Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឆ្នាំ​២០២០! កម្ពុជា រកចំណូលបាន​ជាង ៤៨០​លាន​ដុល្លារ ពី​ការនាំចេញ​ផលិតផល​ជ័រ និង​ដើម​កៅស៊ូ

​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានបញ្ជាក់​ឲ្យ​ដឹងថា នៅ​ឆ្នាំ​២០២០ កម្ពុជា​ទទួលបាន​ចំណូល​ចំនួន ៤៨២ ៧៦០ ០០០ ដុល្លារ​អាមេរិក ពី​ការនាំចេញ​ផលិតផល​ជ័រកៅស៊ូ និង​ដើម​កៅស៊ូ​។​

​ក្នុងការ​នាំចេញ​ដែលមាន​ទឹកប្រាក់​ជាង​៤៨០​លាន​ដុល្លារ​នេះ​រួមមាន​៖ ការនាំចេញ​ផលិតផល​ជ័រកៅស៊ូ សម្រេចបាន​ទឹកប្រាក់ ៤៧៨ ៦៦០ ០០០​ដុល្លារ​អាមេរិក និង​នាំចេញ​ដើម​កៅស៊ូ មាន​ទឹកប្រាក់ ៦ ១៦០ ០០០​ដុល្លារ​អាមេរិក​។​

​បើតាម​ក្រសួងកសិកម្ម រហូតមកដល់​ពេលនេះ​កម្ពុជា មាន​ផ្ទៃដី​ដាំ​ដុះ​កៅស៊ូ ចំនួន ៤០១ ៩១៤ ហិកតា ក្នុងនោះ​ផ្ទៃដី​កៅស៊ូ​ឧស្សាហកម្ម ចំនួន ២៤០ ៨១១ ហិកតា ស្មើនឹង​៦០% និង​ផ្ទៃដី​កៅស៊ូ​ជា​លក្ខណៈ​គ្រួសារ ចំនួន ១៦១ ១០៣ ហិកតា ស្មើនឹង​៤០%​។​

​ចំពោះ​ផ្ទៃ​ដែល​អាចចៀរ​ជ័រកៅស៊ូ​បាន​ចំនួន ២៩០ ០១៣​ហិកតា ដែល​ទទួលបាន​ទិន្នផល​ជា​មធ្យម ចំនួន​៣.១៣​តោន​ក្នុង​១​ហិកតា សរុប​ទិន្នផល​ទទួលបាន​ចំនួន ៣៥​ម៉ឺន​តោន​។​

​សូមបញ្ជាក់ថា ឆ្នាំ​២០១៩ កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ជិត​៣០​ម៉ឺន​តោន ទទួលបាន​ចំណូល​ជិត​៤០០​លាន​ដុល្លារ​។ ជ័រកៅស៊ូ​កម្ពុជា បាន​នាំចេញ​ទៅកាន់​ប្រទេស​ចិន វៀតណាម ស​ង្ហិ​បុរី និង​ម៉ាឡេស៊ី​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន