Connect with us

ព័ត៌មានជាតិ

ក្រសួងកសិកម្ម បង្ហាញ​ពី​ការធ្វើ​បច្ចុប្បន្នភាព​ចំណាត់ថ្នាក់ និង​ផែនទី​ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន នៃ​តំបន់​ដាំ​ដុះ​ដំណាំ​ស្រូវ​

Published

on

​ភ្នំពេញ​៖ “​មាន​សន្តិភាព ទើប​មានការ​អភិវឌ្ឍន៍​” ជា​សត្យានុម័ត អនុវត្តតាម​ន​យោ​បាល​ឈ្នះ​-​ឈ្នះ កម្ពុជា​ទទួលបាន​សុខសន្តិភាព​ពេញបរិបូរណ៍​ទូទាំង​ផ្ទៃ​ប្រទេស ហើយ​ចាប់ផ្តើម​ឈានជើងដើរ​ចេញពី​ប្រទេស​អសន្តិសុខ​ស្បៀង ត្រូវការ​ជំនួយ​ឧបត្ថម្ភ​ពី​អន្តរជាតិ មកជា​ប្រទេស​ផលិត​ស្បៀង​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​តម្រូវការ​ក្នុងប្រទេស​បាន​គ្រប់គ្រាន់ ហើយ​ចាប់តាំងពី​ឆ្នាំ​១៩៩៥ រហូតមកទល់​បច្ចុប្បន្ន​កម្ពុជា​បាន​ផលិត​ស្បៀង​លើសពី​តម្រូវការ និង​បាននិងកំពុង​ធ្វើការ​នាំ​ចេញ​ស្រូវ អង្ករ ដំឡូង​មី (​ស្រស់ ចំណិត​ក្រៀម និង​ម្សៅ​) គ្រាប់ស្វាយចន្ទី (​ស្រស់ និង​ផលិតផល​សម្រេច​) ស្វាយកែវ​រមៀត (​ស្រស់ និង​ដំណាប់​) ចេកអំបូង​លឿង​។​ល​។ ទៅកាន់​ទីផ្សារ​ពិភពលោក​។

​អនុវត្តតាម​គោលនយោបាយ​ជាតិ​ស្តីពី “​ការជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ​” របស់​រាជ រដ្ឋាភិបាល​កាលពី​ឆ្នាំ​២០១០ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែលមាន​អគ្គនាយកដ្ឋាន​កសិកម្ម និង​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា (CARDI) ជា​សេនាធិការ​បាន​ខិតខំ​ប្រឹងប្រែង យក​អស់​កំលាំងកាយ​ចិត្ត និង​ស្មារតី​ទទួលខុសត្រូវ ធ្វើការ​សិក្សា​ស្រាវជ្រាវ​អំពី​ពូជ ជំងឺ​សត្វល្អិត គុណភាព​ដី ក្សេត្រ​បរិស្ថាន​ដំណាំ​ស្រូវ ការប្រើប្រាស់​បច្ចេកវិទ្យា និង​ធាតុ​ចូល​កសិកម្ម សំខាន់ៗ​មួយចំនួនទៀត ធ្វើយ៉ាងណា​បង្កើន​ទិន្នផល​ស្រូវ ធានា​គុណភាព សុវត្ថិភាព​អង្ករ និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច​។ មួយ​ក្នុងចំណោម​កម្មវត្ថុ​សំខាន់ៗ​ដែល​មិនអាច​មើលរំលង​បាន​ក្នុងការ ជំរុញ​ផលិតកម្ម​ស្រូវ គឺ​ការសិក្សា​ឲ្យ​បាន​លម្អិត និង​ស៊ីជម្រៅ​អំពី​ក្សេត្រ​បរិស្ថាន​នៃ​តំបន់​ដាំ​ដុះ​ដំណាំ​ស្បៀង​ដ៏​មាន​សារសំខាន់​មួយ​នេះ​។​

​ដោយ​ឆ្វេងយល់​យ៉ាងច្បាស់​អំពី​កំណើនសេដ្ឋកិច្ច កំណើនប្រជាជន និង​សន្ទុះ​នៃ​ការអភិវឌ្ឍន៍​លើក​គ្រប់​វិស័យ​របស់​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​ទាមទារ​ចាំបាច់​ត្រូវ​បង្កើន​ផលិតកម្ម ឬ​ទិន្នផល​ស្រូវ​លើ​ផ្ទៃដី​ដដែល ព្រមទាំង​ធានាបាន​ទាំង​គុណ ភាព និង​សុវត្ថិភាព​អង្ករ ឆ្លើយតប​តាម​និយាម​ទីផ្សារ​នាំចេញ​។

​បើ​យើង​ងាកមើល​ទិដ្ឋភាព​ជារួម ឃើញថា​កម្ពុជា​មានការ​វិវឌ្ឍន៍​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​នៅ​ពីរ​ទសវត្ស​ចុងក្រោយ​នេះ ហើយ​ល្បឿន​នៃ​ការអភិវឌ្ឍន៍​ដ៏​ឆាប់រហ័ស​នេះ ធ្វើ​ឲ្យ​ស្ថានភាព និង​ការប្រើប្រាស់​ដីស្រែ​មានការ​ប្រែប្រួល​ជាខ្លាំង ហើយ​ការប្រែប្រួល​នេះ​បាន​ជះឥទ្ធិពល​ជា​អវិជ្ជមាន​ដល់​ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន​ដំណាំ​ស្រូវ​។ ហេតុផល​នេះ ទាមទារ​ចាំបាច់​ត្រូវតែ​ធ្វើ​បច្ចុប្បន្នភាព​ទាំង​ចំណាត់ថ្នាក់ និង​ផែនទី​ក្សេត្រ​បរិស្ថាន​នៃ​តំបន់​ដាំ​ដុះ​ដំណាំ​ស្រូវ​នៅ​កម្ពុជា​ឲ្យ​បានច្បាស់លាស់ ដើម្បី​ទុកជា​មូលដ្ឋានគ្រឹះ​មួយ​សម្រាប់​កសាង​ផែនការ​តម្រង់​ទិសលើ​ការអនុវត្ត​គោលនយោបាយ និង​ផែនការអភិវឌ្ឍន៍​ផលិតកម្ម​ស្រូវ ឲ្យ​បាន​សមស្រប​តាម​តំបន់​ក្សេត្រ​បរិស្ថាន ការធ្វើ​ពិពិធ​កម្ម​ដំណាំ​ស្រូវ​ជា​មូលដ្ឋាន ការអភិវឌ្ឍ​ប្រព័ន្ធ​ស្រោចស្រព​ខ្នាតតូច (​ប្រឡាយ​ជើង​ក្អែប​) ការធានារ៉ាប់រង​ដំណាំ និង​កិច្ច​អន្តរាគមន៍​ផ្សេងៗ នេះ​បើតាម​ការបញ្ជាក់​ពី​អគ្គនាយកដ្ឋាន​កសិកម្ម​កាលពី​ថ្ងៃទី​០៩ ខែកុម្ភ​:​។

​ជាការ​អនុវត្ត ក្នុង​ឆ្នាំ​២០១៩ អគ្គនាយកដ្ឋាន​កសិក​ម្ម​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ផ្កាយរណប​តាម រយៈ​គម្រោង RIICE (Remote Sensing-Based Information and Insurance for Crops in Emerging Economies) ជំហាន​ទី​៣ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ចំណាត់ថ្នាក់​ប្រព័ន្ធ​ក្សេ ត្រ​បរិស្ថាន​នៃ​តំបន់​ដាំ​ដុះ​ដំណាំ​ស្រូវ និង​ផលិត​ផែនទី​។ ​កម្មវិធី​ឌីជីថល​ដែល​បាន​ប្រើប្រាស់​ក្នុងការ​ផលិត​ផែនទី រួមមាន MAPscapeArcGIS/QGIS Rice-YES និង Oryza Crop Model ដែល​បង្កើត​ដោយ​ក្រុមហ៊ុន Sarmap និង​អង្គការ IRRI ដោយ​ប្រើប្រាស់​ទិន្នន័យ​រូបភាព​ផ្កាយ រណប​ជាច្រើន​ប្រភេទ និង​ទិន្នន័យ​មួយចំនួនទៀត​មានដូចជា រូបភាព​ផ្កាយរណប Sentinel-1A & 1B របស់​សហភាព​អឺរ៉ុប រូបភាព​ផ្កាយរណប Landsat 8 របស់​អង្គការ NASA (USGS) Digital Elevation Model (DEM) របស់​អង្គការ NASA (USGS) ប្រតិទិន​ដាំ​ដុះ​ដំណាំ​ស្រូវ វិធីសាស្ត្រ​ដាំ​ដុះ​ដំណាំ​ស្រូវ ទិន្នន័យ​អាកាសធាតុ ទិន្នន័យ​ដី ទីតាំង​ដាំ​ដុះ​ដំណាំ​ស្រូវ ពេលវេលា​ចាប់ផ្តើម​ដាំ​ដុះ​ដំណាំ​ស្រូវ ប៉ារ៉ាម៉ែត្រ​នៃ​ការលូតលាស់​របស់​ដំណាំ និង​ក្រឡា​ផ្ទៃ​ស្លឹក​។

តាមរយៈ​ការវិភាគ​ទិន្នន័យ​ទាំងនេះ និង​ការពិភាក្សា ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន​ដាំ​ដុះ​ដំណាំ​ស្រូវ​ចំនួន ០៦ ចំណាត់ថ្នាក់​ត្រូវបាន​កំណត់ រួមមាន​៖ ១- ស្រូវចម្ការ ២- ស្រូវ​ឡើង​ទឹក ៣- ស្រូវ​ដើមរដូវ​វស្សា (​ស្រូវស្រាល​) ៤- ស្រូវ​តំបន់​ទំនាប​អាស្រ័យ​ទឹកភ្លៀង (​ដាំ​មួយដង​) ៥- ស្រូវ​តំបន់​ទំនាប​អាស្រ័យ​ទឹកភ្លៀង (​ដាំ​ពីរដង​) និង ៦- ស្រូវប្រាំង (​ស្រូវស្រាល​)​។ ព័ត៌មាន​អំពី​ផ្ទៃដី​ដាំ​ដុះ​តាម​ប្រភេទ​នៃ​ចំណាត់ថ្នាក់​ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន​នីមួយៗ​មាន​បង្ហាញ​ក្នុង​តារាង​ទី​១​។ ចំណែកឯ​ផែនទី​តំបន់​ដាំ​ដុះ​ស្រូវ​នៃ​ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន​នីមួយៗ ត្រូវបាន​ផលិត​ក្នុង​ខ្នាត​មាត្រដ្ឋាន ១ : ៧០០ ០០០ ដូច​មាន​បង្ហាញ​ក្នុង​ទំព័រ​ខាងក្រោម​។

​សូម​ជម្រាបជូន​ថា ការសិក្សា​ដើម្បី​ធ្វើ​ចំណាត់ថ្នាក់ និង​ផលិត​ផែនទី​ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន​នៃ​តំបន់​ដាំ​ដុះ​ដំណាំ​ស្រូវ​នៅ​កម្ពុជា​ត្រូវបាន​ចាប់ផ្តើម​ក្នុង​ដើម​ទសវត្ស​ឆ្នាំ​៨០ ដោយ​អង្គការ IRRI (International Rice Research Institute)​។ នៅ​ឆ្នាំ​១៩៩៧ គម្រោង​កម្ពុជា​-​អ៊ី​រី​-​អូស្ត្រាលី (The Cambodia-IRRI-Australia Project) ហៅ​កាត់​ថា CIAP បាន​សិក្សា​ធ្វើ​ចំណាត់ថ្នាក់​និង​ផែនទីដី​នៃ​តំបន់​ដាំ​ដុះ​ដំណាំ​ស្រូវ​សំខាន់ៗ ក្នុងប្រទេស​កម្ពុជា តែ​ពុំ​បានធ្វើ​បច្ចុប្បន្នភាព​នៃ​ចំណាត់ថ្នាក់​និង​ផែនទី​ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន​ដំណាំ​ស្រូវ ហើយ​នៅ​ឆ្នាំ​២០១១ វិទ្យាស្ថាន CARDI បាន​ផលិត​ឯកសារ​ស្តីអំពី​ក្សេត្រ​បរិស្ថាន​ដំណាំ​ស្រូវ​នៅ​កម្ពុជា​ជា​ជំហាន​បឋម​ផងដែរ​៕​

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មីនា 2021
ព្រ សុ អា
1234567
891011121314
15161718192021
22232425262728
293031  

អត្ថបទពេញនិយម