Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កម្ពុជា សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​បើកបរ​យានយន្ត​ធុន​ធ្ងន់

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បើកបរ​យានយន្ត​ធុន​ធ្ងន់ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង តំណាង​ក្រសួង​ពាក់ព័ន្ធ អគ្គនាយក​ក្រុមហ៊ុន កាំ​ត្រង់​ស៊ី​ប អាជ្ញាធរ​ដែនដី មន្ត្រីរាជការ អង្គការ​ដៃគូ សមាគម​ដឹកជញ្ជូន​ទំនិញ សមាគម​ដឹកជញ្ជូន​អ្នកដំណើរ ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ​និង​ទំនិញ សាលាបង្រៀន​បើកបរ​យានយន្ត និង​ភាគី​ពាក់ព័ន្ធ ប្រមាណ ២០០​នាក់​ផងដែរ​។​


​សូមជម្រាបថា មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បើកបរ​យានយន្ត​ធុន​ធ្ងន់ និង​ទីលាន​ប្រឡង​ថ្មី មាន​ផ្ទៃដី​ទំហំ​១៦.៥៨៤​ម៉ែត្រការ៉េ ដែល​រួមមាន អគារ​រដ្ឋបាល​ទំហំ ៨៤០​ម៉ែត្រការ៉េ ទីលាន​សម្រាប់​បង្រៀន និង​ប្រឡង​យក​បណ្ណ​បើកបរ​យានយន្ត​ធុន​ធ្ងន់ ទំហំ ៨.៩០៩​ម៉ែត្រការ៉េ និង​អគារ​ស្នាក់នៅ​សម្រាប់​សិស្ស មកពី​បណ្តា​ខេត្ត​នានា​មាន​ទំហំ ៣៤៥​ម៉ែត្រការ៉េ ព្រមទាំង​មានការ​បំពាក់​សម្ភារ​ប​រិ​ក្ខា​រ​ទំនើបៗ​ជាច្រើន​ទៀត ស្ថិតនៅ​តំបន់​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ​១៨-១៩ រាជធានី​ភ្នំពេញ ត្រូវបាន​សហការ​បង្កើត​ឡើង នៅ​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៩ រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន​កាំ​ត្រង់​ស៊ី​ប តាមរយៈ​កិច្ចសន្យា​លេខ ៦០០៧ សក​.​ដ​ជគ ចុះ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩​។

​គួរ​កត់សម្គាល់ថា បច្ចុប្បន្ននេះ កម្ពុជា កំពុងមាន​ការខ្វះខាត​អ្នកបើកបរ​រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច​-​ធុន​ធំ រថយន្ត​សណ្តោង ធុន​ស្រាល និង​រថយន្ត​សណ្តោង​ធុន​ធ្ងន់ ដែល​បាន​ចុះបញ្ជី​តាំងពី​ឆ្នាំ​១៩៩០-២០២០ មាន​ចំនួន​សរុប ៣២៥.៥០៨​គ្រឿង ចំនួន​អ្នកមាន​បណ្ណ​បើកបរ​រថយន្ត​ប្រភេទ D1, D2, BE, CE មាន​ចំនួន ២១.៨៦៤០ បណ្ណ ស្មើនឹង ៦៧% នៃ​ចំនួន​ប្រភេទ​រថយន្ត​ខាងលើ​ដែល​បាន​ចុះបញ្ជី ចំពោះ​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់ ក្បាល​សណ្តោង​គ្រឿងចក្រ និង​ប្រភេទ​រថយន្ត​ធុន​ធ្ងន់​មួយចំនួនទៀត ដែល​តម្រូវឱ្យមាន​បណ្ណ​បើកបរ ប្រភេទ C ដែល​បាន​ចុះបញ្ជី​មាន​ចំនួន ១០៥.៩០៣ គ្រឿង ក្នុងនោះ​ចំនួន​អ្នកមាន​បណ្ណ​បើកបរ​រថយន្ត ប្រភេទ​C មាន​ចំនួន ៨៤.៩០០​បណ្ណ ស្មើនឹង ៨០% នៃ​ចំនួន​ប្រភេទ​រថយន្ត​ខាងលើ​ដែល​បាន​ចុះបញ្ជី​។


យោងតាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ​២០១៩ ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន ២.១៥២​នាក់ ក្នុងនោះ​អ្នកស្លាប់​ដោយសារ​រថយន្ត​ធុន​ធ្ងន់​បង្ករ​មាន​ចំនួន ១៨១​នាក់ ស្មើនឹង​៨,៤% រថយន្ត​ដឹក​អ្នកដំណើរ​ធុន​ធ្ងន់​៥០,២៧%​ស្មើនឹង ៩១​នាក់ និង​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់ ៤៩,៧២% ស្មើនឹង ៩០​នាក់​)​។ បើ​ប្រៀបធៀប​ជាមួយ​ចំនួន​អ្នកស្លាប់​ដោយសារ​រថយន្ត​ធុន​ធ្ងន់​បង្ករ (​ស្លាប់​១៤៧​នាក់​) នៅ​ឆ្នាំ​២០១៨ គឺមាន​ការកើនឡើង​៣៤​នាក់​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ការបើក​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បើកបរ​យានយន្ត​ធុន​ធ្ងន់​ថ្មី​នេះ នឹងមាន​ការបញ្ចុះ​តម្លៃ​ចំនួន​៥០% សម្រាប់​អ្នក​ដែល​មក​ចុះឈ្មោះ​ចូលរៀន​មុនគេ​បង្អស់​ចំនួន​៥០​នាក់ ចំណែក​ថ្លៃ​សិក្សា​ធម្មតា​មាន​ចំនួន ៣៥០​ដុល្លារ ជាត​ម្លៃ​សេវាសាធារណៈ​របស់​រដ្ឋ ហើយ​ការបង្រៀន​ទ្រឹស្តី​មាន​រយៈពេល​៣០​ម៉ោង និង​បង្រៀន​ដៃចង្កូត​២០​ម៉ោង ស្របតាម​ស្តង់ដា​ជាតិ និង​អន្តរជាតិ​។

​ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គោរព​ច្បាប់ ចរាចរណ៍​ទាំងអស់គ្នា​ដើម្បី​ចូលរួម​កាត់បន្ថយ​ការគ្រោះថ្នាក់​ចរាចរណ៍​ដែល​ធ្វើ​ឲ្យ​បាត់បង់​ទ្រព្យសម្បត្តិ​ជាតិ ទ្រព្យសម្បត្តិ​ឯកជន ដែលមាន​តម្លៃ​ប៉ាន់ស្មាន​ប្រមាណ​៣៥០ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ និង​បាន​វាយតម្លៃ ខ្ពស់​ចំពោះ​ការចូលរួម​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ជាមួយ​រដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន