ខេត្តព្រះសីហនុ៖ កម្មវិធី “ជិះកង់នៃក្ដីស្រឡាញ់” លើកទី១ នៅក្រុងព្រះសីហនុ បានចាប់ផ្ដើមហើយ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការចូលរួមពីកីឡាករ-កីឡាការិនីសរុប ៣៥១នាក់ មកពី ៥ប្រទេស។ ព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ រៀបចំឡើងក្រោមវត្តមានឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ។

ជាមួយការរៀបចំកម្មវិធីជិះកង់លក្ខណៈអាជីព និងកម្សាន្ដលើកដំបូងនេះ ឯកឧត្តមរដ្ឋមន្ដ្រី ថោង ខុន បានចាត់ទុកនេះគឺជាការចាប់ផ្ដើមឡើងវិញ នៃការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ នៅក្រុងព្រះសីហនុ ដែលជាទីក្រុងដ៏ប្រណីត ក្រោយការដាក់ទុនវិនិយោគយ៉ាងច្រើន ដើម្បីផ្សព្វផ្សាយ និងបង្កើនការទាក់ទាញភ្ញៀវទេសចរមកលេងតំបន់ឆ្នេរកម្ពុជាកាន់តែច្រើនថែមទៀត ។
ឯកឧត្តមបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា «ខ្ញុំជឿជាក់ថា ព្រឹត្តិការណ៍ថ្ងៃនេះ ទោះបីនៅតូច តែវាពិតជាបានបង្ហាញនូវការចាប់ផ្តើមសាកល្បងជាបណ្តើរៗ នូវការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍តូចៗ ដែលគោរពអនុវត្តន៍តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ហើយដែលអាចជាការចាប់ផ្តើមនូវការបង្ហាញ និងជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍មួយ ដែលប្រកបដោយសុវត្ថិភាព និងការអភិវឌ្ឍន៍ដ៏ល្អជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ» ។
ទន្ទឹមជាមួយគ្នាឯកឧត្តម គួច ចំរើន ក្នុងនាមម្ចាស់ផ្ទះបានចាត់ទុកព្រឹត្តិការណ៍ជិះកង់នេះ គឺជាការបំផុសចលនាឲ្យប្រជាពលរដ្ឋលេងកីឡា ដើម្បីពង្រឹងសមត្ថភាពផ្លូវកាយ ផ្លូវចិត្ត ដែលការជិះកង់នេះ ធ្វើឲ្យសរសៃសាច់ដុំ ផ្លូវដង្ហើមមានភាពរឹងមាំ និងសុខភាពល្អ ។ លោកថា ទោះបីព្រឹត្តិការណ៍នេះ មិនមែនជាការអភិវឌ្ឍជំនាញកម្រិតខ្ពស់ ប៉ុន្ដែវាជាការបំផុសចលនាកីឡាមួយ ដែលស្របគ្នាជាមួយនឹងយុទ្ធនាការប្រជាជនម្នាក់លេងកីឡាមួយមុខ ដើម្បីដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។
សម្រាប់វិញ្ញាសាប្រកួត នៃព្រឹត្តិការណ៍ «ជិះកង់នៃក្តីស្រឡាញ់» នេះ គឺមាន ៣ រួមមានវិញ្ញាសារ ដែលជិះតាមផ្លូវក្នុងទីក្រុងថ្មី និងតំបន់ឆ្នេរសមុទ្រ នៃក្រុងព្រះសីហនុ។ ចំពោះអ្នកចូលរួម គឺមានពីខេត្តកំពង់ចាម កំពង់ស្ពឺ កណ្ដាល រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ព្រមទាំងជនបរទេស ដូចជាឥណ្ឌា ចិន ថៃ ហ្វីលីពីន និងអង់គ្លេសជាដើម ។
ឆ្លៀតឱកាសនោះ ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានរំលឹកដែលថា នៅក្រុងព្រះសីហនុ កាលពីមួយឆ្នាំមុននៅ ថ្ងៃទី១៣កុម្ភៈ សម្តេចតេជោ ហ៊ុន សែន បានបើកទ្វារអនុញ្ញាតឲ្យនាវាទេសចរណ៍ដ៏ធំ WESTERDAM បានចូលចតដោយសុវត្ថិភាព ដើម្បីសង្គ្រោះភ្ញៀវទេសចរអន្តរជាតិ ច្រើនជាតិសាសន៍ ជាង ១៤០០នាក់។ កាយវិការប្រកបដោយមនុស្សធម៌ របស់សម្ដេចតេជោ ត្រូវបានពិភពលោកដឹងគុណ និងផ្តល់នូវគុណតម្លៃដ៏ឧត្តុង្គឧត្តមដល់កម្ពុជាថា “កម្ពុជាជាប្រទេសតូច តែបេះដូងទូលាយ” ម្សិលមិញ ប្រទេសអូស្ត្រាលីក៏បានរំលឹកខួប ហើយក្រសួងទេសចរណ៍ក៏បានចេញវីដេអូមួយផ្សព្វផ្សាយផងដែរ៕
