Connect with us

Hi, what are you looking for?

កីឡា

ឯកឧត្តម ប៉ាន សូរ​ស័ក្តិ ប្រកាស​បិទ​ការប្រកួត​កីឡា​ទោចក្រយាន ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២០

​ខេត្តសៀមរាប​៖ កាលពី​ចុង​សប្តាហ​ន៍​នេះ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន បាន​អ​ញ្ញើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកា​សបិទ​ការប្រកួត​កីឡា​ទោចក្រយាន ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២០ ដែល​បាន​ធ្វើឡើង​នៅ​ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​ឯកឧត្តម លោកជំទាវ លោក លោកស្រី​គណៈប្រតិភូ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត អាជ្ញា​ធម៌​ខេត្ត គ្រូបង្វឹក កីឡាករ​-​កីឡាការិនី​ជាច្រើនរូប​ទៀត​។​

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន បាន​សម្ដែង​នូវ​ការកោតសរសើរ ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​យ៉ាង​ល្អ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដែល​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់កម្លាំង​កាយ​ចិត្ត ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​នេះ​ប្រកបដោយ​ភាពរលូន និង​ទទួលបាន​ជោគជ័យ​ជា​ផ្លែផ្កា​។​

​ឯកឧត្តម​ប្រធាន​សហព័ន្ធ បាន​លើកឡើងថា តាមរយៈ​ការអនុវត្ត​គោលនយោបាយ​ឈ្នះ​ឈ្នះ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទេស​កម្ពុជា​ទទួលបាន​សន្តិភាព​ពេញលេញ និង​ត្រូវបាន​អន្តរជាតិ​ទទួលស្គាល់ថា មានការ​ផ្លាស់ប្ដូរ​យ៉ាង​ល្អប្រសើរ​ទាំង​ទិដ្ឋភាព​នយោបាយ សន្តិសុខ សេដ្ឋកិច្ចសង្គម និង​ទទួលបាន​នូវ​កាលានុវត្តភាព​ថ្មីៗ​ពុំ​ធ្លាប់មាន ទាំង​សម្រាប់​ការងារ​កែទម្រង់​ស៊ីជម្រៅ​ដើម្បី​អភិវឌ្ឍ ការពង្រីក​មូលដ្ឋាន​កំណើនសេដ្ឋកិច្ច​ជាប្រចាំ ព្រមទាំង​ទទួលបាន​នូវ​ទំនុកចិត្ត​ឱ្យទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងការ​រៀបចំ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ នៅ​ឆ្នាំ​២០២៣ នាពេល​ខាងមុខនេះ​។​

​សូមបញ្ជាក់ថា ការប្រកួត​កីឡា​ទោចក្រយាន​ជ្រើសរើស​ជើងឯក​ថ្នាកជាតិ បាន​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​២២ រហូតដល់​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២១ មាន​ពីរ​វិញ្ញាសារ​ធំៗ គឺ​ទី​១​វិញ្ញាសា​កង់​គួ​ក (Road Bike) ដែលមាន​៖ កង់​គួ​ក​បុរស​ឈុត​ធំ (Men Elite Road Bike) កង់​គួ​ក​បុរស​ថ្នាល (Men Junior Road Bike) និង​កង់​គួ​ក​បុរស អាយុ​ចាប់ពី​៤០​ឆ្នាំ​ឡើង (Men Master Road Bike)​។ ទី​២​វិញ្ញាសា​កង់​ភ្នំ (Mountain Bike) ដែលមាន​៖ កង់​ភ្នំ​បុរស​ឈុត​ធំ (Men Elite Mountain Bike) កង់​ភ្នំ​បុរស​ថ្នាល (Men Junior Mountain Bike ) កង់​ភ្នំ​នារី (Women Mountain Bike ) កង់​ភ្នំ​បុរស អាយុ​ចាប់ពី​៤០​ឆ្នាំ​ឡើង (Men Master Mountain Bike )​។

​ដោយ​ក្នុងនោះ​ប្រាក់រង្វាន់​ជ័យលាភី​ចំណាត់ថ្នាក់​លេខ​១ ទទួលបាន ៥០០,០០០​រៀល ចំណាត់ថ្នាក់​លេខ​២​ទទួលបាន ៤០០,០០០​រៀល ចំណាត់ថ្នាក់​លេខ​៣​ទទួលបាន ៣០០,០០០​រៀល ចំណាត់ថ្នាក់​លេខ​៤​ទទួលបាន ២០០,០០០​រៀល ចំណាត់ថ្នាក់​លេខ​៥​ទទួលបាន ១៥០,០០០​រៀល និង​មាន​រង្វាន់​លើកទឹកចិត្ត​មួយចំនួនទៀត​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន