Connect with us

ព័ត៌មានជាតិ

អធិការស្រុកកោះធំ ត្រូវ​កូនចៅក្រោមបង្គាប់ប្តឹងទៅ​សម្តេច​ក្រឡាហោម រឿងប្រព្រឹត្តអំពើពុករលួយ និង​មិនយកចិត្តទុកដាក់បម្រើការងារ

Published

on

អធិការស្រុកកោះធំ លោកវរៈសេនីយ៍ឯក ស៊ីម ឃាង ត្រូវ​បាន​មន្រ្តីនគរបាល​ដែលស្ថិត​នៅក្រោមបង្គាប់ នាំគ្នា​ផ្តិតមេដៃប្តឹងទៅ​កាន់ក្រសួងមហាផ្ទៃ ដោយ​ធ្វើការ​បកអាក្រាត​រឿងពុករលួយបក្ខពួក​និយម និង​មិន​យក​ចិត្ត​ទុកដាក់​បម្រើការងារ ដោយ​រវល់តែដើរផឹកស៊ី។

ពាក្យ​បណ្តឹងបានលើកឡើងថា ចាប់តាំងពីលោក ស៊ីម ឃាង ឡើងកាន់តំណែង​ជា​អធិការស្រុក​កោះធំ ចាប់ពីឆ្នាំ​២០១៧មក គឺលោក​បានធ្វើ​ឲ្យ​មន្រ្តីនគរបាល​នៅ​ក្នុងអធិការដ្ឋានស្រុកកោះធំ​មានការបែកបាក់សាមគ្គីផ្ទៃក្នុង ដោយ​សារតែលោក​ប្រកាន់យកបក្ខពួកនិយម ហើយ​ថែមទាំងអួតអាងថា លោកមានខ្សែខ្នងធំៗ​ចាំជួយ​លោកពីក្រោយទៀត។

តាមពាក្យបណ្តឹងថា មួយថ្ងៃៗលោកអធិការចេះតែដើរផឹកស៊ី ច្រៀងខារ៉ាអូខេ ដោយមិនយកចិត្តទុកដាក់​ក្នុងការងារថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ជូន​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​មូលដ្ឋាន​ឡើយ ជាហេតុធ្វើ​ឲ្យ​កើត​មាន​បទល្មើស​ជាច្រើន​ជាបន្តបន្ទាប់ដូចជា អំពើចោរកម្ម លួច ឆក់ ក្រុមក្មេងទំនើង​ដើរ​បង្ករចលាចល អសន្តិសុខ ព្រមទាំងមានការចែកចាយគ្រឿងញៀនពេញស្រុក ព្រមជាមួយ​នឹង​ល្បែង​ស៊ីសងស្ទើរគ្រប់ប្រភេទ។

ក្នុងនោះដែរ លោកអធិការក៏​បានជម្រិតទារប្រាក់ពីមន្រ្តីណាដែលចង់ឡើងតួនាទី ឡើងសក្តិ, ដើរ​ប្រមូលលុយពី​មុខ​សញ្ញាបើកលេងល្បែងស៊ីសង, បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់ហាង​ផឹកស៊ី និង​ផ្ទះសំណាក់ យក​លុយថ្លៃការពារឲ្យ​ខ្លួន ជាដើម។

ចំពោះ​ទង្វើទាំងនេះ ក្រុមមន្រ្តីក្រោមបង្គាប់ទាំងនោះ បាន​ស្នើ​ដល់​ក្រសួងមហាផ្ទៃ សូម​ជួយពិនិត្យ​មើលផង។

យ៉ាងណាក៏ដោយ ចំពោះការចោទប្រកាន់នេះ យើង​នៅ​មិន​ទាន់អាចទាក់ទងសុំការបំភ្លឺពីលោក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំបាននៅឡើយទេនៅថ្ងៃនេះ៕

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មេសា 2021
ព្រ សុ អា
 1234
567891011
12131415161718
19202122232425
2627282930  

អត្ថបទពេញនិយម