Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អ្នក​បុរាណវិទ្យា បង្ហាញ​ពី​អាថ៌កំបាំង​នូវ​ព្រឹត្តិការណ៍ “​យប់​វែង​ជាង​ថ្ងៃ និង​អាថ៌កំបាំង​ជាមួយ​ផ្ទាំង​ចម្លាក់​តាម​ថែវ​ប្រាសាទអង្គរវត្ត​”

​ខេត្តសៀមរាប​៖ គេ​តែង​ដឹង​ជាទូទៅ​នូវ​ព្រឹត្តិការណ៍​សំខាន់ៗ​ដែល​កើត​មាននៅ​ប្រាសាទអង្គរវត្ត នោះ​គឺ​វេលាយប់​និង​ថ្ងៃ​ស្មើគ្នា ជាមួយនឹង​ព្រឹត្តិការណ៍​ព្រះអាទិត្យ​រះ​ចំ​ប្រាង្គ​ក​ណ្ដ​ល​ប្រាសាទអង្គរវត្ត​។ ក្រៅពី​ព្រឹត្តិការណ៍​នេះ មាន​វេលា​ពីរ​សំខាន់ៗ​ទៀត នោះ​គឺ​វេលា​ថ្ងៃ​វែង​ជាង​យប់ និង​វេលាយប់​វែង​ជាង​ថ្ងៃ​។ យ៉ាងណា មាន​មនុស្ស​តិច​ណាស់​ដែល​បាន​សង្កេត និង​ដឹង​រឿងរ៉ាវ​នូវវេលា​ទាំងនេះ​។

​អ្នក​បុរាណវិទ្យា​បង្ហាញ​ពី​អាថ៌កំបាំង​នូវ​ព្រឹត្តិការណ៍​យប់​វែង​ជាង​ថ្ងៃ និង​អាថ៌កំបាំង​ជាមួយ​ផ្ទាំង​ចម្លាក់​តាម​ថែវ​ប្រាសាទអង្គរវត្ត​។​ ​លោក អ៊ឹម សុខ​រិទ្ធី បុរាណ​វិទូ និង​ជា​ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានបង្ហាញ​នូវ​តឹកតាង​មួយចំនួន នៃ​វេលាយប់​វែង​ជាង​ថ្ងៃ ដែល​សាធារណ​គួរ​តោង​ចាប់អារម្មណ៍​។

ក្នុង​ទំនៀម​នៃ​ព្រហ្មញ្ញសាសនា វេលាយប់​គឺ​មានន័យថា សភាវៈ​អាក្រក់​មានអំណាច ឬ​បារមី​ខ្លាំង​ជាង​សភាវៈ​ល្អ​។ តួយ៉ាង ក្នុង​វេលាយប់​វែង​ជាង​ថ្ងៃ ដែល​កើតមាន​ចំ​ថ្ងៃទី​២១ ខែធ្នូ នោះ គឺ​ពន្លឺ​នៅពេល​ព្រឹក បាន​ចាំង​លើ​រូបចម្លាក់​ជាស​ភាវៈ​អាក្រក់ និង​ស្រមោល​នៃ​សសរ​តាម​ថែវ​ប្រាសាទ បាំងបិទ​លើ​ចម្លាក់​សំខាន់ៗ​ដែលជា​តួអង្គ​នៃ​សភាវៈ​ល្អ​ឬ​ពពួក​ទេព​។

ជា​អ្នកតាមដាន និង​យល់​ពីសារ​ប្រ​យោ​ជ៍​នៃ​ព្រឹត្តិការណ៍​ខាងលើនេះ លោក អ៊ឹម សុខ​រិទ្ធី បញ្ជាក់ថា ព្រឹត្តិការណ៍​នេះ​គឺ​កើតមាន​ទាំង​នៅ​ថែវ​ខាងកើត​នា​វេលា​ថ្ងៃ​រះ និង​ថែវ​ខាងលិច​នា​វេលា​ពេល​ថ្ងៃ​លិច​។ ហើយ​ព្រឹត្តិការណ៍​នេះ នឹង​ផ្ទុយ​មកវិញ​នា​ថ្ងៃទី​២១ ខែមិថុនា ជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ ដែល​វេលា​ថ្ងៃ​វែង​ជា​យប់​វិញ​ម្ដង​។​

អាថ៌កំបាំង​ដ៏​អស្ចារ្យ ដែល​សាធារណជន​ទូទៅ​មិនសូវ​ចាប់អារម្មណ៍​នេះ គឺជា​ចំណុច​ពិសេស​មួយទៀត​នៃ​ប្រាសាទអង្គរវត្ត ក្រៅពី​ភាព​ថ្កុំថ្កើង​នៃ​រចនាបថ​ហើយ​នោះ​។ តាម​ការយល់ឃើញ​រប​ស់លោក អ៊ឹម សុខ​រិទ្ធី ព្រឹត្តិការណ៍​នេះ មិនមែនជា​រឿង​ចៃដន្យ​នោះទេ តែ​វា​ជាការ​គុណគូរ​ដ៏​ត្រឹមត្រូវ និង​ច្បាស់លាស់​ពី​បុព្វបុរស​ជំនាន់​នោះ ហើយ​បានរៀបចំ​ត្រឹមត្រូវ មុននឹង​ឆ្លាក់​ចម្លាក់​រឿងរ៉ាវ​នានា​តាម​ទីតាំង​នីមួយៗ​៕​

 

Advertisement

Facebook

អ្វីដែល​គេកំពុងអាន