Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្នុង​ឆ្នាំ​២០២០! គ្រោះថ្នាក់​ចរាចរណ៍ ថយចុះ ៩៤២​លើក អ្នកស្លាប់​ថយចុះ ៣៣៥​នាក់ ស្មើ​១៧​ភាគរយ​

​ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែងថា រយៈពេល​ពេញ​មួយឆ្នាំ​២០២០​នេះ ពោលគឺ​ចាប់ពី​ខែមករា ដល់​ខែធ្នូ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅ​ទូទាំងប្រទេស​បាន​ថយចុះ​គួរឱ្យកត់សម្គាល់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩​។​

​របាយការណ៍​បង្ហាញថា​នៅ​ឆ្នាំ​២០២០ គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយចុះ​ចំនួន​៩៤២​លើក ស្មើនឹង​២៣​ភាគរយ ពោលគឺ​នៅ​ឆ្នាំ​២០២០​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​សរុប​៣១៧៩​លើក ខណៈ​កាលពី​ឆ្នាំ​២០១៩​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​សរុប​ចំនួន​៤១២១​លើក​។​

​ការថយចុះ​ជាង​២០​ភាគរយ​នៃ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​២០២០ បានធ្វើឱ្យ​ចំនួន​អ្នកស្លាប់​ថយចុះ​៣៣៥​នាក់ ស្មើ​១៧​ភាគរយ​។ កាលពី​ឆ្នាំ​២០១៩​គ្រោះថ្នាក់​ចរាចរណ៍​បាន​ផ្ដាច់​យកអាយុ​ជីវិត​អ្នកដំណើរ​១៩៨១​នាក់ ប៉ុន្តែ​ឆ្នាំ​២០២០​ចំនួន​អ្នកស្លាប់​បាន​ថយ​មក​នៅត្រឹមតែ​១៦៤៦​នាក់ ប៉ុណ្ណោះ​។​

​ចំណែក​អត្រា​អ្នករងរបួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ក៏មាន​ការ​ថមថយ​ដូចគ្នា​ដែរ គឺ​ថយចុះ​ចំនួន​១៤៥៥​នាក់ ស្មើ​២៤​ភាគរយ ដ្បិត​នៅ​ឆ្នាំ​២០២០​មាន​អ្នករងរបួស​ស​៤៦៨៦​នាក់ នៅ​គ្រា​ដូចគ្នា​កាលពី​ឆ្នាំ​២០១៩​មាន​អ្នករបួស​ចំនួន​៦១៤១​នាក់​។​

“​ផ្អែកលើ​លទ្ធផល​នេះ ក្នុងនាម​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ខ្ញុំ សូម​សម្ដែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ និង​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ផ្លូវ​ដ៏​ច្រើន​លើសលប់ ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​”​។​

​សម្តេច ស ខេង បាន​មានប្រសាសន៍ថា​” ខ្ញុំ​ក៏​សូម​អំពាវនាវ​នគរបាល​ចរាចរណ៍​ទូទាំងប្រទេស សូម​បន្ត​ប្រកាន់ខ្ជាប់​នូវ​ការអនុវត្ត​តួនាទី​ភារកិច្ច ដើម្បី​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ និង​សូម​បងប្អូន​ជនរួមជាតិ​ទាំងអស់​បន្ត​ចូលរួម​គោរព​ច្បាប់ និង​បើកបរ​ប្រកបដោយ​ស្មារតី​ប្រុងប្រយ័ត្ន​ដើម្បី​យើង​អាច​ឈានទៅ​កាត់បន្ថយ​ចំនួន​អ្នកស្លាប់ និង​រងរបួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យមក​នៅ​កម្រិត​កាន់តែ​ទាប​ជាង​នេះ​”៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន