Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អគ្គនាយកដ្ឋាន​ពន្ធដា​រ និង​គយ​ ប្រកាស​ដាក់​ឲ្យ​ដំណើរការ​មុខងារ​សន្ធានកម្ម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ទិន្នន័យ ជា​ផ្លូវការ​

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១  អគ្គនាយកដ្ឋាន​ពន្ធដា​រ និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានរៀបចំ​ប្រារព្ធ​ពិធី​ប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​មុខងារ​សន្ធានកម្ម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ទិន្នន័យ​រវាង​អគ្គនាយកដ្ឋាន​ពន្ធដារ និង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។​

​អនុលោម​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រុមការងារ​ចម្រុះ​រវាង​អគ្គនាយកដ្ឋាន​ពន្ធដារ និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ត្រូវបាន​បង្កើតឡើង​តាម​ប្រកា​សលេខ ៥៦៩ សហវ​.​ប្រក ចុះ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ ដើម្បី​សហការ​និង​សម្របសម្រួល​ក្នុងការ​ផ្តល់ជូន​គ្នា​ទៅវិញទៅមក​នូវ​ព័ត៌មាន និង​ទិន្នន័យ ដែល​អាច​បម្រើឱ្យ​ការសិក្សា វិភាគ លើក​វិធាន​ការពង្រឹង​ការគ្រប់គ្រង​និង​បង្កើន​ការប្រមូល​ចំណូល​ពន្ធដារ និង​ចំណូល​ពន្ធគយ ប្រកបដោយ​តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព​និង​ស័ក្តិសិទ្ធិ​ភាព ក៏ដូចជា​ចូលរួម​ពង្រឹង​ការអនុវត្ត បទបញ្ជា​រាជរដ្ឋាភិបាល​ស្តីពី​វិធានការ​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់ និង បង្ក្រាប​អំពើ​គេចវេស​ពន្ធ​នានា​។

​ការដាក់ឱ្យ​ដំណើរការ​នូវ​មុខងារ​សន្ធានកម្ម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ទិន្នន័យ រវាង​អគ្គនាយកដ្ឋាន​ពន្ធដារ និង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា នាពេលនេះ បានបង្ហាញ​ពី​វឌ្ឍនភាព​ថ្មី​នៃ​ការចាប់យក​នូវ​សក្តានុពល និង​កាលា​នុ​វត្ត​នៃ​បច្ចេកវិទ្យា ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរ​ស្ថាប័ន​ឱ្យ​កាន់តែ​ល្អប្រសើរ​បន្ថែម​រវាង​អគ្គនាយកដ្ឋាន​ទាំងពីរ លើ​ការចែករំលែក​ទិន្នន័យ​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ដោយ​ធ្វើ​ទំនើបកម្ម​ភាពទាន់សម័យ ទាន់សភាពការណ៍​នៃ​កំណើនសេដ្ឋកិច្ច និង​កាន់តែ​ច្បាស់លាស់ នៃ​ព័ត៌មាន ទិន្នន័យ ស្របតាម​កម្មវិធី​កែទម្រង់​ដ៏​មុត​ស្រួច​របស់​រាជរដ្ឋាភិបាល ជាពិសេស​កម្មវិធី​កែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​២០១៩- ២០២៣ របស់​រាជរដ្ឋាភិបាល​។

​ទន្ទឹមនេះ ក៏​ជាការ​ចូលរួមចំណែក​ដ៏​សំខាន់​ក្នុង​ការជំរុញ​រដ្ឋាភិបាល​អេ​ឡិ​ក​ត្រូ​និក (e-Government) និង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ជាពិសេស​ជាការ​ឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធិភាព​ផងដែរ ទៅនឹង​ការសម្រួល​ផ្នែក​ធុរកិច្ច (ease of doing business) ផង លើកតម្កើង​ឱ្យមាន​ភាពស្មើគ្នា​នៃ​ការវិនិយោគ​ផង ព្រមទាំង​ឆ្លើយតប​ទៅនឹង​ផលប៉ះពាល់​ពី​ជំងឺ​ផ្លូវដង្ហើម​បណ្តាលមកពី​មេរោគ កូ​វីដ​-១៩ ដែល​តម្រូវឱ្យ​រក្សា​គម្លាត​សង្គម និង​កាត់បន្ថយ​ការជួប​ជុំគ្នា​។​

​ក្រុមការងារ​បច្ចេកទេស​ត​ភ្ជាប់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម បាន​អភិវឌ្ឍ និង​រៀបចំ​លក្ខណៈ​បច្ចេកទេស​រួចរាល់​ជា​ស្ថាពរ ដោយបាន​ដាក់ឱ្យ​ដំណើរការ​សាកល្បង (Soft Launching) នូវ​មុខងារ​សន្ធានកម្ម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ទិន្នន័យ​រវាង​អគ្គនាយកដ្ឋាន​ទាំងពីរ កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។​មុខងារ សន្ធាន​កម្មនេះ នឹង​អនុញ្ញាតឱ្យ​អគ្គនាយកដ្ឋាន​ទាំងពីរ អាច​ទាញយក​ទិន្នន័យ​ចេញពី​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ ឬ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​ស្របតាម​តម្រូវការ​ភ្លាមៗ ប្រកបដោយ​តម្លាភាព និង​សុវត្ថិភាព​ខ្ពស់​។

​ទិន្នន័យ​ដែល​ត្រូវ​ចែករំលែក​តាម​មុខងារ​សន្ធានកម្ម​ប្រព័ន្ធ ស្វ័យប្រវត្តិកម្ម និង​តាម​ការស្នើសុំ រួមមាន​៖
– ព័ត៌មាន​នៃ​ការចុះបញ្ជី​សហគ្រាស​
– ព័ត៌មាន​នៃ​ការប្រកាស​សារពើពន្ធ
– ព័ត៌មាន​នៃ​ការប្រកាស​ប្រតិវេទន៍​ទំនិញ​នាំចេញ​-​នាំចូល​
– ទិន្នានុប្បវត្តិ​ទិញ​-​លក់ និង
– ព័ត៌មាន​ចាំបាច់​មួយចំនួនទៀត​។

​មុខងារ​សន្ធានកម្ម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ទិន្នន័យ​រវាង​អគ្គនាយកដ្ឋាន​ពន្ធដារ និង​អគ្គនាយកដ្ឋាន​
​គយ​និង​រដ្ឋាករ​កម្ពុជា នឹង​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ ចាប់ពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ នេះ​តទៅ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន