Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឯកឧត្តម វេ​ង សាខុន បន្ត​ចុះ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ត្រី នៅ​ស្រុក​ស​ន្ធុ​ក

ខេត្តកំពង់ធំ​៖ ពីថ្ងៃ​ទី​២៦ ដល់​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២១ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អញ្ជើញ​ទៅ​ចូលរួម​វេទិការ​ជាតិ​អេកូ​ទេស ចរណ៍​លើក​ទី​២ វាយតម្លៃ​លើ​វឌ្ឍនភាព​វិស័យ​វារីវប្បកម្ម ក​សិ​-​ឧស្សាហកម្ម (​ចេកអំបូង​លឿង​) និង​សាកវប្បកម្ម​។

​សូមជម្រាបថា នៅ​ខេត្តកំពង់ធំ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១​នេះ ឯកឧត្តម​រដ្ឋមន្ត្រី រួម​ដំណើរ​ដោយ​ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ធំ និង​សហការី​បាន​អញ្ជើញ​ចុះមក​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​របស់លោក សុខ រ៉ា​ដែន ប្រធាន​សមាគម​វា​រី​វប្បករ​កម្ពុជា នៅ​ភូមិ​ស្មោ ឃុំ​កំពង់ថ្ម ស្រុក​សន្ទុក​។

​លោក​ប្រធាន​សមាគម បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ជ្រាបថា កសិដ្ឋាន​បានចាប់ផ្តើម​ដំណើរការ​នៅ​ឆ្នាំ​២០១១​។ បច្ចុប្បន្ន​មាន​ចិញ្ចឹម​ត្រី​ឆ្ពិន ត្រី​ប្រា និង​ត្រី​ក្រាញ់​។ ដោយមាន​ការគាំទ្រ​យ៉ាង​ពេញ ទំហឹង​ពី​ក្រសួង រដ្ឋបាល​ជលផល មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត និង​អាជ្ញាធរ​មូល ដ្ឋា​ន បច្ចុប្បន្ន​កសិដ្ឋាន​បាន​ពង្រីក​សក្តានុពល​ចិញ្ចឹម​ដល់​ទៅ ៤២​ស្រះ មាន​ធំ មាន​តូច ក្នុងនោះ​ផល​ចាប់​អាច​ទទួល​បានជា​មធ្យម​ចំនួន ២០០​តោន​/​ឆ្នាំ សម្រាប់​ផ្គត់​ផ្គង​ឲ្យ​ទីផ្សារ​ក្នុង​តំបន់ ខេត្ត និង​រាជធានី​ភ្នំពេញ​។ ដោយសារ​សេចក្តីត្រូវកា​រ​ទីផ្សារ​ដែល​ចេះតែមាន​ការកើនឡើង លោក​ប្រធាន​សមាគម ថា​នឹង​បង្កើន​ផលិតកម្ម​វារីវប្បកម្ម​ក្នុង​កសិដ្ឋាន​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​ឡើង​ទាំង​បរិមាណ និង​គុណភាព​។

​បន្ទាប់ពី​បាន​អញ្ជើញ​ពិនិត្យ​សកម្មភាព​ឲ្យ​ចំណី​ត្រី​ក្នុង​កសិដ្ឋាន និង​បាន​ជ្រាប​អំពី​ដំណើរការ​វិវឌ្ឍន៍​រីកចម្រើន​ក្នុង​កសិដ្ឋាន​រួចមក ឯកឧត្តម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លោក សុខ រ៉ា​ដែន ដែល​បាន​វិនិយោគ​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​ត្រី​នៅ​តំបន់​នេះ ដែល​សកម្មភាព​នេះ​សមស្រប​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ កាលពី​ថ្ងៃទី​១៤ ខែកក្កដា​កន្លងមក​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប ខេត្តព្រៃវែង ដែល​បាន​ចង្អុល ណែនាំ គាំទ្រ និង​លើក ទឹកចិត្ត​ឲ្យ​ប្រជាកសិករ​ខិតខំ​ចិញ្ចឹម​ត្រី និង​កង្កែប​ជា​លក្ខណ​គ្រួសារ ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​ស្បៀង បង្កើន​ប្រាក់ចំណូល និង​ជំរុញ​ការនាំចេញ ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជាស​កល​នៃ​ជំងឺ ឆ្លង​កូ​វីដ​-១៩​។ មិនតែប៉ុណ្ណោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​កោតសរសើរ​ចំពោះ​ការរៀបចំ​កសិដ្ឋាន​បានល្អ​ត្រឹមត្រូវ​តាម​បច្ចេកទេស គុណភាព​ទឹក ប្រព័ន្ធ​បង្ហូរទឹក​ចេញចូល និង​ក្សេត្រ​បរិស្ថាន​ដែលមាន​លក្ខណ​អំណោយផល​សម្រាប់​ជីវិត​រស់នៅ​របស់​ត្រី​បាន​យ៉ាង​ល្អ ហើយ​អាច​ចាត់ទុកជា​កសិដ្ឋាន​គំរូ​នៅ​ទូទាំង​ខេត្ត​ផងដែរ​។

​ព្រមជាមួយ​សមិទ្ធផល​ដែល​កសិដ្ឋាន​សម្រេចបាន​នាពេល​បច្ចុប្បន្ន ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​លោក​ខិតខំ​ពង្រីក​សក្តានុពល​ចិញ្ចឹម​បន្ថែមទៀត រួមទាំង​បង្កាត់​ពូជ និង​ពង្រីក​ដៃគូ​ចិញ្ចឹម ដើម្បី​ធានា​បរិមាណ​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​នាពេល​បច្ចុប្បន្ន ស្រប​ពេលដែល​ក្រសួង​បាននិងកំពុង​ផ្អាក​ការនាំ ចូល​ត្រី​ពី​ប្រទេសជិតខាង​ដើម្បី​បង្កើន​ផលិតកម្ម​ក្នុងស្រុក​។ មួយវិញទៀត កសិដ្ឋាន គួរប្រើ​សក្តានុពល​រប​ស់​កសិដ្ឋាន​មាន​ដី ទឹក និង​បរិស្ថាន ដោយ​សហការ​ជាមួយ​រដ្ឋបាល​ជលផល​បង្កើត​កន្លែង​បង្កាត់ និង​ភ្ញាស់​ពូជ​ត្រី​ដែល​ទីផ្សារ​ខ្វះខាត និង​ពេញនិយម​ចិញ្ចឹម សម្រាប់​ផ្គត់ផ្គង់​ឲ្យ​អ្នក​ចិញ្ចឹម​ក្នុង និង​ក្រៅ​តំបន់​នេះ ឬ​ជា​កន្លែង​ស្រាវជ្រាវ​គុណភាព​ចំណី​ត្រី និង​ហ្វឹកហាត់​ការងារ​របស់​និស្សិត ។

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ម្ចាស់​កសិដ្ឋាន​ថា​ក្រសួង ក៏​ដូច​រដ្ឋបាល​ជលផល​នឹង​រង់ចាំ​សហការ សម្របសម្រួល ដើម្បី​ឲ្យ​ដំណើរការ​វិនិយោគ​ការចិញ្ចឹម​ត្រី​ក្នុង​កសិដ្ឋាន និង​បង្កើត​កន្លែង​ភ្ញាស់​ពូជ​ត្រី ក្នុង​ខេត្តកំពង់ធំ​សម្រេច​ទទួលបាន​ជោគជ័យ​៕​

 

Advertisement

Facebook

អ្វីដែល​គេកំពុងអាន