Connect with us

Hi, what are you looking for?

កម្សាន្ត

កោះ​តា​ឃួន ខេត្តស្ទឹងត្រែង កំពុង​ទាក់ភ្នែក​អ្នកទេសចរ ឲ្យ​ទៅលេង​កម្សាន្ត​!

​ខេត្តស្ទឹងត្រែង​៖ កោះ​តា​ឃួន ជា​កោះ​មួយ​ក្នុងចំណោម​កោះ​ជាច្រើន​ទៀត​នៅក្នុង​សហគមន៍​អេកូ​ទេសចរណ៍​សម្រស់​កោះ​ហាន ដែល​ស្ថិតនៅ​ក្នុងភូមិ​ជាំ​ធំ ឃុំ​កោះ​ស្នែង ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង​។ កោះ​នេះ​មាន​ចំងាយ​ប្រហែល​២២ គីឡូ​ម៉ែត​ពី​ក្រុង​ស្ទឹងត្រែង​តាមផ្លូវ​ជាតិ​លេខ ៧ ឆ្លងកាត់​តាម​ស្ពាន​សេកុង និង​អាច​ទៅតាម​ផ្លូវជាតិ​លេខ ៩ ដោយ​ឆ្លងកាត់​តាម​ស្ពាន​មេគង្គ ប្រហែល ២៥ គីឡូ​ម៉ែត ដោយ​ប្រើ​មធ្យោបាយ ឡាន ម៉ូតូ និង​កាណូត​។

​កោះ​នេះ មាន​ទំហំ​ទទឹង​ប្រហែល ៧០​ម៉ែត និង​បណ្តោយ​ប្រហែល ១០០ ម៉ែត ហើយ​មាន​ឆ្នេរ​ខ្សាច់​ស្រស់ស្អាត​លាតសន្ធឹង​ល្វឹងល្វើយ​គួរ​ជាទី​គយ​គុន​។ ឆ្នេរ​ខ្សាច់​នេះ​មាន​រាង​ជា​ថ្នាក់ៗ និង​មាន​ដើម​ជ្រៃ​តូចៗ​ដុះ​ជា​គុម្ព​ដែល​ផ្តល់​ជា​ម្លប់ និង​ជា​ជម្រក ហើយ​អាច​បោះតង់ និង​រៀបចំ​កម្មវិធី​នានា​បាន​។ ចំណែក​ទឹកទន្លេ​វិញ មាន​ពណ៌​ខៀវស្រងាត់ មានទឹក​ហូរ​រិចៗ និង​មាន​ជម្រៅ​រាក់ៗ ដែល​អាច​ងូតទឹក​លេង​បាន​យ៉ាង​សប្បាយ​។

​នៅលើ​កោះ​នេះ យើង​ក៏​អាច​មើល​ថ្ងៃ​លិច​នៅពេល​ល្ងាច និង​ថ្ងៃ​រះ​នៅពេល​ព្រលឹម​យ៉ាង​ស្រស់ស្អាត ហើយ​អាច​មើល​សត្វ​ស្លាប​ទឹកជា​ច្រើន​ប្រភេទ និង​មើល​ពី​សកម្មភាព​នេសាទ​របស់​ប្រជា​សហគមន៍​បាន​ផងដែរ​។ នៅលើ​កោះ​ក៏មាន​ការដាំ​ដំណាំ​មួយចំនួន​ផងដែរ​របស់​ប្រជា​សហគមន៍​ដូចជា ដំណាំ​ឪឡឹក ដែល​ពួកគាត់​ទុក​សម្រាប់​ហូប និង​លក់​នៅលើ​ទីផ្សារ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន