Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

គម្រោង​ស្ថាបនា​ផ្លូវ ៣៨​ខ្សែ ក្នុង​ក្រុង​សៀមរាប សម្រេចការ​សាងសង់​ជាង ១៧,៥%​ហើយ បើ​គិត​ត្រឹម​ចុងខែ​មករា​នេះ

​ខេត្តសៀមរាប​៖ កាលពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង និង​រដ្ឋមន្ត្រីក្រសួង​ជំនាញ​ពាក់ព័ន្ធ បាន​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន ៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​ការចុះ​ត្រួតពិនិត្យ​ការស្ថាបនា​ផ្លូវ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ​គុណភាព​នៃ​ការសាងសង់ ជំ​រុញឱ្យ​អង្គភាព​សាងសង់ អនុវត្តតាម​លក្ខណៈ​បច្ចេកទេស សៀវភៅ​បន្ទុក​ឱ្យបាន​ត្រឹមត្រូវ និង​ស្តង់ដារ ដែល​អាច​ទទួលយកបាន ពោលគឺ​ធ្វើ​ផ្លូវ​ឱ្យមាន​គុណភាព​រឹងមាំ អាច​ប្រើប្រាស់​ជាប់​បានយូរ​អង្វែង និង​បញ្ចប់​តាម​ផែនការ​គ្រោងទុក​។

​សូមបញ្ជាក់​ជូន​ថា​៖ គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ​ក្នុង​ទីក្រុង​សៀមរាប ខេត្តសៀមរាប ចំនួន​៣៨​ខ្សែ​នេះ មាន​ប្រវែង​សរុប ១០៨,៧៤​គីឡូម៉ែត្រ គ្រោង​ប្រើប្រាស់​ថវិកាជាតិ​សរុប​ប្រមាណ​ជាង ១៤០ លាន​ដុល្លារ​អាមេរិក និង​ថវិកា​ប្រមាណ​ជាង​៩​លាន​ដុល្លារ​អាមេរិក​ទៀត សម្រាប់​ការងារ​ចាំបាច់ ក្នុង​ការរៀបចំ​ស្ថាបនា​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង និង​ទឹក​កខ្វក់​ដែល​នៅក្រៅ​គម្រោង​សាងសង់​ខ្សែ​ផ្លូវ​ទាំង​៣៨​នេះ ដោយ​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន​១៣​ខែ គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២១ ត្រូវបាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពីពេល​ថ្មីៗ​កន្លងទៅ នេះ​។​

​យោងតាម​របាយការណ៍​ដែល​ទទួលបាន​ពី​អង្គភាព​ទទួល​ការងារ​សាងសង់​ទាំងអស់​បាន​ឲ្យ​ដឹងថា​៖ វឌ្ឍនភាព​នៃ​ការសាងសង់​គិត​ត្រឹម​សប្ដាហ៍​ទី​៤ ខែមករា ឆ្នាំ​២០២១ ការងារ​សម្រេច​បានជា​ង​១៧,៥% ហើយ បច្ចុប្បន្ន​អង្គភាព​សាងសង់​ទាំងអស់​កំពុង​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​យ៉ាងសកម្ម ដើម្បី​បញ្ចប់​គម្រោង​របស់ខ្លួន​តាម​ផែន​ការដែល​បានកំណត់​៕​
 

Advertisement

Facebook

អ្វីដែល​គេកំពុងអាន