។

​ជាមួយគ្នា ឯកឧត្តម​រដ្ឋមន្ត្រី បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​អាមេរិក ក៏ដូចជា​ក្រុមហ៊ុន​ក្នុងស្រុក ពិចារណា​លើ​ការវិនិយោគ​បន្ថែម​លើ​ការកែច្នៃ​ផលិតផល​កសិកម្ម ដោយបាន​លើកឡើង​អំពី​បរិយាកាស​វិនិយោគ​ល្អប្រសើរ​របស់​កម្ពុជា​។​

​សូម​ជម្រាបជូន​ថា ចំពោះ​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​សហរដ្ឋអាមេរិក ទំហំ​ពាណិជ្ជកម្ម​ក្នុង​ឆ្នាំ​២០១៩ គឺមាន​សរុប​ប្រមាណ ៥,៤ ប៊ី​លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ខែវិច្ឆិកា ស្មើនឹង​កំណើន​ប្រមាណ ២៧,៤% បើ​ប្រៀប​នឹង​ឆ្នាំ​២០១៨​។ ក្នុងនោះ​ផងដែរ វិស័យ​កសិកម្ម​ក៏​រួមចំណែក​មួយចំនួន​ដ៏​សំខាន់ ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន