Connect with us

Hi, what are you looking for?

អន្តរជាតិ

ក្រោយប្រឈមបញ្ហាជាច្រើនមុនបញ្ចប់តំណែង លោកត្រាំរកវិធីសាស្ត្រលើកលែងទោសខ្លួនឯង

សារព័ត៌មានNew York Timesរបស់អាមេរិក​បានផ្សាយថា ប្រធានាធិបតីត្រាំ ប្រឈមបញ្ហាជាច្រើន ហើយលោកអាចនឹងរងការចោទប្រកាន់ផ្សេង ៗ ពិសេសគឺសកម្មភាពបាតុករវាយប្រហារ វិមានរដ្ឋសភា ។ ទាំងនោះហើយទើបលោកត្រាំ រកវិធីសាស្ត្រប្រើអំណាចដើម្បីលើកលែងទោសដល់ខ្លួនឯង ។
តាមច្បាប់អាមេរិក ប្រធានាធិបតីនៅកាន់អំណាច គឺមានសិទ្ធិលើកលែងទោស ឬបន្ថយទោស​ដល់ អ្នកទោសដែលបានកាត់ទោសឲ្យជាប់ឃុំ។ នៅពេលនេះដែរ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានពិភាក្សាជាមួយក្រុមមន្ត្រីទីប្រឹក្សារបស់លោក ពីលទ្ធភាពនៃការប្រើប្រាស់អំណាចប្រធានាធិបតី «ដើម្បីលើកលែងទោសឱ្យខ្លួនឯង» ខណៈលោកត្រូវបានគេរំពឹងថា អាចនឹងប្រឈមមុខនឹងពាក្យបណ្ដឹងតាមផ្លូវច្បាប់ជាច្រើន នៅពេលផុតអាណិត្តនៅថ្ងៃទី២០ ខែមករាខាងមុខនេះ។


មន្ត្រីទាំង ០២រូបដែលបានដឹងលឺពីបញ្ហានេះ បានប្រាប់កាសែតអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោក ត្រាំ បានពិចារណា ក៏ដូចជាពិភាក្សាជាមួយក្រុមមន្ត្រីទីប្រឹក្សារបស់លោក ពីលទ្ធភាពនៃការប្រើប្រាស់អំណាចប្រធានាធិបតី ដើម្បីលើកលែងទោសឱ្យខ្លួនឯង តាំងតែពីថ្ងៃបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីខែវិច្ឆិកា ឆ្នាំ២០២០ មកម្ល៉េះ។
គួរបញ្ជាក់ថា កាលពីចុងឆ្នាំ២០២០ លោក ដូណាល់ ត្រាំ បានប្រើប្រាស់អំណាចជាប្រធានាធិបតី លើកលែងទោសឱ្យមនុស្សជំនិតរបស់លោកជាច្រើននាក់ ដែលត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារ ក្នុងនោះរួមមានទាំងបុគ្គលដែលមានជាប់ពាក់ព័ន្ធ នឹងបទឧក្រិដ្ឋកម្មសង្រ្គាមផងដែរ។ បើតាមក្រុមអ្នកច្បាប់ រដ្ឋធម្មនុញ្ញអាមេរិកមិនបានកំណត់ ឬចែងឱ្យច្បាស់ថា តើប្រធានាធិបតីមានអំណាចស្របច្បាប់ក្នុងការ លើកលែងទោសឱ្យខ្លួនឯងបានដែរ ឬក៏យ៉ាងណាឡើយ។
មកទល់នឹងបច្ចុប្បន្ន គ្មានប្រធានាធិបតីអាមេរិកណាម្នាក់ ធ្លាប់បានលើកលែងទោសឱ្យខ្លួននោះឡើយ រីឯក្រុមអ្នកច្បាប់ក៏យល់ស្របដូចគ្នាដែរថា ការលើកលែងទោសឱ្យខ្លួនឯងបែបនេះ អាចនឹងក្លាយជាទង្វើបំពាន់លើរដ្ឋធម្មនុញ្ញ ដ្បិតជាទូទៅគ្មាននរណាម្នាក់អាចក្លាយជាចៅក្រម ហើយកាត់ក្តីលើសំណុំរឿងរបស់ខ្លួនឯងនោះឡើយ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន