Connect with us

Hi, what are you looking for?

កម្សាន្ត

កម្ពុជា រកឃើញ​វត្តមាន​សត្វ​ឈ្លូស​យក្ស ជា​លើកដំបូង នៅក្នុង​តំបន់ការពារធម្មជាតិ​

សត្វ​«​ឈ្លូស​យក្ស​»​ជា​ភាសា​បច្ចេកទេស Large-antlered muntjac ឬ Giant muntjac (Muntiacus vuquangensis) ដែលជា​ប្រភេទ​សត្វ​រងគ្រោះ​ជិត​ផុត​ពូជ​ខ្លាំង​លើ​ពិភពលោក​នៅក្នុង​បញ្ជី​ក្រហម​របស់ IUCN ត្រូវបាន​រកឃើញ​ជា​លើកដំបូង​នៅក្នុង​តំបន់ការពារធម្មជាតិ​នៃ​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ជិត ៣០​ឆ្នាំ ចាប់តាំងពី​ពេលដែល​អ្នកជំនាញ​បាន​រកឃើញ​លើកដំបូង​នៅ​ឆ្នាំ​១៩៩៤ ក្នុងប្រទេស​វៀតណាម និង​ឡាវ​នៅតាម​ជួរ​ភ្នំ​អាណា​ម​ដែល​លាតសន្ធឹង​ដល់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ភាគ​ឦសាន​ប្រទេស​កម្ពុជា​។

នេះ​គឺជា ការប្រកាស​ឱ្យដឹង​របស់​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២១ នេះ​ដោយ​ឈរលើ​ទិន្នន័យ​រូបភាព​ប្រមូលបាន​ពី​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ដាក់​ដោយ​មន្ត្រី​ក្រសួងបរិស្ថាន ដើម្បី​សិក្សា​ស្រាវជ្រាវ​សត្វព្រៃ​កម្រៗ​នៅក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ភូមិសាស្ត្រ​ខេត្តរតនគិរី ចាប់ពី​ខែមីនា ដល់​ខែឧសភា ឆ្នាំ​២០២១​នេះ​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ នេត្រ ភក្ត្រា បាន​ថ្លែងថា នេះ​គឺជា​ដំណឹង​ដ៏​រីករាយ​បំផុត​សម្រាប់​កម្ពុជា និង​សម្រាប់​ពិភពលោក​ទាំងមូល ដែល​ប្រភេទ​សត្វ​កម្រ​រងគ្រោះ​ជិត​ផុត​ពូជ​ខ្លាំង​បំផុត​នេះ មាន​វត្ត​មាននៅ ក្នុងប្រទេស​កម្ពុជា និង​បាន​ថ្លែង​កោត​សរសេរ​ចំពោះ​ក្រុមមន្ត្រី​ក្រសួងបរិស្ថាន ប្រជា​សហគមន៍​ដែល​បានរួម​គ្នា​ចុះ​សិក្សា​ស្រាវជ្រាវ​ប្រភេទ​សត្វព្រៃ​នៅក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ដែល​បាន​បាន​លះបង់​កម្លាំងកាយ​ចិត្ត​ក្នុង ការធ្វើដំណើរ​ដ៏​លំបាក​ក្នុងព្រៃ​ដើម្បី​បំពេញការងារ​របស់ខ្លួន​។

​ឯកឧត្តម​រដ្ឋលេខាធិកា​របា​ន​ថ្លែងថា​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ​ពិតជា​មានតម្លៃ​បំផុត​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ និង​អ្នក​បរិស្ថាន​ហើយ​ចាំបាច់ យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​ការពារ​និង​អភិរក្ស​ប្រភេទ​សត្វ​ដ៏​កម្រ​នេះ​ឱ្យបាន​គង់វង្ស​ក្នុងព្រៃ​កម្ពុជា​។ ​ឯកឧត្តម​បាន​ថ្លែងថា​ដោយ​ការការពារ​និង​អភិរក្ស​ធន​ធន​ធម្មជាតិ​បានល្អ​ប្រសើរ​ដែលជា​ទីជម្រក កន្លែង​រក​ចំណី និង​ប្រភព ទឹក​ដែលជា​តម្រូវ​ការចាំបាច់​សម្រាប់​ការរស់នៅ​រប​ស់​សត្វព្រៃ យើង​ឃើញ​មាន​វត្តមាន ប្រភេទ​សត្វ​កម្រៗ​ជាច្រើន​ប្រភេទ​ចាប់ផ្តើម​មាន​វត្ត​មាននៅ​ក្នុងព្រៃ​កម្ពុជា​ឡើងវិញ​។ នេះ​គឺជា​លទ្ធផល​ដ៏​វិជ្ជមាន​មួយ នៃ​កិច្ចខិតខំ​ប្រឹងប្រែង​អភិរក្ស​ធនធានធម្មជាតិ​របស់​រាជរដ្ឋាភិបាល​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។

​លោក ពិន ច័ន្ទ​រតនា ប្រធាន​ក្រុមការងារ​ស្រាវជ្រាវ​នៃ​នាយកដ្ឋាន​អភិរក្ស​តំបន់ការពារធម្មជាតិ​ដីគោក​ខាងកើត​ទន្លេមេគង្គ​នៃ​ក្រសួងបរិស្ថាន​ដែល​ដឹកនាំ​ការស្រាវជ្រាវ​ឧបត្ថម​គាំទ្រ​ដោយ​ក្រសួងបរិស្ថាន និង​ការិយាល័យ​ស្រាវជ្រាវ​អភិរក្ស​សត្វព្រៃ (WildCRU) នៃ​សាកលវិទ្យាល័យ Oxford ចក្រភព​អង់គ្លេស បាន​ថ្លែងថា សត្វ​ឈ្លូស​យក្ស​ចូលចិត្ត​រស់នៅក្នុង​ព្រៃស្រោង​និង​ព្រៃ​ពាក់កណ្តាល​ស្រោង​មាន​រយៈកម្ពស់​
​ខ្ពស់ (​រហូតដល់​ជាង ១០០០​ម៉ែត្រ​ពី​នីវ៉ូ​សមុទ្រ​)​។ នៅ​កំឡុង​ទស្សវត្ស​ឆ្នាំ​៩០ ស្នែង​ឈ្លូស​យក្ស​ត្រូវ​បានឃើញ​ដាក់លក់​នៅក្នុង​ភូមិ​ដាច់ស្រយាល​មួយ​នៃ​ខេត្តមណ្ឌលគិរី ប្រទេស​កម្ពុជា ប៉ុន្តែ​មិនដែល​មានការ​រាយការណ៍​ពី​ការ​ឃើញ​ខ្លួន​វា​ដោយផ្ទាល់​នោះទេ​។



លោក​បាន​ថ្លែងថា ឈ្លូស​យក្ស ជា​ប្រភេទ​ឈ្លូស​ដែលមាន​មាឌធំ​ជាងគេ អាចមាន​ទម្ងន់​លើសពី ៣០​គីឡូក្រាម​ក្នុង​មួយ​ក្បាល និង​ស្ថិត​ក្នុងចំណោម​ឈ្លូស​ទាំង​១២​ប្រភេទ​ហើយ​លក្ខណៈ​ខុសគ្នា​រវាង​សត្វ​
​ឈ្លូស​យក្ស​និង​សត្វ​ឈ្លូស​ធម្មតា Northern red muntjact (Muntiacus vaginalis) ដែលមាន​វត្តមាន​ស្ទើរតែ​នៅ​ទូទាំងប្រទេស​កម្ពុជា​យើង ត្រង់ចំណុច​បី​សំខាន់​៖ ទី​១)​ស្នែង​៖ ស្នែង​សត្វ​ឈ្លូស​យក្ស​មាន​ទំហំ​ធំ​ជាង​ស្នែង​សត្វ​ឈ្លូស​ធម្មតា ខ្នែង​ស្នែង​តូច ដុះ​ស្រប ឬក៏​ដុះ​បែក​ងាក​ចេញ​ក្រៅពី​ខ្នែង​មេ ហើយ​គល់​ស្នែង​របស់​ឈ្លូស​យក្ស​ខ្លី​ជាង​គល់​ស្នែង​របស់​ឈ្លូស​ធម្មតា​។ ទី​២) កន្ទុយ​៖ កន្ទុយ​របស់​សត្វ​ឈ្លូស​យក្ស​មាន​ប្រវែង​ខ្លី​ជាង (​ប្រហែល​១/៣) កន្ទុយ​របស់​សត្វ​ឈ្លូស​​ធម្មតា ហើយ​កន្ទុយ​នោះ​មាន​រាង​ត្រីកោណ និង​មាន​ពណ៌​ស​នៅ​ផ្នែក​ខាងក្រោម​។ ទី​៣) ថ្ងាស​របស់​សត្វ​​ឈ្លូស​យក្ស​ញី មាន​ពណ៌​ក្រ​ម៉ៅ (​ស្ទើរតែ​ខ្មៅ​តែម្តង​) ជាង​ថ្ងាស​ឈ្លូស​ធម្មតា​។​

​តាមរយៈ​ការសិក្សា​រកឃើញ​វត្តមាន​សត្វ​ឈ្លូស​យក្ស​នេះ ឯកឧត្តម នេត្រ ភក្ត្រា បាន​ថ្លែងថា​ក្រសួងបរិស្ថាន​នឹង​បញ្ចូល​ប្រភេទ​សត្វ​នេះ​ទៅក្នុង​បញ្ជី​ជីវៈចម្រុះ​ដែលមាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​។ កម្ពុជា​ដែល​តាម​ការបញ្ជា​ក់រប​ស់​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ត្រូវបាន​អ្នក​ជំនាវ​ស្រាវជ្រាវ​ឃើញថា​ជា​ប្រទេស​សម្បូរ​ទៅដោយ​ជីវៈចម្រុះ​ដែល​បានបង្ហាញ​វត្តមាន​ប្រភេទ​ថនិកសត្វ ១២៣ ប្រភេទ សត្វ​ស្លាប ៥៤៥ ប្រភេទ ឧរង្គសត្វ ៨៨ ប្រភេទ រុក្ខជាតិ​តូចៗ (vascular plants) ២៣០៨​ប្រភេទ ត្រី ៨៧៤ ប្រភេទ ផ្កាថ្ម​រឹង​២៤​ប្រភេទ ផ្កាថ្ម​ទន់ ១៤ ប្រភេទ ស្មៅ​សមុទ្រ ១០ ប្រភេទ និង​ថលជលិក ៦៣ ប្រភេទ​។ នៅមាន​វត្តមាន​ប្រភេទ​រុក្ខជាតិ និង​សត្វ​មួយចំនួនទៀត​ដែល​មិនទាន់​សិក្សា​ស្រាវជ្រាវ និង​កំណត់​អត្តសញ្ញាណ​នៅ​ទ្បើ​យ​។ មាន​ប្រភេទ​រុក្ខជាតិ និង​សត្វ​ដែល​បានកំណត់​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្តរជាតិ ដើម្បី​ការអភិរក្ស​ធម្មជាតិ (IUCN) ក្នុង​តារាង​១ ដូចជា​៖ ថនឹក​សត្វ​៣៩​ប្រភេទ សត្វ​ស្លាប​៣៦​ប្រភេទ ឧរង្គសត្វ​១៣​ប្រភេទ រុក្ខជាតិ​តូចៗ (vascular plants) ៣៨​ប្រភេទ និង ថលជលិក​១២​ប្រភេទ ។​

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​អំពាវនាវ​ប្រជាពលរដ្ឋ​ចូលរួម​ការពារ​និង​អភិរក្ស​សត្វព្រៃ​ដែល កម្ពុ​ជាមាន​ជាពិសេស​ប្រភេទ​សត្វ​ពូជ​កម្រៗ​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក​ឱ្យបាន​គង់វង្ស​។ តាម​ការបញ្ជាក់​ឱ្យដឹង​របស់​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន ប្រភេទ​សត្វ​ឈ្លូស​យក្ស​នេះ ត្រូវបាន​ចាត់ជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ​ខ្លាំង (Critically Endangered) នៅក្នុង​បញ្ជី​ក្រហម​របស់ IUCN ហើយ​កត្តា​គំរាម កំហែង​ដល់​សត្វ​ឈ្លូស​យក្ស គឺ​ការ​បរបាញ់​យក​ស្នែង និង​សាច់​។ ដូច្នេះ​យើង​ត្រូវ​និយាយថា​ទេ​ចំពោះ​សាច់សត្វ​ព្រៃ និង​សូមកុំ​បរិភោគ​សាច់សត្វ​ព្រៃ​ដើម្បី​បញ្ឈប់​ការ​បរបាញ់ និង​ការដាក់​អន្ទាក់​សម្លាប់សត្វ​ដោយ​ខុសច្បាប់​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន