Connect with us

Hi, what are you looking for?

អន្តរជាតិ

ជប៉ុននិងកូរ៉េខាងត្បូង​បន្តវិវាទជុំវិញស្ត្រីបម្រើផ្លូវភេទក្នុងសម័យសង្គ្រាម

នៅថ្ងៃទី​៩ខែមករា រដ្ឋមន្ត្រីការបរទេសជប៉ុន លោក​Motegi Toshimitsu បានជួបពិភាក្សាតាមទូរស័ព្ទជាមួយសមភាគី កូរ៉េខាងត្បូងលោកស្រី Kang Kyung-wha ពាក់ព័ន្ធសេចក្តីសម្រេចរបស់តុលាការកូរ៉េខាងត្បូង ទាមទារឱ្យរដ្ឋាភិបាលជប៉ុនសងសំណង​ដល់ស្ត្រីដែលត្រូវទាហានជប៉ុនបង្ខំឲ្យបម្រើផ្លូវភេទក្នុងសង្គ្រាមលោកលើកទីពីរ។

ក្រសួងការបរទេសជប៉ុនលើកឡើងថា រដ្ឋាភិបាលទីក្រុងតូក្យូ មិនទទួលស្គាល់សេចក្តីសម្រេចរបស់តុលាការកូរ៉េខាងត្បូងដែលចេញកាលពីថ្ងៃទី​៨ខែមករានោះឡើយ ដោយសេចក្តីសម្រេចនោះបំពានច្បាប់អន្តរជាតិ​។ លោក​Motegi Toshimitsu ជំរុញឲ្យភាគីកូរ៉េខាងត្បូង​កែប្រែជាបន្ទាន់នូវសកម្មភាពខុសច្បាប់អន្តរជាតិទាំងនោះ។

កន្លងមក​រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី​Kang Kyung-wha បានជួបពិភាក្សាតាមទូរស័ព្ទ ស្នើដល់ភាគីជប៉ុនរក្សាការអត់ធ្មត់ បញ្ចៀសការតបតហួសហេតុទៅលើសេចក្តីសម្រេចរបស់តុលាការ​កូរ៉េខាងត្បូង​។ កន្លងមកនាយករដ្ឋមន្ត្រីជប៉ុន បានលើកឡើងថា តាមច្បាប់អន្តរជាតិ​ប្រទេសដែលមានអធិបតេយ្យគឺមិនអាចទទួលសេចក្តីសម្រេចរបស់តុលាការបរទេសនោះឡើយ​។ ដូច្នេះសេចក្តីសម្រេចរបស់តុលាការកូរ៉េខាងត្បូង គឺត្រូវតែលុបចោល។ សេចក្តីសម្រេចរបស់តុលាការគឺផ្ទុយពី​សន្ធិសញ្ញា​ជប៉ុន​និងកូរ៉េខាងត្បូង ​ដែលបានចុះហត្ថលេខាកាលពីឆ្នាំ​១៩៦៥ ពាក់ព័ន្ធរបបហ្វាស៊ីសជប៉ុន​ដែលគ្រប់គ្រងឧបទ្វីបកូរ៉េ ចាប់ពីឆ្នាំ​១៩១០-១៩៤៥។

នៅក្នុងសង្គ្រាមលោកលើកទីពីរស្ត្រីកូរ៉េរាប់ពាន់នាក់ត្រូវបង្ខំឲ្យបម្រើផ្លូវភេទដល់ទាហានជប៉ុន ហើយបញ្ហាទាំងនោះ​គឺជាចំណុចធ្វើឲ្យជប៉ុននិងកូរ៉េខាងត្បូងប្រឈមមុខតានតឹងនាពេលបច្ចុប្បន្ន៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន