Connect with us

ព័ត៌មានជាតិ

ប៉េអឹម ឈ្លោះជាមួយ​អ្នក​កាសែត ដក​កាំភ្លើង​បាញ់ផ្អើលក្រុងសៀមរាបទាំងយប់

Published

on

សៀមរាប ៖ កាលពីវេលាម៉ោង​ប្រមាណជាង​៩យប់ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ​២០២១ មាន​ករណីភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង​នៅ​ចំណុច​ហាងផឹកស៊ី យីហោ មហាលាភ៩៩៩៩ ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ក្រោយ​ពីមន្រ្តីកងរាជអាវុធហត្ថ​ខេត្ត​សៀមរាបម្នាក់បាន​ដក​កាំភ្លើង​បាញ់​មួយ​គ្រាប់ ព្រោះតែខឹងអ្នកផឹកស៊ីជាមួយ​យកកែវស្រាគប់ខ្លួន។

តាមរបាយការណ៍​សមត្ថកិច្ចថា មន្រ្តីកងរាជអាវុធហត្ថនោះ​មានឈ្មោះ អ៊ុក សុផល ភេទប្រុស អាយុ ៤៣ឆ្នាំ ដែលភាគី​ម្ខាង​ទៀត​ដែលយក​កែវគប់មន្រ្តីកងរាជអាវុធហត្ថនោះ​មានឈ្មោះ តាំង ហូ ភេទប្រុស អាយុ​៤២ឆ្នាំ មានមុខរបរ ជាអ្នកសារព័ត៌មាន។

របាយការណ៍ថា ក្នុងខណៈកំពុងស៊ីផឹក ឈ្មោះ តាំង ហូ បានធ្វើសកម្មភាពដោយយកកែវស្រាគប់ ត្រូវក្បាល របស់ឈ្មោះ អ៊ុក សុផល បណ្តាលឲ្យត្រូវថ្ងាសលើចិញ្ចើមផ្នែកខាងឆ្វេងរយះហូរឈាមពេញមុខ បន្ទាប់មក​ឈ្មោះ តាំង ហូ បានរត់ចេញទៅខាងក្រៅហាងបាត់ ហើយ​ពេល​ឈ្មោះ អ៊ុក សុផល ដឹងថាខ្លួនមានរបួសហូរឈាមពេញមុខ ក៏បានដើរចេញពីកញ្ចុះ សំដៅទៅរថយន្តរបស់ខ្លួន ហើយក៏​បានទាញយកកាំភ្លើងខ្លី ពីក្នុងរថយន្តដើរចេញ ហើយបានបាញ់ឡើងលើចំនួន ០១គ្រាប់, បន្ទាប់មក បុគ្គលិក និងសន្តិសុខក្នុងហាងខាងលើបាននាំឈ្មោះ អ៊ុក សុផល ទៅព្យាបាលមុខរបួសនៅគ្លីនិកសុខភាព។

បើតាម​ការ​បំភ្លឺរបស់លោក តាំង ហូ នៅព្រឹកថ្ងៃទី៥ខែកុម្ភ: ឆ្នាំ២០២១ថា នៅយប់នោះ រូបគេនិងមិត្តភក្ត័ ៣ទៅ៤នាក់ ផឹកស៊ីក្នុងហាងខាងលើ រួមទាំងមន្ត្រីប៉េអឹមដែលផ្ទុះអាវុធផង។ លុះពេលស្រវឹង មន្ត្រីប៉េអឹមឈ្មោះ ផល បាននិយាយផ្លែផ្កាថា ពួកអ្នកកាសែតដើរតែសុំលុយគេ។ ខណ:នោះរូបគេ តាំង ហូ ក៏បានតបទៅវិញថា កុំដៀលអ្នកកាសែតទាំងអស់ ហើយក៏ផ្ទុះជម្លោះតែម្តង។

លោក តាំង ហូ បន្តថា ក្នុងពេលផ្ទុះជម្លោះ ក៏ផ្ទុះហិង្សា ប្រតាយប្រតប់គ្នា ដោយឈ្មោះផល ដកកាំភ្លើងបាញ់ ទើបរូបខ្លួនរត់ចេញក្រៅហាង គេចខ្លួនតែម្តង ហើយ​ចំពោះការ​ចោទប្រកាន់ថា រូបខ្លួន​យកកែវស្រា គប់ក្បាលឈ្មោះផលនោះ គឺមិនបានដឹងឡើយ ប៉ុន្តែករណីនេះ ខ្លួនក៏បានទៅដាក់ពាក្យបណ្តឹង នៅខាងប៉ូលិសទាំងយប់ផងដែរ។

យ៉ាងណាក៏ដោយ ចំពោះករណីនេះ សមត្ថកិច្ច​បាន​ចាត់ចូល​ក្នុង​ករណីហិង្សាដោយចេតនា ហើយ​ពេលនេះកម្លាំងការិយាល័យ​ជំនាញកំពុងសាកសួរ សាក្សី និងជនរងគ្រោះ ដើម្បីអនុវត្តតាមនីតិវិធី៕

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មេសា 2021
ព្រ សុ អា
 1234
567891011
12131415161718
19202122232425
2627282930  

អត្ថបទពេញនិយម