Connect with us

កម្សាន្ត

កម្ពុជា រកឃើញ​វត្តមាន​សត្វ​រំពេរ​ទន្លេ ៦៨​ក្បាល កើនឡើង​ទ្វេដង ក្នុង​ដើមឆ្នាំ​២០២១

Published

on

​សត្វ​រំពេរ​ទន្លេ ដែលជា​ប្រភេទ​បក្សី​កម្រ​បំផុត ក្នុងចំណោម​បក្សី​កម្រ​ក្នុង​តំបន់​អាស៊ី​អា​គ្នេ​ហ៍ បាន​កើនឡើង​ទ្វេដង ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ ដែល​កើន​ពី ៣១​ក្បាល ក្នុង​ឆ្នាំ​២០១៦ ដល់ ៦៨​ក្បាល ក្នុង​ដើមឆ្នាំ​២០២១​។​ ក្នុងប្រទេស​កម្ពុជា សត្វ​រំពេរ​ទន្លេ បាន​ធ្លាក់ចុះ ៨០% ក្នុង​រយៈពេល ២០​ឆ្នាំ កន្លងទៅ ដែលមាន​ចំនួន​ប៉ាន់ប្រមាណ​សរុប​ទូទាំងប្រទេស​ចន្លោះ​ពី ៥៤ ដល់ ៦២ ក្បាល ប៉ុណ្ណោះ ក្នុង​ឆ្នាំ​២០១៨​។


កត្តា​គម្រាមកំហែង​ចម្បងៗ​ចំពោះ​ការរស់រាន​របស់​សត្វ​បក្សី​នេះ​រួមមាន​ការយាយី​ដល់ទី​ជម្រក​ធម្មជាតិរ​បស់​វា​បណ្តាលមកពី​ស​កម្ម​ភាព​មនុស្ស ការ​ជន់​លិច​សំបុក ការប្រមូល​យក​ស៊ុត​បក្សី​ដោយ​មនុស្ស និង​ការបំផ្លាញ​សំបុក​សត្វ​ដោយ​សត្វពាហនៈ​និង​សត្វរំពារ​ផ្សេងៗ​។

​ដោយហេតុ​នេះហើយ ទើប​អង្គការ IUCN បាន​ផ្លាស់ប្តូរ​ចំណាត់ថ្នាក់​របស់​បក្សី​នេះ​ក្នុង​បញ្ជី​ក្រហម​នៃ​ប្រភេទ​សត្វ​ទទួលរង​គ្រោះ​របស់ខ្លួន ពី “​ជិត​រងគ្រោះ​” ទៅជា​ប្រភេទ “​ងាយ​រងគ្រោះ​”​។​

​គួរ​បញ្ជាក់ថា ក្រុម​អ្នកវិទ្យាសាស្ត្រ​តាមដាន​សត្វព្រៃ​របស់​អង្គការ WWF បាន​ប្រទះឃើញ​សត្វ​រំពេរ​ទន្លេ​សរុប​ចំនួន ៦៨​ក្បាល ក្នុងអំឡុងពេល​ចាប់ផ្តើម​សិក្សា​ចំនួន​សត្វ​បក្សី នៅតាម​តំបន់​ទន្លេមេគង្គ​រវាង​ខេត្តក្រចេះ ស្ទឹងត្រែង និង​ព្រំប្រទល់​ប្រទេស​ឡាវ ក្នុង​ដើមខែ​កុ​ម្ភះ ឆ្នាំ​២០២១​។

​អ្នកវិទ្យាសាស្ត្រ បានឃើញ​វត្តមាន​របស់​សត្វ​រំពេរ​ទន្លេ​ដ៏​អស្ចារ្យ​ទាំងនេះ កំពុង​ប្រើប្រាស់​ថ្ម​ប៉ប្រះ​ទឹកជា​ទ្រនំ​ដើម្បី​ចាប់​ត្រី ខណៈដែល​សត្វ​រំពេរ​ខ្លះទៀត​កំពុងតែ​ហើរ​ក្រឡឹង​ចុះឡើង​តាម​ឆ្នេរ​ខ្សាច់​ដែលជា​ទីជម្រក​ធម្មជាតិ​របស់​ពួកវា ដើម្បី​បន្ត​ពូជ​។ ខណៈពេល​នេះ រដូវ​បន្ត​ពូជ​របស់​សត្វ​រំពេរ​ទន្លេ​បានចាប់ផ្តើម​ហើយ​។​
​កម្មវិធី​អង្កេត​បក្សី​នេះ ទទួលបាន​ការគាំទ្រ​ថវិកា​របស់​រដ្ឋាភិបាល​ប៊ែ​ល​ហ្សិ​ក (DGD) និង​អង្គការ WWF-​ប៊ែ​ល​ហ្សិ​ក​៕​
 

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មីនា 2021
ព្រ សុ អា
1234567
891011121314
15161718192021
22232425262728
293031  

អត្ថបទពេញនិយម