Connect with us

Hi, what are you looking for?

អន្តរជាតិ

នយោបាយការបរទេសវ៉ាក់សាំង ចិនបង្កើនការផ្តាល់ជំនួយដល់បណ្តាប្រទេសបន្ថែមទៀត

រដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងតែប្រប្រើប្រាស់នយោបាយការបរទេសវ៉ាក់សាំង ​ដើម្បីបង្កើនទំនាក់ទំនង កាន់តែជិតស្និទ្ធជាមួយបណ្តាប្រទេសជុំវិញពិភពលោក ពិសេសគឺប្រទេសកំពុងអភិវឌ្ឈន៍។  អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានប្រកាសថា ប្រទេសចិន នឹងបន្តផ្តល់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដល់ប្រទេសដទៃទៀត ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ ដែលជាកិច្ចចូលរួមចំណែកក្នុងការកសាងសហគមន៍សុខភាព សម្រាប់មនុស្សគ្រប់រូបនា។


អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃបន្ទាប់ពីបានប្រកាសថា ប្រទេសចិន បានផ្តល់វ៉ាក់សាំង COVID-19 ដល់ប្រទេសប៉ាគីស្ថានកាលពីព្រឹកថ្ងៃចន្ទដើមសប្ដាហ៍នេះ ដែលវាជាការដឹកជញ្ជូនជំនួយវ៉ាក់សាំងលើកដំបូងរបស់ប្រទេសចិនទៅកាន់ប្រទេសដទៃទៀត។ ក្រៅពីប្រទេសប៉ាគីស្ថាន ប្រទេសចិន ក៏កំពុងផ្តល់ជំនួយវ៉ាក់សាំងដល់ប្រទេសកំពុងអភិវឌ្ឍន៍ ចំនួន ១៣ទៀតផងដែរ រួមមានប្រទេសប្រ៊ុយណេ, នេប៉ាល់, ហ្វីលីពីន, មីយ៉ាន់ម៉ា, កម្ពុជា, ឡាវ, ស្រីលង្កា, ម៉ុងហ្គោលី, ប៉ាឡេស្ទីន, បេឡារុស្ស, សៀរ៉ា ឡេអូន, ហ្សីមបាវេ, និងហ្គីណេ អេក្វាទ័រ ខណៈមានប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ៣៨ផ្សេងទៀត កំពុងត្រូវការជាចាំបាច់ ដើម្បីទទួលជំនួយវ៉ាក់សាំងរបស់ប្រទេសចិន នៅដំណាក់កាលក្រោយៗទៀត។


លោក Wang បានធ្វើការកត់សម្គាល់បន្ថែមថា ប្រទេសចិន បានគាំទ្រដល់ក្រុមហ៊ុនផលិតឱសថរបស់ខ្លួន ក្នុងការស្រាវជ្រាវ និងផលិតវ៉ាក់សាំងរួមគ្នាជាមួយដៃគូបរទេស និងបាននាំចេញវ៉ាក់សាំងរបស់ក្រុមហ៊ុនផលិតឱសថជាតិ ស៊ីណូផាម (Sinopharm) និងស៊ីណូវ៉ូក់ (Sinovac) ទៅកាន់បណ្ដាប្រទេសមួយចំនួន រួមមានប្រទេសអារ៉ាប់រួម, ម៉ារ៉ុក, ឥណ្ឌូណេស៊ី, តួកគី, ប្រេស៊ីល, និងឈីលី។ ក្រៅពីនេះ ប្រទេសចិន ក៏បានគាំទ្រដល់ក្រុមហ៊ុនពាក់ព័ន្ធក្នុងការនាំចេញវ៉ាក់សាំងទៅកាន់បណ្ដាប្រទេស ដែលមានតម្រូវការបន្ទាន់ ឬបណ្ដាប្រទេសដែលបានទទួលស្គាល់វ៉ាក់សាំងចិន និងបានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងចិននៅក្នុងប្រទេសរបស់ពួកគេជាលក្ខណៈបន្ទាន់ផងដែរ។
គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិនខាងលើ ប្រទេសចិន រំពឹងថា សហគមន៍អន្តរជាតិ នឹងខិតខំប្រឹងប្រែងរួមគ្នាក្នុងការលើកកម្ពស់ការចែកចាយ និងការប្រើប្រាស់វ៉ាក់សាំងប្រកបដោយសមធម៌ និងធានាបាននូវភាពដែលអាចរកបានក្នុងតម្លៃសមរម្យនៃវ៉ាក់សាំងនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន