Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ភ្នំម្រេចកង្កែប ជាឋានសួគ៌ធម្មជាតិ កំពុងបណ្តែតខ្លួនលើកំពូលភ្នំសមុទ្រព្រៃ

ខេត្តកោះកុង៖ នៅលើពិភពលោកយើងនេះ នរណាក៏ដឹងដែរថា ព្រៃឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារជំនន់ទឹកភ្លៀង រួមចំនែកយ៉ាងសំខាន់លើការផ្គត់ផ្គង់ទឹកនិងថាមពល កាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ និងរួមចំណែកដល់ការកាត់បន្ថយការបម្រែបម្រួលអាកាសធាតុនិងទីកន្លែងទេសចរណ៍ធម្មជាតិ ផងដែរ។

បន្ថែមលើនេះទៀតគម្រោងទូទាត់សម្រាប់សេវាកម្មអេកូឡូស៊ី ក៏អាចផ្តល់នូវឱកាសសម្រាប់អភិវឌ្ឍសកម្មភាពសេដ្ឋកិច្ចនានា ដោយជាមួយគ្នានោះ ជួយគាំទ្រដល់ការងារអភិរក្ស បើគិតមកដល់ឆ្នាំ ២០១៩ នេះ សហគមន៍ការពារធម្មជាតិទាំងអស់ ដែលស្ថិតនៅតំបន់អភិរក្សដោយក្រសួងបរិស្ថានមានចំនួនប្រមាណ ១៦៨សហគមន៍។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងបែបនេះក្នុងអំឡុងពេលដែល ឯកឧត្តម រដ្ឋមន្ត្រីបានទទួលការស្វាគមន៍និងអមដំនើរដោយគណៈប្រតិភូក្រសួងបរិស្ថាន និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងជួបសំណេះសំណាលសាកសួរសុខទុក្ខ និងថ្លែងអំណរ គុណដល់មន្ត្រីឧទ្យានុរក្សនៅលើកំពូលភ្នំម្រេចកង្កែប តំបន់អារ៉ែង ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង ក្នុងភូមិសាស្ត្រស្រុកថ្មបាំង ខេត្តកោះកុង នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០។

ម្រេចកង្កែបក៏ជាឋានសួគ៌សមុទ្រព្រៃធម្មជាតិនៃតំបន់អារ៉ែង ដែល ពោរពេញដោយសក្តានុពលទេសចរណ៍ធម្មជាតិខ្ពស់ត្រដែតស្ថិតក្នុងស្រុកថ្មបាំង នៃខេត្តកោះកុង។ដោយសារតែទេសភាពដ៏ល្អត្រកាល និងគ្របដណ្តប់ដោយសមុទ្រឈើទាំងនេះហើយ ទើបមានទេសចរជាច្រើនដែលមកដល់ បានចាត់ទុកទីនោះថា ជាទីមនោរម្យ មានចំរាក់ភ្នំ រុក្ខជាតិនិងជីវៈចម្រុះដ៏សម្បូណ៌បែប និងជាទីកន្លែងដែលមានភាពទាក់ទាញគួរឱ្យចង់ស្នាក់នៅលម្ហែរកាយ។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ត្រីឧទ្យានុរក្ស ដែលកន្លងមកតែងតែចូលរួមចែករំលែកលះបង់កម្លាំងកាយចិត្ត ពុះពាររាល់ការលំបាក ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិទាំងនេះ។ដោយមើលឃើញកំនើនភ្ញៀវទេសចរណ៍ឡើងមកលេងកំសាន្តនៅលើទឹកដីតំបន់ភ្នំម្រេចកង្កែប កាន់តែមានការកើនឡើងជាបន្តបន្ទាប់ ដាច់ខាតតែងតែមានតម្រូវការជាក់ស្តែងពីភ្ញៀវទេសចរណ៍ ស្របពេលដែលពួកគេកំពុងបាននាំចំណូលពីការចាយវាយមកកាន់តំបន់មួយនេះ ក៏កាន់តែមានការកើនឡើងជាលំដាប់។

ដើម្បីជំរុញអោយវិស័យទេសចរណ៍ក្នុងតំបន់មួយនេះ កាន់តែមានភាពល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមតម្រូវការរបស់ភ្ញៀវទេសចរណ៍ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាគ្រោងដាក់ ទិសដៅធ្វើយ៉ាងណាឱ្យសហគមន៍មានចំណូលបន្ថែម ពីបង្កើតជម្រើសថ្មីសម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិតដើម្បីកាត់ផ្តាច់ពីការពឹងអាស្រ័យលើអនុផលព្រៃឈើ ការបរបាញ់សត្វដែលជាទម្លាប់មានពីយូរលង់ណាស់មក ហើយរបស់ប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន ដោយផ្តោតសំខាន់លើការបង្កើតមុខរបរថ្មីបម្រើឱ្យវិស័យអេកូទេសចរណ៍ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វមានដូចជា ពពែ គោ ជ្រូកនិង ការដាំដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្ការសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្ត នៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋផងដែរ៕                  ប្រភព :ក្រសួងបរិស្ថាន

Advertisement

Facebook

អ្វីដែល​គេកំពុងអាន