Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្នុង​ឆ្នាំ​២០២០ រោងចក្រ​កាត់ដេរ​១២៩ បិទទ្វារ ប៉ះពាល់​កម្មករ​ជាង ៧​ម៉ឺន​នាក់ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​១៩

​ភ្នំពេញ​៖ ដោយសារ​វិបត្តិ​នៃ​ការរីក​រាលដាល់​ជំងឺ​កូ​វីដ​១៩ ដែល​កំពុង​វាយលុក​សកលលោក​យ៉ាងធ្ងន់ធ្ងរ​នោះ បានធ្វើឱ្យ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា រង​ផលប៉ះពាល់​យ៉ាងខ្លាំង ដោយនៅ​ឆ្នាំ​២០២០ មាន​រោងចក្រ​សហគ្រាស​ក្នុង​វិស័យ​កាត់ដេរ​ចំនួន ១២៩ រោងចក្រ បាន​បិទទ្វារ​លែង​ដំណើរការ ដែល​បាន​ប៉ះពាល់​ដល់​កម្មករនិយោជិត​ជាង ៧០,០០០ នាក់​។​

​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​ថ្លែងថា គិត​រហូតមកដល់​ដើមឆ្នាំ​២០២១​នេះ ស្ថានភាព​ទូទៅ​នៃ​វិស័យ​ការងារ គឺ​បាន​ត្រលប់​មករក​ភាពប្រសើរ​ឡើងវិញ​បន្តិច​ម្ដងៗ ពោលគឺ​ល្អ​ជាង​ដើមឆ្នាំ​២០២០ ដែល​រោងចក្រ​សហគ្រាស​មួយចំនួន​មានការ​ព្យួរ និង​បិទទ្វារ​លែង​ដំណើរការ ដោយ​នាំឱ្យមាន​ផលប៉ះពាល់​ខ្លះ​ដល់​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ​។​
​អ្នកនាំពាក្យ​ខាងលើ​បាន​បន្តទៀតថា ក្នុង​ឆ្នាំ​២០២០ ដដែល​នោះ ក៏មាន​រោងចក្រ​កាត់ដេរ​ចំនួន ១១២ រោងចក្រ បាន​បើក​ថ្មី​វិញ​ដែរ ដែល​បាន​បង្កើត​ការងារ​ដល់​កម្មករនិយោជិត​ចំនួន ២​ម៉ឺន​៣២០៨ នាក់​)​។​

​ទោះជា​យ៉ាងណា សម្រាប់​ឆ្នាំ​២០២១​នេះ កម្ពុជា​រំពឹងថា​ចំនួន​រោងចក្រ​ដែល​បង្កើត​ថ្មីៗ​នឹងមាន​ចំនួន​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០២០ កន្លងទៅ​នោះដែរ ខណៈ​ចុងឆ្នាំ​២០២០ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ក៏បាន​អនុម័ត​គម្រោង​វិនិយោគ​រោងចក្រ​ជា​បន្តបន្ទាប់ ដែល​គេ​នឹង​ដំណើរ​ការសាងសង់​នៅ​ឆ្នាំ​២០២១​នេះ​។​

​ចំពោះ​បញ្ហា​វត្ថុធាតុដើម​សម្រាប់​ដំណើរ​ការផលិត​ក្នុង​វិស័យ​កាត់ដេរ ត្រូវបាន លោក ហេង សួរ បញ្ជាក់ដែរថា មិនមាន​ការខ្វះខាត​នោះឡើយ ពោល​គឺមាន​វត្ថុធាតុដើម​គ្រប់គ្រាន់​តាម​តម្រូវការ​នៃ​ការផលិត​។ រីឯ​ការនាំចេញ​ផលិតផល​កាត់ដេរ គឺមាន​ការធ្លាក់ចុះ​ខ្លះ ប៉ុន្តែ​ផលិតផល​ធ្វើដំណើរ​វិញ គឺមាន​ការកើនឡើង​ជា​ង​មុន ទោះបី​ជួបនឹង​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ក៏ដោយ​។​ លោក​បាន​ថ្លែងបន្តថា «​វិស័យ​កាត់ដេរ​ទាំងមូល​នៅ​កម្ពុជា​អាច​នឹង​វិល​មក​ប្រក្រតីភាព​វិញ ក្រោយពេល​វិបត្តិ​ជំងឺ​កូ​វីដ​១៩​ចប់​»​។​

​សូមបញ្ជាក់ថា វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាស​កល ទាំង​អាយុ​ជី​វិ​របស់​មនុស្សជាតិ វិបត្តិ​សង្គម និង​សេដ្ឋកិច្ច​របស់​ពិភពលោក ក្នុងនោះ​ប្រទេស​កម្ពុជា​ក៏​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ផងដែរ​។ ក្រៅពី​បង្ក​ការឆ្លង​រីក​រាលដាល​ដល់​ប្រជាពលរដ្ឋ ផលប៉ះពាល់​នៃ​ជំងឺ​នេះ​ក៏បង្ក​ជា​វិបត្តិ​ដល់​វិស័យ​មួយចំនួន​ផងដែរ ពិសេស​គឺ​វិស័យ​ការងារ និង​វិស័យ​ទេសចរណ៍ ដែល​រង​ផលប៉ះពាល់​ធ្ងន់​ជាងគេ​។ ​ដូច្នេះហើយ​ទើបបានជា​រាជរដ្ឋាភិបាល​សម្រេច​ប​ញ្ចេ​ញ​កញ្ចប់​ថវិកា និង​ចំណាត់ការ​គ្រប់​រូបភាព ដើម្បី​ជួយ​ទ្រទ្រង់​ដល់​វិស័យ​ទាំងពីរ​នេះ​។​

​កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០ កន្លងទៅ រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ប្រកាស​ជួយ​ដល់​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ​សម្លៀកបំពាក់ ផលិត​ស្បែកជើង ផលិតផល​ធ្វើដំណើរ កាបូប និង​វិស័យ​ទេសចរណ៍ រយៈពេល​បី​ខែ​បន្ថែមទៀត​រហូតដល់​ខែមីនា ឆ្នាំ​២០២១៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...