Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កម្ពុជា មាន​វត្តមាន​សត្វ​ក្រពើ​ភ្នំ​ច្រើនជាងគេ លើ​ពិភពលោក

​ខេត្តមណ្ឌលគិរី​៖ មន្ត្រី​នៃ​អង្គការ​មូលនិធិ​សាកល​សម្រាប់​ធម្មជាតិ​(WWF) បាន​ថ្លែងថា នាពេល​បច្ចុប្បន្ននេះ កម្ពុជា​នៅ​សេសសល់​ក្រពើ​ភ្នំ ដែលជា​សត្វ​ដ៏​កម្រ​បំផុត​នៅលើ​ពិភពលោក​ចំនួន​ប្រមាណ​២០០-៣០០​ក្បាល ហើយ​ក្នុងចំណោម​នេះ​ស្ថិតនៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​ទឹកដី​ខេត្តកោះកុង និង​មួយចំនួនទៀត​ស្ថិតនៅតាម​តំបន់​ទន្លេស្រែពក​ក្នុង​ទឹកដី​ខេត្តមណ្ឌលគិរី​។​

​នៅក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​សារព័ត៌មាន​ដឹកនាំ​ដោយ​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន នៅ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២១ កញ្ញា MILOU Groenenbrg ប្រធាន​ផ្នែក​តាមដាន​និង​អ្នកស្រាវជ្រាវ​ជីវចម្រុះ​នៃ​អង្គការ​WWF បានឱ្យដឹងថា នៅ​ដង​ទន្លេស្រែពក​និង​ភ្នំ​ព្រេច​ខេត្តមណ្ឌលគិរី​គេ​បាន​ប្រទះឃើញ​ដាន​វត្តមាន​សត្វ​ក្រពើ​ភ្នំ​។

​កញ្ញា​បាន​បន្ត​ឱ្យដឹងថា សត្វ​ក្រពើ​ភ្នំ​ជា​ប្រភេទ​សត្វ​ដែល​អៀន​ច្រើន ហេតុនេះ​គេ​កម្រ​ឃើញ​វា​ដោយផ្ទាល់​ភ្នែក​ណាស់​។ ដោយហេតុនេះ​ដើម្បី​ដឹងថា​វា​ពិតជា​មាន​វត្ត​មាននៅ​កម្ពុជា​នោះ គេ​ចាំបាច់​ត្រូវ​តាមដាន​ពី​ដានជើង រូង​របស់​វា​រស់នៅ ឬក៏​លាមក​របស់​សត្វ​ប្រភេទ​នេះ​ជា​ចាំបាច់​។ យ៉ាងណាក្តី​សម្រាប់​ស្លាកស្នាម និង​អត្តសញ្ញាណ​ដែល​គេ​ដឹងថា សត្វ​ប្រភេទ​នេះ​ពិត​ជាមាន​វត្តមាន​ពិត​ឬក៏​អត់​នោះ មាន​ភាពងាយស្រួល​ដោយសារ​ស្លាកស្នាម​របស់​វា​មាន​ភាពច្បាស់លាស់ និង​ងាយស្រួល​ចំណាំ​ផង​។​

​កញ្ញា MILOU Groenenbrg បាន​ថ្លែង​ដែរ​ថា នៅ​ឆ្នាំ​២០១៩ គេ​បានធ្វើ​ការសិក្សា​ស្រាវជ្រាវ​ពីស​ត្វ​ក្រពើ​ភ្នំ​ម្តងមកហើយ​។ ចំណែក​ក្នុង​ឆ្នាំ​២០២១​នេះ គេ​នឹង​ធ្វើការ សិក្សា​ស្រាវជ្រាវ​ឱ្យបាន​ទូលំទូលាយ​ជាង​ឆ្នាំកន្លងមក​។ ចំពោះ​ការសិក្សា​ស្រាវជ្រាវ​នេះដែរ​គឺ​ប្រយោជន៍​ដើម្បី​អភិរក្ស​ក៏ដូចជា​ស្តារ​នូវ​ពូជ​សត្វ​ប្រភេទ​នេះ​ឱ្យ​កាន់​តែមាន​ច្រើន​នៅ​កម្ពុជា​។ ចំពោះ​ការសិក្សា​នា​ឆ្នាំ​២០២១​នេះដែរ ដើម្បីឱ្យ​បានដឹង​ច្បាស់លាស់​ថា សត្វ​ប្រភេទ​នេះ​មាន​ប៉ុន្មាន​ក្បាល​ហើយ​វា​មាន​វត្តមាន​នៅទីណា​ខ្លះ​នៅ​កម្ពុជា​។​ជាមួយគ្នា​ក្នុងឆ្នាំនេះ​ដែរ​អង្គការ​របស់​WWF​នឹងសិក្សា​ទៅលើ​កត្តា​គំរាមកំហែង​របស់​វា​ផងដែរ​។​

​ទាក់ទិន​ក្នុង​រឿងនេះ​កញ្ញា​MILOU Groenenbrg បាន​គូសបញ្ជាក់ថា នៅ​តំបន់​ទន្លេស្រែពក​ក្នុង​ទឹកដី​ខេត្តមណ្ឌលគិរី​គឺជា​ទីកន្លែង​ល្អ​នៃ​ជម្រក​របស់​វា​ដោយសារ​មិនទាន់មាន​មនុស្ស​ចូលទៅ​រំខាន​វា​ដល់​ទីនោះ​នៅឡើយ​ទេ​។ កញ្ញា​បាន​បន្ត​ឱ្យដឹងថា​ចំពោះ​ការ​ប្រឈម​នៃ​សត្វ​ក្រពើ​ភ្នំ​មានដូចជា​ការ​ប្រមាញ់​យក​ស្បែក ការនេសាទ​ខុសច្បាប់ ,​ការនេសាទ​ដោយ​ខ្សែភ្លើង​ឆក់ និង​ការរក​ពងក្រពើ​ភ្នំ​ពី​សំណាក់​ពលរដ្ឋ​អ្នកស្រុក​ជាដើម​។ ក្រៅពី​ការបាត់បង់​ទីជម្រក ការដែល​សត្វ​ក្រពើ​ប្រភេទ​នេះ​បង្កាត់​ពូជ​ជាមួយ​សត្វ​ក្រពើ​ដទៃទៀត​ដែល​ធ្វើឱ្យ​ពូជ​របស់​វា​លែង​សុទ្ធ​ដូច​កាលពីមុន​។​

​ជុំវិញ​បញ្ហា​ការស្តារ​សត្វ​ក្រពើ​ភ្នំ​ឡើងវិញ​នេះដែរ កញ្ញា MILOU Groenenbrg បានបញ្ជាក់​ថាបើ​សិន​ក​រ​ណី​សត្វ​ប្រភេទ​នេះ​ស្ថិតនៅក្នុង​កម្រិត​មួយ​ប្រឈម​នឹង​ការគំរាមកំហែង​ខ្លាំង​និង​ពិសេស​ការឈាន​ដល់​បាត់បង់​ពូជ​នោះគេ​នឹង​ធ្វើការ​បង្កាត់​ពូជ​វា រួចហើយ​យក​កូន​ក្រពើ​ភ្នំ​ទាំងនោះ​ទៅ​ពន្លែង​ក្នុង​តំបន់​សុ​វត្តិភាព​ដែល​វា​រស់នៅ​។ ទាក់ទិន​ទៅនឹង​ការស្តារ​ឡើងវិញ​នៃ​សត្វ​ប្រភេទ​នេះដែរ​គេ​នឹងធ្វើ​ការជជែក​ជាមួយ​ថ្នាក់​គ្រប់គ្រង​អាជ្ញាធរ​មូលដ្ឋាន​ក៏ដូចជា​មន្ត្រី​ពាក់ព័ន្ធ​ដើម្បី​រក​ភាពច្បាស់លាស់​មួយ​។​សម្រាប់ នៅ​តំបន់​ដង​ទន្លេស្រែពក​គឺជា​ទីកន្លែង​ល្អ​មួយ​ក្នុងការ​ស្តារ​សត្វ​ប្រភេទ​នេះ ដោយសារតែ​វា​ជាទី​តាំង​តំបន់​ស្នូល​ដែលជា​កន្លែង​អភិរក្ស​ដ៏​សំខាន់ ហើយក៏​ស្ថិតនៅ​ឆ្ងាយ​ពី​សហគមន៍​ដែល​ពលរដ្ឋ​រស់នៅ​។​

​ទាក់ទិន​ក្នុង​រឿងនេះ​ដែរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ដែល​បាន​ដឹកនាំ​ក្រុម​អ្នកសារព័ត៌មាន​ចុះ​បំពេញ​ទស្សនកិច្ច​នៅក្នុង​តំបន់​ស្នូល​នៃ​ដែនជម្រកសត្វព្រៃ​ស្រែក​ពក​ខេត្តមណ្ឌលគិរី​បាន​ថ្លែងថា សត្វ​ដ៏​កម្រ​ដែល​ប្រឈម​នឹង​ការបាត់បង់​ពូជ​ពិសេស​សត្វ​ក្រពើ​ភ្នំ និង​សត្វ​ស្លាប​ប្រភេទ​សត្វ​ខ្សឹប សត្វ​ត្រ​យ៉ង​យក្ស សត្វ​ត្មាត នោះ រាជរដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​ក្រសួងបរិស្ថាន​បានរួម​សហការ​ជាមួយ​ដៃគូ​ដោយមាន​វិធានការ​មួយ​ដែល​គេ​កំពុង​ធ្វើ​ដើម្បី​អភិរក្ស​ក្នុងនោះ​វិធានការ​នៃ​ការ​បង្កាត់​ពូជ​ដើម្បី​បង្កើន​បរិមាណ​សត្វ​កម្រ​នេះ និង​លែង​ចូល​ធម្មជាតិ ដើម្បី​រក្សា​នូវ​និរន្តរភាព​នៃ​វត្តមាន​សត្វ កម្រ​ដែល​ជិត​ផុត​ទាំងអស់​នៅ​កម្ពុជា​។​

​ដោយឡែក​លោក សេង ទៀក នាយក​អង្គការ​WWF បានឱ្យដឹង​ដែរ​ថា ការប្រឈមមុខ​បាត់បង់​ពូជ​សត្វ​ក្រពើ​ភ្នំ​មាន​ច្រើន​កត្តា​ក្នុងនេះ​ដូចជា​ក្នុងអំឡុង​ក្នុង​ឆ្នាំ​២០០៣​ដល់​២០០៥​ប្រជាពលរដ្ឋ​បាននាំគ្នា​មក​ប្រមូល​ពង​រប​ស់វា​នៅតាម​តំបន់​ទន្លេស្រែពក ប៉ុន្តែ​បន្ទាប់ពី​តំបន់​ទន្លេស្រែពក​នេះ​ត្រូវបាន​គេ​ដាក់បញ្ចូល​ជា​តំបន់​អភិរក្ស​ធនធានធម្មជាតិ​ស្នូល​មក​សកម្មភាព​នេះ​បាន​លុបបំបាត់​ទៅវិញ​៕​

 

Advertisement

Facebook

អ្វីដែល​គេកំពុងអាន