Connect with us

ព័ត៌មានជាតិ

ពលក​ខ្មែរ សម្រុក​ចេញពី​ថៃ តាម​ច្រកព្រំដែន​ជាប់​ខេត្តបាត់ដំបង ដើម្បី​ចូលឆ្នាំ​ចិន​

Published

on

ខេត្តបាត់ដំបង​៖ អាជ្ញាធរខេត្ត និង​មន្ត្រី​ជំនាញ បាន​ត្រៀម​រៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក​បន្ថែមទៀត នៅតាម​ស្រុក​ជាប់​ព្រំដែន ខណៈ​ពលករ​បាន​ត្រឡប់​មកពី​ប្រទេស​ថៃ​តាម​ច្រកព្រំដែន​ជាប់​ខេត្តបាត់ដំបង​កើនឡើង​ខុសធម្មតា ស្រប​ពេលដែល ក្នុង​រដូវ​នេះ សម្បូរ​ទៅដោយ​បុណ្យទាន ឬ​ពិធីមង្គលការ​ជាដើម​នោះ​។​

​លោក សុខ គឹម​ខុន អភិបាលស្រុក​កំរៀង បានឱ្យដឹងថា​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ មាន​ក្រុមហ៊ុន​ឯកជន​មួយ បាន សម្បទាន​ដី​របស់ខ្លួន​ប្រមាណ​២​ហិកតា ក្នុងស្រុក​កំរៀង ជិត​ព្រំដែន​ថៃ ដើម្បី​រៀបចំ​ជាទី​តាំងធ្វើ​មណ្ឌល​ច​ត្តា​ឡី​ស័ក​បន្ថែម ត្រៀម​ទទួល​ពលករ​ដែល​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ ហើយ​ទីតាំង​នេះ​អាជ្ញាធរ​ក៏បាន​ពិនិត្យ​រួចរាល់​ហើយ​ដែរ ។​

​លោក​អភិបាលស្រុក កំរៀង​បានឱ្យដឹងថា ពលករ​ឆ្លងដែន​ពី​ប្រទេស​ថៃ​តាម​ច្រក​ជាប់​ស្រុក​កំរៀង​មាន​ជា​រៀងរាល់ថ្ងៃ ដោយ​បច្ចុប្បន្ន​ក្នុងស្រុក​មាន​មណ្ឌល​ច​ត្តា​ឡី​ស័ក​ចំនួន​៣ អាចដាក់​ពលករ​បាន​ជា​មធ្យម ៦០០​នាក់ ខណៈ​មាន​អ្នក​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​បានចេញ​ជា​បណ្ដើរៗ ប៉ុន្តែ​កំណើន​ចូល​វិញ​ក៏​ច្រើន ។​

​ក្នុងឱកាស​ចុះ​ពិនិត្យ​ទីតាំង​ត្រូវ​រៀបចំ​ធ្វើ​មណ្ឌល​ច​ត្តា​ឡី​ស័ក នៅ​ស្រុក​កំរៀង នា​រសៀល​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១ ឯកឧត្តម ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ ប្រចាំ​ភូមិភាគ​ទី​៤ និង​ទី​៥ បាន​មានប្រសាសន៍ថា មណ្ឌល​ច​ត្តា​ឡី​ស័ក​ត្រៀម​ថ្មី​នេះ គឺ​សម្រាប់​នៅពេល​មណ្ឌល​ច​ត្តា​ឡី​ស័ក​មាន​ស្រាប់​ពេញ ត្រូវបញ្ជូន​ពលករ​ទើប​ត្រឡប់​មកពី​ថៃ មក​កន្លែង​ថ្មី​ដែល​ត្រៀម​ទុក​នេះ​។​

​ឯកឧត្តម បាន​ជំរុញ​អាជ្ញាធរខេត្ត និង​មន្ត្រី​ជំនាញ ត្រូវ​រៀបចំ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្ថែម​នេះ​ឱ្យបាន​ល្អ មាន​ទាំង​កន្លែង​សម្រាក បង្គន់​អនាម័យ និង​កន្លែង​ចម្អិន​អាហារ​ជាដើម​ឱ្យបាន​សមស្រប ពិសេស​ឱ្យ​ពួកគាត់ អនុវត្ត​នូវ​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ។​

​ជាមួយគ្នា​នោះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​ណែនាំ​ដល់​សមត្ថ​កិច្ចការពារ​ព្រំដែន​ទាំងអស់ ត្រូវ​សហការ​ជាមួយ​មន្ត្រី​សុខាភិបាល បន្ត​រឹង​បន្តឹង​ក្នុងការ​ពិនិត្យ​ទប់ស្កាត់​កុំ​ឲ្យ​ពលករ​ណា​ម្នាក់ អាច​គេចវេស​ពី​ការ ពិនិត្យ​សុខភាព ការយក​សំណាក និង​ការធ្វើ​ច​ត្តា​ឡី​ស័ក គឺ​មិនអាច​លើកលែង​ក្នុងករណី​អ្នកណាម្នាក់​បាន​នោះទេ ។​

​គួរ​បញ្ជាក់ថា រយៈពេល​ប៉ុន្មាន​ថ្ងៃ ដើមខែ​កុម្ភៈ​នេះ ចំនួន​ពលករ​ឆ្លងដែន​ពី​ប្រទេស​ថៃ ក្នុងអំឡុង​មាន​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​ខេត្ត​សាមុត​សា​ខន​ប្រទេស​ថៃ បានធ្វើ​ដំណើរ​តាម​ច្រក​នានា​ជាប់​ខេត្តបាត់ដំបង មាន​ចំនួន​លើស ១០០​នាក់ និង​មាន​បន្ត​មកទៀត​ជា​ហូរហែ​រាល់ថ្ងៃ ៕​

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មេសា 2021
ព្រ សុ អា
 1234
567891011
12131415161718
19202122232425
2627282930  

អត្ថបទពេញនិយម