Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ត្រី​បបែល​ក្រៀម​ជាង ៥​គីឡូក្រាម មាន​សារ​ធាតុគីមី​បូរ៉ា​ក់ ត្រូវបាន​មន្ត្រី​ជំនាញ រកឃើញ​នៅ​ផ្សារ​ត្រាំខ្នារ ខេត្តតាកែវ​

​ខេត្តតាកែវ​៖ កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តតាកែវ ដោយ​ទទួលបាន​ការសហការ​ពី​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត មន្ត្រី​មន្ទីរ​កសិកម្ម និង​អាជ្ញាធរ​ដែនដី បាន​ចុះ​ត្រួតពិនិត្យ​គុណភាព​សុវត្ថិភាព​ម្ហូបអាហារ នៅ​ផ្សារ​ត្រាំខ្នារ ស្ថិតក្នុង​ឃុំ​សូ​ភី ស្រុក​បាទី ខេត្តតាកែវ​។ គោលដៅ​សំខាន់​នៃ​ការត្រួតពិនិត្យ​គឺ​ដើម្បី​ស្រាវជ្រាវ​ទប់ស្កាត់​ការ​ចរាចរណ៍​ទំនិញ​ខូចគុណភាព ក្លែងបន្លំ​ស្លាក​សញ្ញា ផុតកំណត់​កាលបរិច្ឆេទ​ប្រើប្រាស់ និង​មាន​សារធាតុ​គីមី​ហាមឃាត់​។​

​ក្នុង​សកម្មភាព​នេះ មន្ត្រី​ជំនាញ​បានធ្វើ​ការវិភាគ​បឋម​ទៅលើ​គំរូ​ម្ហូបអាហារ​មួយចំនួន​រួមមាន​៖ ខ្ញី​ហាន់ ស្ករត្នោត ទឹក​ត្រាំ​បង្គារ ទឹក​ត្រាំ​មឹក ស្បែក​ជ្រូក​បំពង ត្រី​បបែល​ក្រៀម និង​ពពុះសណ្តែក ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់ ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដ​ល់​សុខភាព​ប្រជាពលរដ្ឋ​។ ជាមួយគ្នា​នោះ មន្ត្រី​ជំនាញ​ក៏បាន​ធ្វើការ​ត្រួតពិនិត្យ​រក​ភាពមិន​អនុលោម​របស់​ទំនិញ​នៅលើ​សម្បក​វេច​ខ្ចប់​ផងដែរ​។

​ជា​លទ្ធផល មន្ត្រី​ជំនាញ​បាន​រកឃើញ ទំនិញ​មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់ និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​បាន​មួយចំនួន​មានដូចជា​៖
⁃ ត្រី​បបែល​ក្រៀម មាន​សារ​ធាតុគីមី​បូរ៉ា​ក់ (Borax) ចំនួន ៥.៥០ គីឡូក្រាម​
⁃ ភេសជ្ជៈ ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ចំនួន ១៨​ដប
⁃ ប្រហិត​ប៉ា​តេ ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ចំនួន ៥ គីឡូក្រាម​
​បន្ទាប់មក មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តតាកែវ បានធ្វើ​កំណត់ហេតុ​ដកហូត ទំនិញ​ទាំងនោះ​យកទៅ​រក្សាទុក ដើម្បី​ធ្វើ​ការដុត​កម្ទេចចោល​នៅពេល​ក្រោយ​។

ទន្ទឹមនឹងនោះ​មន្ត្រី​ជំនាញ​ក៏បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​ផ្សេងទៀត ឱ្យ​យល់ដឹង និង​អនុវត្ត​ទៅតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ព្រមទាំង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ជៀសវាង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ថែមទៀត​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន