Connect with us

Hi, what are you looking for?

កម្សាន្ត

អ្នកជំនាញ ចាប់ផ្តើម​ជួសជុល ស្ពាន​តាអោ​ង មាន​អាយុកាល​ជិត​៩០០​ឆ្នាំ

​ខេត្តសៀមរាប​៖ ស្ពាន​តាអោ​ង​ឬ​តា​អុង មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ចុងស្ពាន ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប គឺជា​ស្ពាន​បុរាណ​វែង​ជាងគេ​ក្នុងចំណោម​ស្ពាន​បុរាណ​ចំនួន​២៣​លើ​ដងផ្លូវ​បុរាណ​ពី​អង្គរ​ទៅ​បាកាណ (​ព្រះខ័ន​កំពង់ស្វាយ​)​។

​សព្វថ្ងៃ​ស្ពាន​បុរាណ​នេះ មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​ដែល​បង្កឡើង​ពី​កត្តា​មនុស្ស​និង​ធម្មជាតិ ធ្វើឱ្យ​ផ្នែក​ជាច្រើន​របស់​ស្ពាន​បុរាណ​បាន​ប្រេះ​ញែក​ចេញពី​គ្នា ហើយ​នៅ​ផ្នែក​កណ្តាល​តួ​ស្ពាន​សងខាង ថ្ម​មួយចំនួន​បាន​រលុះ​ធ្លាក់ និង​ផ្នែក​ផ្សេងទៀត​កំពុង​ប្រឈម​នឹង​ការ​រលុះ​ធ្លាក់​ដែរ​។​

​តាម​ការបញ្ជាក់​របស់​លោក ពុទ្ធ សុទ្ធ មន្ត្រី​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​និង​ជា​ប្រធាន​គម្រោង​ជួសជុល​ស្ពាន​តាអោ​ង​ឱ្យដឹងថា​៖ អាជ្ញាធរ​ជាតិ​អប្សរា​ផ្តើម​គម្រោង​ជួសជុល​ដំណាក់កាល​ទី​១​នេះ​ចំនួន​២​ចំណុច​សំខាន់ៗ គឺ​នៅ​ជញ្ជាំង​ស្ពាន​ផ្នែក​ខាងជើង​ដែល​បាន​រលុះ​ធ្លាក់​និង​មាន​រហែក​ធំ​ចេញ​ក្រៅ​ប្រឈម​នឹង​ការ​រលុះ​ធ្លាក់​។ ក្រុមការងារ​នឹងធ្វើ​សម្រង់​ប្លង់ ចុះបញ្ជី​ថ្ម ការជួសជុល​ថ្ម ការរៀបចំ​ពង្រឹង​ជើង​សសរថ្ម​ដែល​រលុះ​ធ្លាក់​ឡើងវិញ ការ​បង្ហាប់ដី​កន្លែង​ច្រោះ​នៅ​គល់ស្ពាន​ខាងលិច​និង​ការរៀបចំ​បង្កាន់ដៃ​នាគ​ដាក់ចូល​តាម​ទីតាំង​ដើម​ឡើងវិញ​។

​ចំពោះ​ប្រវត្តិ​និង​ចំណុច​សំខាន់​នៃ​ស្ពាន​បុរាណ​មួយ​នេះ លោក ពុទ្ធ សុទ្ធ បាន​ប្រាប់ថា​៖ ស្ពាន​តោ​អោ​ង​ឬ​តា​អុង មាន​បណ្តោយ​ប្រវែង​៧០​ម៉ែត្រ ទទឹង​១៣​ម៉ែត្រ និង​មាន​រន្ធត្រដេវ​ចំនួន​១៤​។ រន្ធត្រដេវ​នីមួយៗ​មាន​ទទឹង​ប្រវែង​២​ម៉ែត្រ​និង​កម្ពស់​៦​ម៉ែត្រ​។


ស្ពាន​នេះ​ធ្វើ​អំពី​ថ្មបាយក្រៀម លម្អ​ដោយ​បង្កាន់ដៃ​នាគ​ក្បាល​៩​និង​មាន​ព្រះពុទ្ធ​សមាធិ​នៅ​ចំ​កណ្តាល​ក្បាល​នាគ​ធ្វើ​អំពី​ថ្មភក់​។ ចំពោះ​កាលបរិច្ឆេទ​នៃ​ស្ពាន​នេះ គេ​ពុំ​ដឹង​ច្បាស់​ថា​វា​ចាប់ផ្តើម​កសាងឡើង​ក្នុង​រាជ្យ​ណា​ទេ គឺ​គ្រាន់តែ​ដឹង​ជាទូទៅ​ថា​ស្ពាន​នេះ​សាង​ឡើង​នា​សម័យអង្គរ​។ ប៉ុន្តែ​បើ​មើល​លើ​ចម្លាក់​បង្កាន់ដៃ​នាគ គេ​អាច​ដឹងថា វា​ស្ថិតក្នុង​រចនាបថ​បា​យ័ន្ត (​ឆ្នាំ​១១៨១-១២២០​នៃ​គ្រិស្តសករាជ​)​។

​សូមបញ្ជាក់ថា ស្ពាន​បុរាណ​ដែលមាន​អាយុកាល​ជិត​៩០០​ឆ្នាំនេះ បាន​ប្រារព្ធ​ពិធី​ប្រុង​ពលី​សែន​បួងសួង​សុំ​សេចក្តីសុខ​ចម្រើន​និង​ជោគជ័យ​ក្នុងការ​ជួសជុល​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ ដែលមាន​ឯកឧត្តម គឹម សុ​ធិ​ន អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​និង​សហការី រួម​នឹង​លោក​អភិបាលស្រុក មន្ត្រី​សាលាស្រុក មេឃុំ មេភូមិ កងរាជអាវុធហត្ថ និង​ប្រជាជន​ដែល​រស់នៅ​ក្នុងភូមិ​ជាច្រើន​នាក់​បាន​ចូលរួម​ឱ្យ​ពរជ័យ​។ គម្រោង​ជួសជុល​ស្ពាន​បុរាណ​នេះ បាន​ប្រើ​ថវិកា​មូលនិធិ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ហើយនឹង​បញ្ចប់​គម្រោង​នៅ​ខែមិថុនា ឆ្នាំ​២០២១៕

 

Advertisement

Facebook

អ្វីដែល​គេកំពុងអាន