Connect with us

Hi, what are you looking for?

កម្សាន្ត

ខ្លា​លឿង​មាស ប្រភេទ​សត្វ​កម្រ​នៅលើ​ពិភពលោក មាន​វត្តមាន​ក្នុង​តំបន់ការពារធម្មជាតិ​

​មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​បានឱ្យដឹងថា​យោងតាម​ទិន្នន័យ​រូបភាព​ដែល​មន្ត្រី​ជំនាញ​ប្រមូលបាន​ពី​ម៉ាស៊ីន​​ថត​ស្វ័យប្រវត្តិ​ពី​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ក្នុង​ខេត្តរតនៈគិរី មាន​វត្តមាន​សត្វ​ខ្លា​លឿង​មាស​ដែលជា​ប្រភេទ​សត្វ​ខ្លា​កម្រ​នៅលើ​ពិភពលោក​។ ខ្លា​លឿង​មាស Asiatic golden cat (Catopuma temminckii) ជា​ប្រភេទ​មំ​សា​សត្វ​មាឌតូច​ស្ថិតក្នុង​ត្រកូល​ខ្លា​ទាំង ៨ ប្រភេទ ដែល​ធ្លាប់មាន​វត្តមាន និង​កំពុង​បន្ត​មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​។ ខ្លា​លឿង​មាស ត្រូវបាន​ចាត់ថ្នាក់​ជា​ប្រភេទ​ជិត​ទទួលរង​គ្រោះ (NT) នៅក្នុង​បញ្ជី​ក្រហម IUCN និង​ចុះ​ក្នុង​បញ្ជី​ឧបសម្ព័ន្ធ​ទី​១ នៃ​អនុសញ្ញា​CITES​។​

​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន បាន​ថ្លែង​នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២១ ថា យោងតាម​ទិន្នន័យ​រូបភាព​និង​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់​មន្ត្រី​ជំនាញ​នៃ​ក្រសួងបរិស្ថាន ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ដែលជា​ឧទ្យាន​បេតិកភណ្ឌ​ធម្មជាតិ អាស៊ាន​ជា​តំបន់​ដែល​សម្បូណ៌​ជីវៈចម្រុះ​ក្នុងនោះ​ប្រភេទ​សត្វព្រៃ​ជាច្រើន​ដែលជា​ប្រភេទ​សត្វ​កម្រ​ត្រូវបាន រក​ថត​បាន​តាមរយៈ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ដែល​ក្រុមការងារ​ស្រាវជ្រាវ​នៃ​នាយកដ្ឋាន​អភិរក្ស​ធម្មជាតិ​ដីគោក​ខាងកើត​ទន្លេ​មេគ​ង្ក​នៃ​ក្រសួងបរិស្ថាន​បានដាក់​រយៈពេល ៣ ខែ​ពី​ខែមីនា​ដល់​ខែឧសភា ឆ្នាំ​២០២១​។​

​បើតាម​លោក ពិន ច័ន្ទ​រតនា ប្រធាន​ក្រុមការងារ​ស្រាវជ្រាវ​នៃ​នាយកដ្ឋាន​អភិរក្ស​ធម្មជាតិ​ដីគោក​ខាងកើត​ទន្លេមេគង្គ ខ្លា​លឿង​មាស​មាន​ទម្ងន់​ប្រមាណ ៩-១៦ គីឡូក្រាម ហើយ​ភាគច្រើន​ស៊ី​ពពួកសត្វ​ដ​ង្កេ​រ (​ដូចជា​កំប្រុក កណ្តុរ កង្ហិច កង្ហែន​) សត្វ​ស្លាប ល្មូ​ន ក្តាន់​ញ៉ែង ពពួក​ពានរ ហើយ​ជួនកាល​សត្វ​ឈ្លូស​ជា​ចំណី​។ ខ្លា​លឿង​មាស​ភាគច្រើន​រស់នៅក្នុង​ព្រៃស្រោង ព្រៃ​ពាក់កណ្តាល​ស្រោង ព្រៃ​ល្បោះ​ចម្រុះ​នៅក្នុង​តំបន់ការពារធម្មជាតិ​មួយចំនួន​នៅ​ភូមិភាគ​ឦសាន ភូមិភាគ​ខាងជើង និង​ភូមិភាគ​និរតី នៃ​ប្រទេស​កម្ពុជា​។ មិនមាន​ការសិក្សា​ស្រាវជ្រាវ​ច្រើន​ទេពី​ប្រភេទ​សត្វ​នេះ​។

​លោក ពិន ច័ន្ទ​រតនា បានឱ្យដឹងថា​តាម​ការសិក្សា​ស្រាវជ្រាវ សត្វ​ត្រកូល​ខ្លា​ទាំង ៨​ប្រភេទ ដែល​ធ្លាប់មាន​វត្តមាន និង​កំពុងមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ខ្លាធំ ឬ​ខ្លាដំបង (Tiger) ខ្លារខិន (Leopard) ខ្លា​ពពក (Clouded leopard) ខ្លាត្រី (Fishing cat) ខ្លា​លឿង​មាស (Asiatic golden cat) ខ្លា​ភ្ញី​ថ្មកែវ (Marbled cat) ឆ្មាព្រៃ (Jungle cat) និង​ឆ្មា​ដាវ (Leopard cat)​។

​ទាក់ទង​នឹង​កិច្ចការ​ស្រាវជ្រាវ​ប្រភេទ​សត្វព្រៃ​ក្នុង​តំបន់ការពារធម្មជាតិ​នេះ ត្រូវបាន​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន​ឱ្យដឹងថា វត្តមាន​ខ្លា​លឿង​មាស​ត្រូវបាន​កត់ត្រា​តិចតួច​បំផុត ព្រោះ​ជា​ប្រភេទ​សត្វ​កម្រ​ក្នុង ចំណោម​ត្រកូល​សត្វ​ខ្លា​ទាំង ៨ ប្រភេទ​។ គេ​ធ្លាប់​ឃើញ​វត្តមាន​សត្វ​ខ្លា​លឿង​មាស​នៅក្នុង ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​ក្នុង​តំបន់​ជួរ​ភ្នំ​ក្រវ៉ា​ញ ហើយ​ចុង​ក្រោយនេះ​គឺ​សត្វ​ខ្លា​លឿង​មាស​ដែលជា​ប្រភេទ​សត្វ​កម្រ​បាន​រកឃើញ​នៅ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ដែល​បង្ហាញថា​សត្វ​ខ្លា​លឿង​មាស​បន្ត មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន បាន​ថ្លែងថា ការសិក្សា​ស្រាវជ្រាវ​ពី​ដើម្បី​ប្រមូលយក​នូវ​ទិន្នន័យ​សំខាន់ៗ​អំពី​វត្តមាន​សត្វព្រៃ និង​ដើម្បី​រៀបចំ​ការបែងចែក​តំបន់​គ្រប់គ្រង​ក្នុង​តំបន់ការពារធម្មជាតិ​។ ឯកឧត្តម នេត្រ ភក្ត្រា បាន​ថ្លែងថា តំបន់​គ្រប់គ្រង​ក្នុង​តំបន់ការពារធម្មជាតិ​មាន ៤​តំបន់ គឺ​តំបន់​ស្នូល តំបន់​អភិរក្ស តំបន់​ប្រើប្រាស់​ដោយ​ចីរភាព និង​តំបន់​សហគមន៍ ហើយ​ការកំណត់​បែងចែក​តំបន់​គ្រប់គ្រង​ក្នុង​តំបន់ការពារធម្មជាតិ ដោយមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ក្នុង​គោលបំណង​កំណត់ឱ្យ​បានច្បាស់លាស់​អំ​ពី​ក្របខ័ណ្ឌ​គតិយុត្ត ការងារ​គ្រប់គ្រង បច្ចេកទេស និង​ផ្អែកលើ​បទពិសោធន៍ និង​ការអនុវត្ត​ល្អៗ​ពី​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់ និង​ពិភពលោក​។

​ទាំងនេះ​សំដៅ​ធានា​ឱ្យបាន​នូវ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​គ្រប់គ្រង​និង​អភិរក្ស​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ​និង​របៀង​អភិរក្ស​ជីវៈចម្រុះ បង្កើន​កម្រិតជីវភាព​របស់​សហគមន៍​មូលដ្ឋាន កាត់បន្ថយ​ការពឹងផ្អែក​អាស្រ័យ​លើ​ផល​ព្រៃឈើ និង​ធានាបាន​នូវ​តុល្យភាព​រវាង​ការ​បំ​ភាយ និង​ការ​ស្រូប​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​វិស័យ​ព្រៃឈើ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន