Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឯកឧត្តម ជាវ តា​យ ប្រគល់​ឧបករណ៍​វាស់​កំដៅ និង​បាញ់​ទឹក​អាកុល​ស្វ័យប្រវត្តិ ដល់​សាលា​ចំនួន​៩៩ ក្នុង​ខេត្តកំពត​

​ខេត្តកំពត​៖ នៅ​ព្រឹក​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២១ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​នាំយក​នូវ​ឧបករណ៍​វាស់​កំដៅ​និង​បាញ់​ទឹក​អាកុល​ស្វ័យប្រវត្តិ ចំនួន​៩៩​គ្រឿង​សម្រាប់​ប្រើ​ក្នុង​គោលដៅ បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ដែលជា​អំណោយ​សប្បុរសធម៌​ផ្ដល់​ដោយ ក្រុមហ៊ុន (Prudential) ព្រូ​ដិ​នស​ល (​ខេ​ម​បូ​ឌា ) ឡាយ​ហ៍ អឹ​សូ​រិ​នស៍ ទៅធ្វើ​ការប្រគល់​បែងចែក​បន្ត ជូន​ដល់​លោកគ្រូ អ្នកគ្រូ មកពី​សាលាបឋមសិក្សា និង​ម​ត្តេ​យ្យ​សិក្សា​ចំនួន​៩៩ ក្នុងស្រុក​ក្រុង ទូទាំង​ប្រាំបី​ក្នុង​ខេត្តកំពត​។

​លោក តាក ហាប់ ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ត បាន​ឲ្យ​ដឹងថា អំណោយ​ឧបករណ៍​វាស់​កំដៅ និង​បាញ់​អាកុល​ស្វ័យប្រវត្តិ​ទាំងអស់នេះ ក្រោយពី​ទទួលបាន ហើយ ត្រូវបានធ្វើ​ការបែងចែក​ជូន​ដល់​សាលាបឋមសិក្សា ម​ត្តេ​យ្យ​សិក្សា​នៅតាម​បណ្ដា​ក្រុង ស្រុក ចំនួន​៩៩​សាលា ក្នុងនោះ ក្រុង​កំពត​ចំនួន ១៣​សាលា ស្រុក​ទឹកឈូ ១៣​សាលា ស្រុក​កំពង់ត្រាច​១២​សាលា ស្រុក​បន្ទាយមាស​១២​សាលា ស្រុក​អង្គរជ័យ​១២​សាលា ស្រុក​ដងទង់​១២​សាលា ស្រុក​ឈូក​១៣​សាលា និង​ស្រុក​ជុំ​គិរី​ចំនួន​១២​សាលា​ហើយ​ឧបករណ៍​ទាំងនេះ គឺ​ចែក​ទៅដល់ សាលា​គោលដៅ ក្នុង​ក្រុង​កំពត​ជូន​ដល់​គ្រប់​សាលា​មតេយ្យ​សិក្សា និង​ស្រុក​ទាំង​៧ ក្នុង​ខេត្ត ជូន​ដល់​សាលា​នៅ​ទីប្រជុំជន​។​

​ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​មានប្រសាសន៍​លើក​បញ្ជាក់ថា បញ្ហា ជំងឺ​កូ​វីត​១៩ គឺ​បាន​រាតត្បាត​ជាស​កល​ក្នុង​ពិភពលោក ហើយ​ក្នុងនោះ កម្ពុជា​យើង ក៏បាន​រង នូវ​សម្ពាធ​ដ៏​អាក្រក់​នៃ​ជំងឺ​នេះ​ផងដែរ​។​ ​ហើយ​បញ្ហា​នេះ ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេ​ជោ​ហ៊ុន សែន តែង​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង ពិសេស​ទៅទៀត​នោះបាន​ដាក់ចេញ​នូវ​វិធា​ការណ៍​មុត​ស្រួច​ជា​បន្តបន្ទាប់​នានា ដូចជា​ការបើក ឬ​បិទ​សាលា សម្រាប់​សិស្ស​ចូលរៀន នា​រយៈពេល​កន្លងមក គឺ​ដោយសារ រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងសុខាភិបាល តែងមាន​ការយកចិត្ត​ទុកដាក់ ព្រួយបារម្ភ ចំពោះ​សិស្ស ពិសេស​សិស្ស​ដែលជា​ក្មេង​តូច​នៅ​មិនទាន់មាន​ការយល់ដឹង ចំពោះ​បញ្ហា​ការបង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​នេះ ។

​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត ក៏បាន​ចាត់ទុក​ឧបករណ៍ សម្រាប់ វាស់​កំដៅ និង​បាញ់​ទឹក​អាកុល​ដែលមាន​លក្ខណៈ​ទំនើប​ស្វ័យប្រវត្តិ ដែល​ត្រូវបាន​ចែកជូន​ដល់​សាលា​នាពេលនេះ គឺ​ពិត​ជាមាន​សារៈសំខាន់ សម្រាប់​សិស្ស​ដែលជា​កុមារ​តូចៗ ដូច្នេះ​សូម​លោកគ្រូ​អ្នកគ្រូ ត្រូវយក​ឧបករណ៍​នេះ​ទៅប្រើ​ប្រាស់​ឲ្យ​បាន​ចំ​គោលដៅ ដើម្បី​ប្រយោជន៍​រួមគ្នា​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ពិសេស គឺ​ការទប់ស្កាត់​ឲ្យ​បាន​ដាច់ខាត​នៃ​ការរីក​រាលដាល​ឆ្លង​ចូលដល់​ក្នុង​សហគមន៍​ក្នុង​ខេត្តកំពត ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​៕​

  

Advertisement

Facebook

អ្វីដែល​គេកំពុងអាន