Connect with us

ព័ត៌មានជាតិ

វត្ថុ​បុរាណ​ចំនួន​៤​ប្រភេទ ត្រូវបាន​ប្រគល់ជូន​អាជ្ញាធរ​ជាតិ​អប្សរា

Published

on

​ខេត្តសៀមរាប​៖ វត្ថុ​បុរាណ​ធ្វើ​ពី​ថ្មភក់​ចំនួន​៤​ប្រភេទ ដែល​ប្រជាពលរដ្ឋ​រក្សាទុក​នៅ​ភូមិ​ល្វា ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប រួមមាន ថ្មគោល​ធ្វើ​ពី​ថ្មភក់​ចំនួន​១ ព្រះ​ហ​ស្ថ​ឆ្វេង​ទេព​ស្រី (​ប្រាជ្ញា​បារ​មិ​តា​) ធ្វើ​ពី​ថ្មភក់​ចំនួន​១ និង​ជើង​ទម្រ​ចំនួន​២ ដែល​ជើង​ទម្រ​មួយ​មាន​ចារ​ជា​អក្សរ​ខ្មែរ​បុរាណ​ចំនួន​៤​ជួរ​នៅ​ផ្ទៃ​ចំហៀង​។


​វត្ថុ​ទាំងនោះ​ត្រូវបាន​យកចេញ​ពី​ទីតាំង​ដើម​ដោយ​ប្រជាពលរដ្ឋ ក្នុង​គោលបំណង​រក្សាទុក​បណ្តោះ​អាសន្ន​ប៉ុន្តែ​ក្រុមការងារ​កំណត់​បុរាណ​ដ្ឋា​ន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​គោលដៅ​ស្រុក​វ៉ារិន បានស្នើ​សុំឱ្យ​យកមក​រក្សាទុក​នៅ​មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​សុវត្ថិភាព​ដល់​វត្ថុ​ទាំងនោះ​ផង ដើម្បី​ទុក​សិក្សា​ស្រាវជ្រាវ និង​ចុះបញ្ជី​កំណត់​អត្តសញ្ញាណ​វត្ថុ​ទាំងអស់នោះ​ផង​។

​លោក ឈូក សុ​ម៉ា​ឡា មន្ត្រី​ទទួលបន្ទុក​ការងារ​ចុះបញ្ជី​វត្ថុ​សិល្ប​: នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ បានឱ្យដឹង​នៅ​ថ្ងៃទី​០៨ ខែកុម្ភ​: នេះ​ថា នេះ​មិនមែនជា​លើកទីមួយ​ទេ​ដែល​ក្រុមការងារ​បាន​ចុះទៅ​ទទួលយក​រូបចម្លាក់​ផ្សេងៗ ដែល​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ឆ្ងាយៗ ក្នុង​តំបន់​រដ្ឋបាល​ខេត្តសៀមរាប​ទាំងមូល​។ ដូច​ករណីនេះ​ចម្លាក់​ព្រះ​ហ​ស្ថ​ឆ្វេង​ប្រាជ្ញា​បារ​មិ​តា គឺ​ត្រូវបាន​យក​មកពី​ប្រាសាទ​ទាវ​ប៉ាត់ ភូមិ​រលំ​រុន​ថ្មី ឃុំ​ស្រែ​ណូយ រីឯ​ជើង​ទម្រ​ចំនួន​២ ដែល​មួយ​មាន​សិលា​ចារិក ត្រូវបាន​គេ​យក​ចេញពី​ប្រាសាទត្រពាំង​ឈូក ភូមិ​ល្វា ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប​។

​លោក សុ​ម៉ា​ឡា បាន​បន្តថា ការ​ដឹកយក​វត្ថុ​បុរាណ​ដ៏​មានតម្លៃ​ទាំងនេះ​ទៅ​រក្សាទុក​ឱ្យទាន់​ពេលវេលា គឺជា​ការប្រសើរ​ខ្លាំងណាស់ ដ្បិត​វត្ថុ​បុរាណ​មួយចំនួន​អាច​នឹងត្រូវ​បែកបាក់​ខូចខាត​ដោយ​ប្រការ​ណាមួយ​ជាយថាហេតុ​។ តួយ៉ាង​ដូចជា​ជើង​ទម្រ​ដែល​យើង​បាន​ដឹក​មក​រក្សាទុក​នេះ គឺមាន​សិលា​ចារិក​យ៉ាងសំខាន់ ដែលមាន​ផ្នែក​ខ្លះ​ត្រូវបាន​គេ​យក​កាំបិត​ទៅ​សំលៀង និង​មាន​ផ្នែក​ខ្លះទៀត​មាន​ស្នាម​ដំ​បំបែក​ខូចខាត​ជា​ដំណំ​។

​តាំង​នាម​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក សុ​ម៉ា​ឡា ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ជួយ​ចូលរួម​ថែរក្សា​ប្រាសាទបុរាណ និង​វត្ថុ​បុរាណ​ទាំងឡាយ​នេះ ជាពិសេស​អាជ្ញាធរ​មូល​ដ្ឋា​ន ភូមិ ឃុំ និង​ស្រុក ដែល​បាន​សហការ​យ៉ាង​កក់ក្តៅ​ដើម្បី​ដឹក​រតនវត្ថុ​ទាំងនេះ​យកមក​រក្សាទុក​ឱ្យមាន​សុវត្ថិភាព​សម្រាប់​ជា​កេរ​មរតក​ដូនតា​យើងទាំងអស់គ្នា​៕

​ប្រភពពី​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មេសា 2021
ព្រ សុ អា
 1234
567891011
12131415161718
19202122232425
2627282930  

អត្ថបទពេញនិយម