Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អាជ្ញាធរ​ក្រុងព្រះសីហនុ បើក​កិច្ចប្រជុំ ស្តីពី​ការរៀបចំ​សណ្តាប់ធ្នាប់ និង​ការគ្រប់គ្រង​សំណល់​រឹង​-​រាវ សំរាម​នៅតាម​បណ្តោយ​ឆ្នេរ​អូរ​ឈើទាល​

​ព្រះសីហនុ​៖ កាលពី​រសៀល​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០២១ រដ្ឋបាល​ក្រុងព្រះសីហនុ បាន​បើក​កិច្ចប្រជុំ​ស្តីពី​ការរៀបចំ​សណ្តាប់ធ្នាប់ និង​ការគ្រប់គ្រង​សំណល់​រឹង​-​រាវ សំរាម​នៅតាម​បណ្តោយ​ឆ្នេរ​អូរ​ឈើទាល ក្រោម​អធិបតីភាព​លោក អ៊ី សុខ​ឡេង អភិបាល នៃ​គណៈ​អភិបាលក្រុង​ព្រះសីហនុ និង​បានការ​អញ្ជើញ​ចូលរួម​ពី​មន្ទីរ​ទេសចរណ៍ មន្ទីរ​បរិស្ថាន មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន មន្ទីរ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី អធិការនគរបាល​ក្រុង ចៅសង្កាត់​លេខ​៤ ក្រុមហ៊ុន​សំរាម​KSWM និង​បងប្អូន​អាជីវករ​នៅតាម​បណ្តោយ​ឆ្នេរ​អូរ​ឈើទាល សរុប​ចំនួន ៣៤​នាក់​។​

​ស្ថិតក្នុង​កិច្ចប្រជុំ​លោក​អភិបាលក្រុង មានប្រសាសន៍​ណែនាំ​ដល់​អាជីវករ​ឆ្នេរ​អូរ​ឈើទាល​ពាក់ព័ន្ធ​នឹង​ការស្នើសុំ​អាជ្ញាប័ណ្ណ​អាជីវកម្ម​ឱ្យបាន​គ្រប់​ទីតាំង ការរៀបចំ​ស្លាក​អាជីវកម្ម​ឱ្យមាន​សោភ័ណភាព ការចូលរួម​រៀបចំ​សណ្តាប់ធ្នាប់​បរិស្ថាន​ជុំវិញ​ទីតាំង​អាជីវកម្ម និង​ការ​វេច​ខ្ចប់​សំរាម​ឱ្យបាន​ត្រឹមត្រូវ ដើម្បីអោយ​ក្រុមហ៊ុន​ទៅ​ប្រមូល​អោយបាន​ស្អាត​។
​ក្នុងនោះ​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ក៏បាន​ផ្សព្វផ្សាយ​ពី​ការជំរុញអោយ​អាជីវករ​ធ្វើ​អាជ្ញាប័ណ្ណ​អាជីវកម្ម ការរៀបចំ​បន្ទប់ទឹក​ស្អាត រៀបចំ​ចំណតរថយន្ត ផ្លូវ​ថ្មើរជើង​មុខ​-​ក្រោយ​តូប​អាជីវកម្ម ការងារ​សណ្តាប់ធ្នាប់ ស្លាក​យីហោ​អាជីវកម្ម និង​ការឧបត្ថម្ភ​ផ្សេងៗ​សម្រាប់​បម្រើ​ផលប្រយោជន៍​រួម​នៅ​ទីតាំង​ឆ្នេរ​អូរ​ឈើទាល​។​

​បន្ទាប់មក​ក្រុមហ៊ុន​សំរាម​KSWM បាន​ជម្រាបជូន​អង្គប្រជុំ​ថា នៅ​ទីតាំង​ឆ្នេរ​អូរ​ឈើទាល​នេះ ក្រុមហ៊ុន​បាន​ទៅ​ប្រមូល និង​ដឹកជញ្ជូន​សំរាម​ជា​រៀងរាល់ថ្ងៃ (១​ដង​ក្នុង​១​ថ្ងៃ​) ដោយ​ប្រមូល​ពី​ម៉ោង ៥​ព្រឹក ដល់​ម៉ោង ៧​ព្រឹក ហើយ​ក្រុមហ៊ុន​នឹង​បន្ថែម​ការប្រមូល​សំរាម ១​ដង​ទៀត​នៅ​ថ្ងៃ​សុក្រ​-​សៅរ៍​-​អាទិត្យ ដោយ​បន្ថែម​ការប្រមូល​ចាប់ពី​ម៉ោង​១០​ព្រឹក ដល់​ម៉ោង ១២​ថ្ងៃត្រង់​។​

​ជា​ចុងបញ្ចប់​អាជីវករ​ឆ្នេរ​អូរ​ឈើទាល ដែល​បាន​អញ្ជើញ​ចូលរួម​ប្រជុំ​នា​រសៀល​នេះ ទទួលបាន​នូវ​ផែនការ និង​ការផ្សព្វផ្សាយ​របស់​អង្គប្រជុំ ដោយ​យកទៅអនុវត្ត និង​ផ្សព្វផ្សាយ​បន្ត​ដល់ទី​តាំង​ដែល​មិនបាន​ចូលរួម ដើម្បី​សោភ័ណ​តំបន់ឆ្នេរ​អូរ​ឈើទាល​ស្អាត ការចូលរួម​សម្អាត​អនាម័យ ការចូលរួម​ប្រឡងប្រណាំង​ឆ្នេរ​ស្អាត និង​ទីក្រុង​ស្អាត​របស់​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន