Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ថាមពល​វា​រី​អគ្គិសនី​ឡាវ ១៩៥​មេ​ហ្កា​វ៉ា​ត់ បាន​ភ្ជាប់​មក​ប្រព័ន្ធ​បណ្តាញ​ជាតិ​កម្ពុជា ដោយ​ជោគជ័យ​

ភ្នំពេញ​៖ ថាមពល​វា​រី​អគ្គិសនី​ឡាវ​១៩៥​មេ​ហ្កា​វ៉ា​ត់ ត្រូវបាន​ភ្ជាប់​មក​ប្រព័ន្ធ​បណ្តាញ​ជាតិ​កម្ពុជា ដោយ​ជោគជ័យ​ហើយ កាលពី​រសៀល​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០២០​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក កែវ រតនៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា​។​

​សូមបញ្ជាក់ថា ថាមពល​អគ្គិសនី ១៩៥​មេ​ហ្កា​វ៉ា​ត់​នេះ គឺជា​ថាមពល​ស្អាត​ពី​រោងចក្រ​វា​រី​អគ្គិសនី​ដូន​សា​ហុង ក្នុង​ទឹកដី​ឡាវ​។​
​ការតភ្ជាប់​ថាមពល​អគ្គិសនី​ពី​ឡាវ មក​ប្រព័ន្ធ​បណ្តាញ​ជាតិ​កម្ពុជា​នេះ គឺជា​ផ្លែផ្កា​នៃ​ការខិតខំ​របស់​ប្រទេស​ទាំងពីរ តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១៥​។ ដោយ​ខាង​ភាគី​កម្ពុជា បាន​សម្រុក​ធ្វើ​ខ្សែ​បញ្ជូន​ទាំងយប់​ទាំង​ថ្ងៃ ទៅ​ខេត្តស្ទឹងត្រែង និង​ពី​ខេត្តស្ទឹងត្រែង ទៅ​ព្រំដែន​ឡាវ ដើម្បី​ទទួលយក​ថាមពល​នេះ ឲ្យ​បាន​មុន​ផែនការ​ឆ្នាំ​២០២១ ដែល​ចែង​ក្នុង​កិច្ចព្រមព្រៀង​។​

​ជាមួយនឹង​ការតភ្ជាប់​ថាមពល​អគ្គិសនី​១៩៥​មេ​ហ្គា​វ៉ា​ត់​ពី​ប្រទេស​ឡាវ និង​ជាមួយ​ការដាក់​ឲ្យ​ដំណើរការ​ប្រភព​ថាមពល ១៥០​មេ​ហ្គា​វ៉ា​ត់ ដើរ​ដោយ​រោងចក្រ​ធ្យូងថ្ម នៅ​ខេត្ត​ព្រះសីហនុ កាលពី​ខែ​មុននេះ ហើយ​ជាមួយនឹង​វិធានការ​ដទៃទៀត ដែល​អគ្គិសនី​កម្ពុជា បាន​គិតគូរ​រៀបចំឡើង​នេះ គឺអាច​និយាយបានថា នៅ​ឆ្នាំ​២០២០​នេះ កម្ពុជា​នឹង​លែង​ជួប​បញ្ហា​ខ្វះខាត​អគ្គិសនី​ទៀតហើយ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន