អាជ្ញាធរស្រុកស្ទឹងហាវ នៃខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ បានសហការជាមួយតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចុះអនុវត្តនីតិវិធីរុះរើសំណង់ខ្ទម នៅលើទីតាំងដីមានបណ្ណ័សារកម្មសិទ្ធិរបស់អ្នកដទៃ ស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយពលរដ្ឋទាំងនោះបានលួចសង់រំលោភកាន់កាប់ស្នាក់នៅយ៉ាងអនាធិបតេយ្យ។ ខណៈក្នុងអនុវត្តនីតិវិធីនោះ ស្រាប់ តែ ប្រជាពលរដ្ឋជាច្រើននាក់ដែលមានផ្ទះ និងដីនៅតំបន់នោះ បាននាំគ្នាធ្វេីការតវ៉ាប្រឆាំងនឹងការចុះអនុវត្តនេះ ហើយស្នើសុំឲ្យអាជ្ញាធរមានការដោះស្រាយ និងទទួលខុសត្រូវចំពោះការរុះរើបំផ្លាញផ្ទះនិងដំណាំរបស់ខ្លួន។

អាជ្ញាធរខេត្តព្រះសីហនុ និងតំណាងអយ្យការអមសាលាដំបូងខេត្ត បានបញ្ជាក់ថា ខ្ទម និងផ្ទះចំនួន៥៨ខ្នងក្នុងចំណោមផ្ទះប្រមាណជាង៧០ខ្នង និងដំណាំមួយចំនួនផងនោះ ត្រូវបានរុះរើឈូសឆាយចោល ដោយប្រេីប្រាស់ គ្រឿងចក្រអេស្កាវ៉ាទ័រចំនួន៣គ្រឿង ។ ប៉ុន្តែ នៅពេលកំពុងឈូសឆាយ ក៏ត្រូវពលរដ្ឋនាំគ្នាយកដបសាំងគប់បណ្តេញចេញ ដើម្បីបញ្ឈប់សកម្មភាពឈូសឆាយផ្ទះ និងបានស្ទាក់គ្រឿងចាក់ទុក ហេីយព្រមទាំងព្រមានដុតកំទេចចោល បើមិនមានដំណោះស្រាយជូនពួកគាត់។
អាជ្ញាធរថា ទីតាំងខ្ទម និងផ្ទះទាំងនោះ ខ្លះមានម្ចាស់រស់នៅ ខ្លះទៀតបិទទ្វារធ្វេីជាខ្ទមចាំដី និងមានក្បាលដីខ្លះធ្វើរបងហ៊ុំព័ទ្ធទុកចោលយកធ្វេីជាកម្មសិទ្ធផ្ទាល់ខ្លួន។

បេីតាមសម្តីប្រជាជនមួយចំនួន បានអះអាងថា ពួកគាត់បានចូលមកកាប់រានព្រៃយកជាចំណែកតូចៗធ្វើផ្ទះដេីម្បីស្នាក់នៅ ព្រោះតែជីវភាពខ្វះខាត។ ចំណែក អ្នកខ្លះទៀត បានទិញពីគេតៗគ្នា ដោយសារតែមានការអូសទាញរបស់មេខ្យល់ បានលើកហេតុផលថាតំបន់នេះ គឺជាដីរដ្ឋ (គម្របព្រៃឈើ)។
ដោយឡែក បើតាមឯកសារដីនេះមានបណ្ណ័រឹង ចុះហត្ថលេខាដោយ លោក ចេង ស្រុង ប្រធានមន្ទីរសូរិយាដីខេត្តព្រះសីហនុ នៅថ្ងៃ២៩ ខែមករា ឆ្នាំ ២០១៩ មានទំហំ១០០ហិចតាស្មើនឹង២០បណ្ណ័។ ដោយឡែកប្រវត្តិបណ្ណ័នេះ មានឈ្មោះដើម គង់ មាលា ភេទស្រី កើតឆ្នាំ១៩៦២ បានផ្ទេរ(លក់ឡៃឡុង)ឲ្យ ទៅឈ្មោះ ឆៃ ជីងហ៊ាង ។
សូមជម្រាបថា រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹងមករដ្ឋបាលស្រុកស្ទឹងហាវដើម្បីដឹកនាំរៀបចំទីតាំងខាងលេីនេះតាមនីតិវិធី ចំពោះប្រជាពលរដ្ឋដែលបានរំលោភលេីដីកម្មសិទ្ធរបស់គេ ឲ្យរុះរេីចេញផងដែរ ប៉ុន្តែពលរដ្ឋមិនអនុវត្តតាមឡើយនិងនៅតែបន្តសកម្មភាព ទិញ/លក់ តគ្នា សង់ផ្ទះថ្មីៗបន្ថែមដោយគ្មានអាជ្ញាធរដឹងឮនោះទេ៕
