Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

សមត្ថកិច្ច​ចុះ​ឆែកឆេរ​ផ្ទះ របស់​ខ្មាន់កាំភ្លើង ដែល​បាញ់សម្លាប់នាយរង​ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានីភ្នំពេញ

កម្លាំង​នគរបាល ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​នគរបាល រាជធានី​ភ្នំពេញ នៅថ្ងៃទី៥ មករានេះ បានចុះទៅ​ធ្វើការ​ពិនិត្យ​និង​ស្រាវជ្រាវ​ផ្ទះរបស់ខ្មាន់កាំភ្លើង ដែលបាញ់​សម្លាប់​នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌ​កម្រិត​ស្រាលរាជធានីភ្នំពេញ ដែលស្ថិត​នៅ​ផ្ទះលេខ​B9 ផ្លូវ​បេតុង​បុរី​ទឹម សា​ខន ស្ថិតនៅ​ក្នុងភូមិ​តា​កេរ សង្កាត់​កំបូល ខណ្ឌ​កំបូល។​

​ក្រោយពេល​ធ្វើការ​ពិនិត្យ​ជាក់ស្តែង គឺ​ផ្ទះ​របស់​ជនសង្ស័យ​នេះ បាន​ចាក់សោរ ទុកចោល​គ្មាន​មនុស្ស​នៅឡើយ ហើយក៏​ឆែក​មិនឃើញ​អ្វី​ដែរ ហើយ​គណៈកម្មការ​ចម្រុះក៏​បានសម្រេច​ឃ្លុមបេ ចាក់សោរ​ផ្ទះ​ទុក រួច​ប្រគល់​ទៅ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន ឃ្លាំមើល​បន្តទៀត ។​

គួ​រំលឹកថា កាលពី​ម៉ោង ១២​និង​០៥​នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ នៅតាម​បណ្តោយ មហាវិថី​សហព័ន្ធរុស្ស៊ី ទល់មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិតនៅ​ក្នុងភូមិ​ក្បាលដំរី​ទី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ករណី​បាញ់ប្រហារ នាយរង​ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ​ម្នាក់ បណ្តាលឱ្យ​បាត់បង់​ជីវិត ដែល​បង្កឡើង​ដោយ​ជនដៃដល់ មាន​គ្នា​២​នាក់ ផ្ដើមចេញពី​រឿង គ្រោះថ្នាក់​ចរាចរណ៍​។​

​ក្រុម​ឃាតករ បើករថយន្ត ម៉ាក Lexus RX-300 ពណ៌​ខ្មៅ ១​គ្រឿង ពាក់​ស្លាក​លេខ សៀមរាប 2A-4546 បុក​ពីក្រោយ​រថយន្ត ម៉ាក FORD Raptor F-150 ពាក់​ស្លាក​លេខ​ភ្នំពេញ 2BD-3738 របស់​ជនរងគ្រោះ បណ្ដាល​ឲ្យ​រង​ការខូចខាត ហើយ​ប្រុង​គេចខ្លួន តែ​ត្រូវ​ជនរងគ្រោះ ដក​កាំភ្លើង​ភ្ជង់​ឲ្យ​ឈប់​។ ក្រោយមក ពេលដែល​ជនរងគ្រោះ ភ្លេចខ្លួន ក៏ត្រូវ​ជនដៃដល់ ដក​កាំភ្លើង​បាញ់ ជាច្រើន​គ្រាប់ រួច​គេចខ្លួនបាត់​តែម្ដង។

​លុះដល់​ថ្ងៃទី​៣ ខែមករា ទើបកម្លាំង​ស្នងការដ្ឋាន​នគរបាល ខេត្តបាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ កែ ចាន់​មាន ដែលជា​អ្នកបើករថយន្ត នៅ​ចំណុច​ផ្ទះជួល ជិត​ប​ច្ឆា​វត្ត​ទួល​តា​ឯក ស្ថិតក្នុង​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង។​

ចំណែកឯខ្មាន់កាំភ្លើង ​កាលពី​វេលា​ម៉ោង ៩​និង​៥០​នាទី យប់​ថ្ងៃទី​៤ ខែមករា បាន​បើករថយន្ត ចេញពី​ខេត្តស្ទឹងត្រែង ទៅកាន់​ខេត្ត​រតនគីរី ហើយ​បន្ត​ចូលទៅ​កាន់ ខេត្ត​មណ្ឌល​គី​រី ហើយ​ពេលទៅដល់​ស្រុក​កោះ​ញែក ជនសង្ស័យ បាន​បើករថយន្ត​បំ​បុក បា​រ៉ា​ស់​សមត្ថកិច្ច រត់គេច​ចូល​ព្រៃ​បាត់​។ ប៉ុន្តែ​ពេលនោះ កម្លាំង​ម​នគរបាល បាន​ឃាត់ខ្លួន​ស្ត្រី​២​នាក់ និង​ក្មេង​ម្នាក់ ដែល​ត្រូវជា​ប្រពន្ធ​កូន និង​ប្អូន​សាច់ថ្លៃ របស់ ជនសង្ស័យ។

ហើយ​បើតាម​សេចក្តីរាយការណ៍​ចុងក្រោយថា ពេលនេះ​ជនសង្ស័យ​បាន​ទៅដល់ស្រុក​លំផាត់ ខេត្តរតនគិរី ហើយ​ពេលនេះ សមត្ថកិច្ច​កំពុង​តែធ្វើ​ការ​ឡោមព័ទ្ធ និង​ស្វែងរក៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...